វែនតា​មីញ៉ូប ដែល​ខ្ញុំ​មាន​ជា​លើក​ទីមួយ បាន​បើក​ភ្នែក​ខ្ញុំ ឲ្យ​មើល​ឃើញ​ពិភព​លោក​ដ៏​ស្រស់​ស្អាត។ ភ្នែក​របស់​ខ្ញុំ​អាច​មើល​ឃើញ​វត្ថុ​ដែល​នៅ​ជិត​ច្បាស់​ល្អ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​ខ្ញុំ​មិន​ប្រើ​វែនតា​ទេ វត្ថុ​ដែល​នៅ​ចុង​ម្ខាង​នៃបន្ទប់ ឬ​នៅ​ឆ្ងាយ​ៗ មាន​សភាព​ព្រាល​ៗ។ កាល​ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ ពេល​ដែល​ខ្ញុំ​បាន​ពាក់​វែនតា​មីញ៉ូប​ជា​លើក​ដំបូង ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​អក្សរ​នៅ​លើ​ក្តាខៀន និង​ស្លឹកឈើ នៅ​លើ​ដើម​ឈើ​ច្បាស់​ជាង​មុន ហើយ​ដែលសំខាន់​បំផុត​នោះ គឺ​បាន​ឃើញ​ស្នាម​ញញឹម​ស្រស់​ច្បាស់​កាន់​តែ​ច្បាស់។

ខ្ញុំ​បាន​ឃើញ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ញញឹម​តប​មក​ខ្ញុំ​វិញ ពេល​ខ្ញុំ​ញញឹម​ដាក់​ពួក​គេ ហើយ​ពេល​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ដែល​ត្រូវ​គេ​មើល​ឃើញ គឺ​ជា​អំណោយ និង​ព្រះ​ពរ​ដ៏​អស្ចារ្យ ដូច​ការ​មើល​ឃើញ​គេ​វិញ​ផង​ដែរ។

នាង​ហាកា​ដែល​ជា​បាវ​បម្រើ បាន​ដឹង​អំពី​រឿង​នេះ ពេល​ដែល​នាង​បាន​រត់​គេច​ពី​ការ​គៀប​សង្កត់ របស់​នាង​សារ៉ាយ​ដែល​ជា​ចៅហ្វាយ​ស្រី។ តាម​វប្បធម៌​នៅ​សម័យ​នោះ នាង​ហាកា​ជា “មនុស្ស​ដែល​គេ​មិន​ឲ្យ​តម្លៃ” ដោយ​នាង​មាន​ផ្ទៃពោះ ហើយ​នៅ​តែ​ម្នាក់​ឯង ខណៈ​ពេល​ដែល​នាង​កំពុង​តែ​រត់​គេច​ទៅ​វាល​រហោ​ស្ថាន ដោយ​គ្មាន​ជំនួយ ឬ​ក្តី​សង្ឃឹម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​ទត​ឃើញ​នាង ហើយ​នាង​ក៏​បាន​ទទួល​អំណាច ឲ្យ​មើល​ឃើញ​ទ្រង់​វិញ​ផង​ដែរ។ ពី​មុន​នាង​ដឹង​ច្បាស់​អំពី​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់​ឡើយ តែ​ពេល​នោះ នាង​ក៏​បាន​ឃើញ​ព្រះ​ជាម្ចាស់​យ៉ាង​ច្បាស់ បាន​ជា​នាង​ហៅ​ព្រះ​នាម​ទ្រង់​ថា អេល រ៉ូអេ ដែល​ប្រែ​មក​ថា“ព្រះ​ដែល​ទត​ឃើញ”នាង។ ហើយ​នាងក៏​បាន​និយាយ​ថា នាង​បាន​ឃើញ​ព្រះ​ដែល​បាន​ទត​ឃើញ​នាង(លោកុប្បត្តិ ១៦:១៣) ។

ព្រះ​ដ៏​ទត​ឃើញ ទ្រង់​ក៏​បាន​ទត​ឃើញ​យើង​ម្នាក់​ៗ​ផង​ដែរ។ តើ​អ្នក​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​យក​ភ្នែក​មើល​អ្នក ឬ​នៅ​ឯកោ ឬ​ក៏​គ្មាន​តម្លៃ​ឬ​ទេ? ព្រះ​ជា​ម្ចាស់​ទត​ឃើញ​អ្នក និង​អនាគត​របស់​អ្នក។ ជា​លទ្ធ​ផល យើង​នឹង​បាន​ឃើញ​សេចក្តី​សង្ឃឹម ការ​លើក​ទឹក​ចិត្ត សេចក្តី​សង្រ្គោះ និង​ក្តី​អំណរ ​ដ៏​ស្ថិត​ស្ថេរ​ នៅ​ក្នុង​ទ្រង់ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ក្នុង​ពេល​អនាគត។ ចូរ​យើង​សរសើរ​ដំកើង​ព្រះ​អង្គ​នៅ​ថ្ងៃ​នេះ សម្រាប់​អំណោយ នៃ​ការ​មើល​ឃើញ​ដ៏​អស្ចារ្យ គឺឃើញ​ព្រះ​ពិត ដែល​មាន​ព្រះ​ជន្ម​រស់។—PATRICIA RAYBON