មានចិត្តរីករាយ ពេលដែលបានដឹងថា សប្បុរសជនម្នាក់បានសាងសង់មជ្ឈមណ្ឌលកុមារកំព្រា សម្រាប់ក្មេងអនាថា។ ខ្ញុំមានចិត្តរំភើប ពេលដែលគាត់បានបរិច្ចាកលុយបន្ថែមទៀត សម្រាប់កុមារកំព្រានោះ ហើយក៏បានយកក្មេងម្នាក់ ក្នុងកុមារកំព្រានោះ មកចិញ្ចឹម។ ក្មេងកំព្រាភាគច្រើនមានការសប្បាយចិត្ត ពេលដែលមានអ្នកឧបត្ថម្ភសម្រាប់ពួកគេផ្ទាល់ៗខ្លួន។ ប៉ុន្តែ តើពួកគេមានអារម្មណ៍យ៉ាងណា ពេលដែលពួកគេដឹងថា អ្នកឧបត្ថម្ភនោះ មិនគ្រាន់តែចង់ជួយពួកគេប៉ុណ្ណោះទេ តែថែមទាំងចង់ទទួលពួកគេ ជាកូនចិញ្ចឹមទៀតនោះ?
បើអ្នកជាកូនព្រះ អ្នកប្រាកដជាស្គាល់អារម្មណ៍នេះ ព្រោះវាបានកើតឡើងចំពោះអ្នករួចហើយ។ យើងមិនអាចរអ៊ូរទាំឡើយ បើសិនជាព្រះគ្រាន់តែស្រឡាញ់យើង ល្មមនឹងចាត់ព្រះរាជបុត្រាទ្រង់ឲ្យយាងចុះមក ដើម្បី “កុំឲ្យយើងត្រូវវិនាសឡើយ តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ សេចក្តីស្រឡាញ់របស់ទ្រង់ត្រង់ចំណុចនេះ គឺលើសពីគ្រប់គ្រាន់សម្រាប់យើង តែមិនទាន់គ្រប់គ្រាន់សម្រាប់ទ្រង់ឡើយ។ ដ្បិតទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់មក មិនគ្រាន់តែដើម្បីលោះយើងឲ្យរួចពីបាបឡើយ ប៉ុន្តែ ក៏ដើម្បីឲ្យយើងបានធ្វើជាកូនចិញ្ចឹមរបស់ទ្រង់ផងដែរ(កាឡាទី ៤:៤-៥)។
សាវ័កប៉ុលបានហៅយើងថា “កូន” ព្រោះនៅសម័យគាត់ ជាធម្មតា កូនជាអ្នកទទួលមរតកពីឪពុក។ ត្រង់ចំណុចនេះ គាត់ចង់បង្ហាញថា មនុស្សម្នាក់ៗទំាងប្រុសទាំងស្រី ដែលបានទទួលជឿព្រះយេស៊ូវ គឺបានក្លាយជាកូនព្រះ ដែលមានសិទ្ធិពេញលេញ និងស្មើគ្នា ដើម្បីទទួលមរតករបស់ព្រះជាម្ចាស់(ខ.៧)។
ព្រះជាម្ចាស់មិនគ្រាន់តែចង់សង្រ្គោះអ្នកប៉ុណ្ណោះឡើយ។ ទ្រង់ក៏ចង់ទទួលអ្នក ធ្វើជាកូនចិញ្ចឹមរបស់ទ្រង់ផងដែរ។ ទ្រង់បានទទួលចិញ្ចឹមអ្នក ក្នុងមហាគ្រួសាររបស់ទ្រង់ ដោយទ្រង់បានប្រទានព្រះនាមទ្រង់មកអ្នក(វិវរណៈ ៣:១២) ហើយក៏បានហៅអ្នកថា កូនទ្រង់ ដោយមោទនភាព។ គ្មាននរណាស្រឡាញ់អ្នក ខ្លាំងជាងទ្រង់ឡើយ។ អ្នកមិនគ្រាន់តែបានទទួលព្រះពរពីព្រះជាម្ចាស់ប៉ុណ្ណោះឡើយ។ អ្នកជាកូនរបស់ព្រះ ដែលទ្រង់ជាព្រះវរបិតា ដែលស្រឡាញ់អ្នក។—MIKE WITTMER