មានពេលមួយ ខ្ញុំនិងមិត្តរួមការងាររបស់ខ្ញុំ បានចុះបេសកកម្ម នៅកន្លែង ដែលស្ថិតនៅចម្ងាយប្រហែល៤០០គីឡូម៉ែត្រ ហើយយើងក៏បានចាប់ផ្តើមធ្វើដំណើរត្រឡប់មកផ្ទះវិញ នៅពេលយប់ជ្រៅ។ ដោយសាររូបកាយ និងភែ្នករបស់ខ្ញុំ មានវ័យកាន់តែចាស់ នោះខ្ញុំមានការពិបាក នៅក្នុងការបើកបរពេលយប់។ ទោះជាយ៉ាងណាក៏ដោយ យើងក៏បានដាក់វេណគ្នា បើកឡានម្តងម្នាក់ ហើយខ្ញុំបានសម្រេចចិត្តបើកបរមុន។ ដៃខ្ញុំក៏បានកាន់ចង្កូចជាប់ ហើយភ្នែករបស់ខ្ញុំបានខំមើលទៅផ្លូវ ដែលមានពន្លឺភ្លឺភ្លើងបំភ្លឺមិនសូវច្បាស់។ ខណៈពេលដែលខ្ញុំកំពុងតែបើកបរ ខ្ញុំក៏បានសង្កេតឃើញថា ខ្ញុំអាចមើលឃើញផ្លូវកាន់តែច្បាស់ ពេលដែលឡានដែលបើកនៅខាងក្រោយខ្ញុំបាញ់ពន្លឺទៅរកផ្លូវដែលនៅខាងមុខ។ ខ្ញុំក៏មានអារម្មណ៍ធូរស្បើយជាងមុន ពេលមិត្តរួមការងាររបស់ខ្ញុំ ដល់វេណដែលត្រូវបើកបរជំនួសខ្ញុំ។ គឺនៅពេលនោះហើយ ដែលខ្ញុំបានរកឃើញថា តាមពិត ខ្ញុំពិបាកមើលផ្លូវ គឺដោយសារខ្ញុំបានបើកភ្លើងសម្រាប់បញ្ចាំងពេលមានអ័ព្ទ តែបែរជាមិនបានបើកភ្លើងហ្វា ដើម្បីបំភ្លឺផ្លូវ។
បទគម្ពីរទំនុកដំកើងជំពូក ១៩៩ គឺជាការតែងនិពន្ធដ៏ប៉ិនប្រសប់ របស់មនុស្សម្នាក់ដែលបានដឹងថា ព្រះបន្ទូលព្រះបានប្រទានឲ្យយើងមានពន្លឺ សម្រាប់ការរស់នៅ ជារៀងរាល់ថ្ងៃ(ខ.១០៥)។ ប៉ុន្តែ តើមានពេលប៉ុន្មានដងហើយ ដែលយើងស្ថិតក្នុងស្ថានភាពដ៏ស្រពិចស្រពិល ដូចការបើកបររបស់ខ្ញុំ នៅតាមផ្លូវជាតិ នៅយប់នោះ? យើងព្យាយាមពិនិត្យមើលឲ្យបានច្បាស់ ហើយជួនកាល យើងបានវង្វេងចេញពីផ្លូវដ៏ល្អបំផុត ដោយសារយើងភ្លេចប្រើពន្លឺនៃព្រះបន្ទូលព្រះជាម្ចាស់។ បទគម្ពីរទំនុកដំកើង ជំពូក១១៩ បានលើកទឹកចិត្តយើង “ឲ្យប្រើពន្លឺរបស់ព្រះអង្គ”។ តើមានអ្វីកើតឡើង ពេលដែលយើងប្រើពន្លឺរបស់ព្រះអង្គ? យើងនឹងរកឃើញប្រាជ្ញា ដែលជួយឲ្យយើងមានសេចក្តីបរិសុទ្ធ(ខ.៩-១១) យើងនឹងរកឃើញការបណ្តាលចិត្ត និងការលើកទឹកចិត្តថ្មីៗ ឲ្យជៀសវាងការដើរផ្លូវខុស(ខ.១0១-១០២)។ នៅពេលដែលយើងរស់នៅ ដោយមានពន្លឺភ្លឺឡើង យើងអាចសរសើរដំកើងព្រះជាម្ចាស់ ដូចអ្នកនិពន្ធទំនុកដំកើងថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះជាដរាបរាល់ថ្ងៃ”(ខ.៩៧)។—ARTHUR JACKSON