វែនតាមីញ៉ូប ដែលខ្ញុំមានជាលើកទីមួយ បានបើកភ្នែកខ្ញុំ ឲ្យមើលឃើញពិភពលោកដ៏ស្រស់ស្អាត។ ភ្នែករបស់ខ្ញុំអាចមើលឃើញវត្ថុដែលនៅជិតច្បាស់ល្អ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ បើខ្ញុំមិនប្រើវែនតាទេ វត្ថុដែលនៅចុងម្ខាងនៃបន្ទប់ ឬនៅឆ្ងាយៗ មានសភាពព្រាលៗ។ កាលខ្ញុំមានអាយុ១២ឆ្នាំ ពេលដែលខ្ញុំបានពាក់វែនតាមីញ៉ូបជាលើកដំបូង ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឃើញអក្សរនៅលើក្តាខៀន និងស្លឹកឈើ នៅលើដើមឈើច្បាស់ជាងមុន ហើយដែលសំខាន់បំផុតនោះ គឺបានឃើញស្នាមញញឹមស្រស់ច្បាស់កាន់តែច្បាស់។
ខ្ញុំបានឃើញមិត្តភក្តិរបស់ខ្ញុំញញឹមតបមកខ្ញុំវិញ ពេលខ្ញុំញញឹមដាក់ពួកគេ ហើយពេលនោះ ខ្ញុំក៏បានដឹងថា ការដែលត្រូវគេមើលឃើញ គឺជាអំណោយ និងព្រះពរដ៏អស្ចារ្យ ដូចការមើលឃើញគេវិញផងដែរ។
នាងហាកាដែលជាបាវបម្រើ បានដឹងអំពីរឿងនេះ ពេលដែលនាងបានរត់គេចពីការគៀបសង្កត់ របស់នាងសារ៉ាយដែលជាចៅហ្វាយស្រី។ តាមវប្បធម៌នៅសម័យនោះ នាងហាកាជា “មនុស្សដែលគេមិនឲ្យតម្លៃ” ដោយនាងមានផ្ទៃពោះ ហើយនៅតែម្នាក់ឯង ខណៈពេលដែលនាងកំពុងតែរត់គេចទៅវាលរហោស្ថាន ដោយគ្មានជំនួយ ឬក្តីសង្ឃឹម។ ទោះជាយ៉ាងណាក៏ដោយ នាងក៏បានដឹងថា ព្រះទ្រង់ទតឃើញនាង ហើយនាងក៏បានទទួលអំណាច ឲ្យមើលឃើញទ្រង់វិញផងដែរ។ ពីមុននាងដឹងច្បាស់អំពីព្រះវត្តមានរបស់ព្រះជាម្ចាស់ឡើយ តែពេលនោះ នាងក៏បានឃើញព្រះជាម្ចាស់យ៉ាងច្បាស់ បានជានាងហៅព្រះនាមទ្រង់ថា អេល រ៉ូអេ ដែលប្រែមកថា“ព្រះដែលទតឃើញ”នាង។ ហើយនាងក៏បាននិយាយថា នាងបានឃើញព្រះដែលបានទតឃើញនាង(លោកុប្បត្តិ ១៦:១៣) ។
ព្រះដ៏ទតឃើញ ទ្រង់ក៏បានទតឃើញយើងម្នាក់ៗផងដែរ។ តើអ្នកមានអារម្មណ៍ថា គ្មាននរណាម្នាក់យកភ្នែកមើលអ្នក ឬនៅឯកោ ឬក៏គ្មានតម្លៃឬទេ? ព្រះជាម្ចាស់ទតឃើញអ្នក និងអនាគតរបស់អ្នក។ ជាលទ្ធផល យើងនឹងបានឃើញសេចក្តីសង្ឃឹម ការលើកទឹកចិត្ត សេចក្តីសង្រ្គោះ និងក្តីអំណរ ដ៏ស្ថិតស្ថេរ នៅក្នុងទ្រង់ ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលអនាគត។ ចូរយើងសរសើរដំកើងព្រះអង្គនៅថ្ងៃនេះ សម្រាប់អំណោយ នៃការមើលឃើញដ៏អស្ចារ្យ គឺឃើញព្រះពិត ដែលមានព្រះជន្មរស់។—PATRICIA RAYBON