តើ​ខ្ញុំ​ជា​នរណា?  នេះ​ជា​សំណួរ​របស់​តួរ​តុក្កតា​រូប​សត្វ​ដែល​គេ​ញាត់​គរ ពី​ខាង​ក្នុង ក្នុង​សៀវ​ភៅ​រឿង​កុមារ ដែលមានចំណង​ជើង​ថា ឥត​ប្រយោជន៍ ​ ដែល​លោក​មីគ អ៊ីងភែន(Mick Inkpen) បាន​និពន្ធ។ ក្នុង​រឿង​នេះ តុក្កតា​នេះ​មាន​សភាព​ចាស់ សាក​ពណ៌ ត្រូវ​គេ​យក​វា​ទៅ​ទុក​ចោល នៅ​កៀន​ជ្រុង​បន្ទប់​តូច​ក្រោម​ដំបូល​ផ្ទះ​។ អ្នក​ស៊ី​ឈ្នួល​រើ​ផ្ទះ​បាន​ឡើង​ទៅ​ជញ្ជូន​ឥវ៉ាន់​ចេញ​ពី​ក្នុង​បន្ទប់​នោះ ហើយ​ក៏​បាន​ឃើញ​វា។ គាត់​ក៏​បាន​លាន់​មាត់​ថា “ឥត​ប្រយោជន៍” ហើយ​វាក៏​បាន​គិត​ថា វា​មាន​ឈ្មោះ “ឥត​ប្រយោជន៍”។

ពេល​វា​បាន​ជួប​តុក្កតា​រូប​សត្វ​ដទៃ​ទៀត វា​ក៏​បាន​នឹក​ចាំ​ថា កាល​ពី​មុន វា​មាន​កន្ទុយ និង​ព្រុយ​នៅ​លើ​មុខ ហើយ​មាន​ពណ៌​បង្កង់​ៗ​ផង​ដែរ។  ប៉ុន្តែ ក្រោយ​មក ពេល​វា​បាន​ជួប​ស​ត្វឆ្មា​សម្បុរ​ប្រផេះ​លាយ​ត្មោត ដែល​បាន​ជួយ​នាំ​វា​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក៏​បាន​នឹក​ឃើញ​អត្ត​សញ្ញាណ​ដ៏​ពិត​របស់​វា ដែល​ជា​តុក្កតា​រូប​ឆ្មា​ញាត់​គរ ដែល​មាន​ឈ្មោះ​ថា ថូប៊ី(Toby)។ ម្ចាស់​របស់​វា ក៏​បាន​ជួស​ជុល​វា​ឡើង​វិញ ដោយ​សេចក្តី​ស្រឡាញ់ ដោយ​ដេរ​ត្រចៀក កន្ទុយ ព្រុយ និង​ពណ៌បង្កង់​ៗ​ឲ្យ​វា។

ពេល​ណា​ខ្ញុំ​បាន​អាន​សៀវភៅ​រឿង​នេះ ខ្ញុំ​បាន​គិត​អំពី​អត្ត​សញ្ញាណ​របស់​ខ្លួន​ឯង។ តើ​ខ្ញុំ​ជា​នរណា?  ពេល​ដែល​សាវ័ក​យ៉ូហាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​កាន់​អ្នក​ជឿ​ព្រះ​ទាំង​ឡាយ គាត់​បាន​និយាយ​ថា ព្រះ​ជា​ម្ចាស់​បាន​ហៅ​យើង​ថា កូន​របស់​ទ្រង់(១យ៉ូហាន ៣:១)។ យើង​មិន​យល់ អំពី​អត្ត​សញ្ញាណ​នេះ ឲ្យ​បាន​មួយ​រយ​ភាគ​រយ​ទេ ប៉ុន្តែ ពេល​ដែល​យើង​បាន​ឃើញ​ព្រះ​យេស៊ូវ​យាង​មក​វិញ យើង​នឹង​បាន​ដូច​ជា​ទ្រង់​(ខ.២)។ ថ្ងៃ​ណា​មួយ ព្រះ​អង្គ​នឹង​ស្អាង​យើង​ឡើង ឲ្យ​មាន​អត្ត​សញ្ញាណ ដែល​ព្រះ​អង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​តាំង​ពីរ​ដើម តែ​បាន​ខូច​ដោយ​សារ​អំពើ​បាប។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ យើង​អាច​យល់​ដឹង​ខ្លះ​ៗ អំពី​អត្ត​សញ្ញាណ​នេះ ហើយ​យើង​អាច​ស្គាល់​រូប​ភាព​របស់​ព្រះ ដែល​បាន​បង្ហាញ​ចេញ​មក ​នៅ​ក្នុង​គ្រីស្ទ​បរិស័ទ​ម្នាក់​ៗ។ ប៉ុន្តែ ថ្ងៃ​ណា​មួយ ពេល​យើង​បាន​ជួប​ព្រះ​យេស៊ូវ ព្រះអង្គ​នឹង​ស្អាង​យើង​ឡើង ឲ្យ​មាន​អត្ត​សញ្ញាណ​នេះ​ទាំង​ស្រុង ដូច​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន តាំង​ពី​ដំបូង។ ព្រះ​អង្គ​នឹង​ធ្វើ​ឲ្យ​យើង​ថ្មី​ឡើង។—AMY PETERSON