តើខ្ញុំជានរណា? នេះជាសំណួររបស់តួរតុក្កតារូបសត្វដែលគេញាត់គរ ពីខាងក្នុង ក្នុងសៀវភៅរឿងកុមារ ដែលមានចំណងជើងថា ឥតប្រយោជន៍ ដែលលោកមីគ អ៊ីងភែន(Mick Inkpen) បាននិពន្ធ។ ក្នុងរឿងនេះ តុក្កតានេះមានសភាពចាស់ សាកពណ៌ ត្រូវគេយកវាទៅទុកចោល នៅកៀនជ្រុងបន្ទប់តូចក្រោមដំបូលផ្ទះ។ អ្នកស៊ីឈ្នួលរើផ្ទះបានឡើងទៅជញ្ជូនឥវ៉ាន់ចេញពីក្នុងបន្ទប់នោះ ហើយក៏បានឃើញវា។ គាត់ក៏បានលាន់មាត់ថា “ឥតប្រយោជន៍” ហើយវាក៏បានគិតថា វាមានឈ្មោះ “ឥតប្រយោជន៍”។
ពេលវាបានជួបតុក្កតារូបសត្វដទៃទៀត វាក៏បាននឹកចាំថា កាលពីមុន វាមានកន្ទុយ និងព្រុយនៅលើមុខ ហើយមានពណ៌បង្កង់ៗផងដែរ។ ប៉ុន្តែ ក្រោយមក ពេលវាបានជួបសត្វឆ្មាសម្បុរប្រផេះលាយត្មោត ដែលបានជួយនាំវាត្រឡប់ទៅផ្ទះវិញ ហើយក៏បាននឹកឃើញអត្តសញ្ញាណដ៏ពិតរបស់វា ដែលជាតុក្កតារូបឆ្មាញាត់គរ ដែលមានឈ្មោះថា ថូប៊ី(Toby)។ ម្ចាស់របស់វា ក៏បានជួសជុលវាឡើងវិញ ដោយសេចក្តីស្រឡាញ់ ដោយដេរត្រចៀក កន្ទុយ ព្រុយ និងពណ៌បង្កង់ៗឲ្យវា។
ពេលណាខ្ញុំបានអានសៀវភៅរឿងនេះ ខ្ញុំបានគិតអំពីអត្តសញ្ញាណរបស់ខ្លួនឯង។ តើខ្ញុំជានរណា? ពេលដែលសាវ័កយ៉ូហានសរសេរសំបុត្រផ្ញើទៅកាន់អ្នកជឿព្រះទាំងឡាយ គាត់បាននិយាយថា ព្រះជាម្ចាស់បានហៅយើងថា កូនរបស់ទ្រង់(១យ៉ូហាន ៣:១)។ យើងមិនយល់ អំពីអត្តសញ្ញាណនេះ ឲ្យបានមួយរយភាគរយទេ ប៉ុន្តែ ពេលដែលយើងបានឃើញព្រះយេស៊ូវយាងមកវិញ យើងនឹងបានដូចជាទ្រង់(ខ.២)។ ថ្ងៃណាមួយ ព្រះអង្គនឹងស្អាងយើងឡើង ឲ្យមានអត្តសញ្ញាណ ដែលព្រះអង្គសព្វព្រះទ័យឲ្យយើងមានតាំងពីរដើម តែបានខូចដោយសារអំពើបាប។ ក្នុងពេលបច្ចុប្បន្ននេះ យើងអាចយល់ដឹងខ្លះៗ អំពីអត្តសញ្ញាណនេះ ហើយយើងអាចស្គាល់រូបភាពរបស់ព្រះ ដែលបានបង្ហាញចេញមក នៅក្នុងគ្រីស្ទបរិស័ទម្នាក់ៗ។ ប៉ុន្តែ ថ្ងៃណាមួយ ពេលយើងបានជួបព្រះយេស៊ូវ ព្រះអង្គនឹងស្អាងយើងឡើង ឲ្យមានអត្តសញ្ញាណនេះទាំងស្រុង ដូចដែលព្រះអង្គសព្វព្រះទ័យឲ្យយើងមាន តាំងពីដំបូង។ ព្រះអង្គនឹងធ្វើឲ្យយើងថ្មីឡើង។—AMY PETERSON