កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ មានផ្ទាំងគំនូរចម្លែកៗមួយចំនួន ដែលក្នុងនោះ គេបានគូររូបមនុស្ស ឬសត្វ ដែលមានភ្នែកធំៗ និងកំសត់។ ផ្ទាំងគំនូរប្រភេទនេះក៏បានមានប្រជាប្រិយភាព នៅសម័យនោះ។ អ្នកខ្លះបានចាត់ទុកផ្ទំាងគំនូរទាំងនោះ ជាស្នាដៃសិល្បៈដែលបង្ហាញពីអារម្មណ៍ ឬមានភាពមិនសមរម្យ ខណៈពេលដែលអ្នកខ្លះទៀតបានចូលចិត្តផ្ទាំងគំនូរទាំងនោះ។ អ្នកស្រីម៉ាហ្ការែត ឃីន(Margaret Keane) គឺជាអ្នកគូររូបទាំងនោះ ហើយស្វាមីគាត់បានជួយផ្សព្វផ្សាយស្នាដៃរបស់គាត់ ហើយប្តីប្រពន្ធមួយគូរនេះ ក៏បានប្រែក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនគួរសម។ ប៉ុន្តែ គេមិនបានឃើញហត្ថលេខារបស់អ្នកស្រីម៉ាហ្ការែត ដែលជាវិចិត្រករ នៅលើផ្ទាំងគំនូរទាំងនោះឡើយ។ ផ្ទុយទៅវិញ ស្វាមីរបស់គាត់បែរជាបានបង្ហាញប្រាប់គេថា ផ្ទាំងគំនូរទាំងនេះជាស្នាដៃរបស់ខ្លួនទៅវិញ។ ដោយសារការភ័យខ្លាច អ្នកស្រីម៉ាហ្ការែតក៏បានបន្តនៅស្ងៀម មិនហ៊ានបកអាក្រាតអំពីការក្លែងបន្លំនេះ អស់រយៈពេល២០ឆ្នាំ រហូតដល់ពេលដែលជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានបញ្ចប់។ នៅពេលនោះ តុលាការក៏បានតម្រូវឲ្យអ្នកទាំងពីរ គូររូបដ៏ល្បីល្បាញនោះឡើងវិញ នៅក្នុងបន្ទប់កាត់ក្តីតែម្តង ដើម្បីឲ្យដឹងថា នរណាជាម្ចាស់ស្នាដៃសិល្បៈនោះពិតប្រាកដ។
គេក៏បានដឹងច្បាស់ អំពីអំពើបោកប្រាស់របស់បុរសនោះ ប៉ុន្តែ ក្នុងនាមអ្នកដើរតាមព្រះយេស៊ូវ ពេលខ្លះ យើងក៏ប្រហែលជាលើកសរសើរខ្លួនឯង សម្រាប់អំណោយទាន ដែលយើងមាន ជំនាញផ្នែកដឹកនាំ ដែលយើងបានបង្ហាញចេមក ឬអំពើសប្បុរសដែលយើងបានធ្វើសម្រាប់អ្នកដទៃជាដើម។ ប៉ុន្តែ លក្ខណៈសម្បត្តិទាំងអស់នោះ អាចកើតមាន ដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ក្នុងបទគម្ពីរ យេរេមា ៩ យើងឃើញថា ហោរាយេរេមាបានពោលទំនួញ អំពីការដែលរាស្រ្តរបស់ព្រះខ្វះការបន្ទាបខ្លួន ហើយមិនព្រមប្រែចិត្តចេញពីអំពើបាប។ គាត់ក៏សរសេរថា ព្រះអម្ចាស់មានបន្ទូលថា យើងមិនគួរអួតអាង អំពីប្រាជ្ញា កម្លាំង ឬទ្រព្យសម្បត្តិរបស់យើងទេ តែយើងត្រូវអួតថា យើងបានយល់ និងដឹងថា ព្រះអង្គ “ជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្តីសប្បុរស សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅផែនដី”(ខ.២៤)។
ចិត្តរបស់យើងនឹងពេញដោយការដឹងគុណ ពេលដែលយើងបានស្គាល់អត្តសញ្ញាណនៃព្រះអាទិករ ដែលបានបង្កើតអ្វីៗ ឲ្យមានភាពស្រស់ស្អាត ដោយស្នាព្រះហស្តដ៏ល្អវិចិត្រ។ “គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ”(យ៉ាកុប ១:១៧)។ រាល់ការសរសើរដំកើងទាំងអស់ គឺសម្រាប់ឲ្យយើងថ្វាយ ដល់ព្រះដែលជាអ្នកប្រទានអំណោយដ៏ល្អគ្រប់យ៉ាង។—CINDY HESS KASPER