មាន​ពេល​មួយ ខ្ញុំ​និង​មិត្ត​រួម​ការងារ​របស់​ខ្ញុំ បាន​ចុះ​បេសក​កម្ម នៅ​កន្លែង ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៤០០​គីឡូ​ម៉ែត្រ ហើយ​យើង​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ពេល​យប់​ជ្រៅ។ ដោយសារ​រូប​កាយ និង​ភែ្នក​របស់ខ្ញុំ មាន​វ័យ​កាន់​តែ​ចាស់ នោះ​ខ្ញុំ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​បើក​បរ​ពេល​យប់។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ យើង​ក៏​បាន​ដាក់​វេណ​គ្នា បើក​ឡាន​ម្តង​ម្នាក់ ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បើក​បរ​មុន។ ដៃ​ខ្ញុំ​ក៏​បាន​កាន់​ចង្កូច​ជាប់ ហើយ​ភ្នែក​របស់​ខ្ញុំបាន​ខំ​មើល​ទៅ​ផ្លូវ ដែល​មាន​ពន្លឺ​ភ្លឺ​ភ្លើង​បំភ្លឺ​មិន​សូវ​ច្បាស់។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​បើក​បរ ខ្ញុំក៏​បាន​សង្កេត​ឃើញ​ថា ខ្ញុំ​អាច​មើល​ឃើញ​ផ្លូវ​កាន់​តែ​ច្បាស់ ពេល​ដែល​ឡាន​ដែល​បើក​នៅ​ខាង​ក្រោយ​ខ្ញុំ​បាញ់​ពន្លឺ​ទៅ​រក​ផ្លូវ​ដែល​នៅ​ខាង​មុខ​។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ធូរ​ស្បើយ​ជាង​មុន ពេល​មិត្ត​រួម​ការងារ​របស់​ខ្ញុំ ដល់​វេណ​ដែល​ត្រូវ​បើក​បរ​ជំនួស​ខ្ញុំ។ គឺ​នៅ​ពេលនោះ​ហើយ ដែល​ខ្ញុំ​បាន​រក​ឃើញ​ថា តាម​ពិត ខ្ញុំ​ពិបាក​មើល​ផ្លូវ គឺ​ដោយ​សារ​ខ្ញុំ​បាន​បើក​ភ្លើង​សម្រាប់​បញ្ចាំង​ពេល​មាន​អ័ព្ទ តែ​បែរ​ជា​មិន​បាន​បើក​ភ្លើង​ហ្វា ដើម្បី​បំភ្លឺ​ផ្លូវ។

បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក ១៩៩ គឺជា​ការ​តែង​និពន្ធ​ដ៏​ប៉ិន​ប្រសប់ របស់​មនុស្ស​ម្នាក់​ដែល​បាន​ដឹង​ថា ព្រះ​បន្ទូល​ព្រះបាន​ប្រទាន​ឲ្យ​យើង​មាន​ពន្លឺ សម្រាប់​ការ​រស់​នៅ ជា​រៀង​រាល់​ថ្ងៃ(ខ.១០៥)។ ប៉ុន្តែ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​ស្រពិច​ស្រពិល ដូច​ការ​បើក​បរ​របស់​ខ្ញុំ នៅ​តាម​ផ្លូវ​ជាតិ នៅ​យប់​នោះ? យើង​ព្យាយាម​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់ ហើយ​ជួន​កាល យើង​បាន​វង្វេង​ចេញ​ពី​ផ្លូវ​ដ៏​ល្អ​បំផុត ដោយ​សារ​យើង​ភ្លេច​ប្រើ​ពន្លឺ​នៃ​ព្រះ​បន្ទូល​ព្រះ​ជា​ម្ចាស់។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១១៩ បាន​លើក​ទឹក​ចិត្ត​យើង “​ឲ្យ​ប្រើ​ពន្លឺ​របស់​ព្រះ​អង្គ”។ តើ​មាន​អ្វី​កើត​ឡើង ពេល​ដែល​យើង​ប្រើ​ពន្លឺ​របស់​ព្រះ​អង្គ? យើង​នឹង​រក​ឃើញ​ប្រាជ្ញា ដែល​ជួយ​ឲ្យ​យើង​មាន​សេចក្តី​បរិសុទ្ធ(ខ.៩-១១) យើង​នឹង​រក​ឃើញ​ការ​បណ្តាល​ចិត្ត និង​ការ​លើក​ទឹក​ចិត្ត​ថ្មី​ៗ ​ឲ្យ​ជៀស​វាង​ការ​ដើរ​ផ្លូវ​ខុស(ខ.១0១-១០២)។  នៅ​ពេល​ដែល​យើង​រស់​នៅ ដោយមាន​ពន្លឺ​ភ្លឺ​ឡើង យើង​អាច​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ ដូច​អ្នក​និពន្ធ​ទំនុក​ដំកើង​ថា “ឱ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូលបង្គំ​រំពឹង​គិត​ពី​ក្រឹត្យវិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ”(ខ.៩៧)។—ARTHUR JACKSON