មាន​សៀវភៅ​រឿង​កុមារ​ជា​ច្រើន ដែល​និយាយ​អំពី​កំណប់។ ប៉ុន្តែ លោក​ហ្វូររេស ហ្វ៊ែន(Forrest Fenn) ដែល​ជា​មហា​សេដ្ឋី​ដ៏​ចម្លែក បាន​អៈ​អាង​ថា ខ្លួន​បាន​ទុក​ប្រអប់​មួយ​ចោល នៅ​កន្លែង​ណា​មួយ នៅ​លើ​ភ្នំ​រក់គី ដែល​ក្នុង​នោះ​មាន​គ្រឿង​អល្ល័ង្កា និង​មាស ដែល​មាន​តម្លៃ​រហូត​ដល់​២​លាន​ដុល្លា។ មនុស្ស​ជា​ច្រើន​បាន​ទៅ​រក​មើល​ប្រអប់​នោះ។ តាម​ពិត​ទៅ មាន​មនុស្ស​បួន​នាក់ ដែល​បាន​បាត់​បង់​ជីវិត នៅ​ក្នុង​ការ​ព្យាយាម​ស្វែង​រក​កំណប់​នោះ។

អ្នក​និពន្ធ​បទ​គម្ពីរ​សុភាសិត​បាន​ប្រាប់​យើង អំពី​មូល​ហេតុ ដែល​យើង​ត្រូវ​ឈប់​បង្អង់ ហើយ​គិត​ថា តើ​មាន​ទ្រព្យ​សម្បត្តិ​អ្វី ដែល​សក្តិ​សម​នឹង​ឲ្យ​យើង​ស្វែង​រក? ក្នុង​បទ​គម្ពីរ​សុភាសិត ជំពូក​៤ បុរស​ជា​ឪពុក​បាន​សរសេរ​សំបុត្រ​ផ្ញើទៅ​កូន​ប្រុស​របស់​គាត់​ទាំង​ប៉ុន្មាន ឲ្យ​រស់​នៅ​ឲ្យ​បាន​ល្អ ដោយ​ប្រាប់​ពួក​គេ​ថា ប្រាជ្ញា ឬ​យោបល គឺ​ជា​កំណប់​ទ្រព្យដែល​សក្តិ​សម​នឹង​ឲ្យ​ពួក​គេ​ស្វែង​រក ឲ្យ​ខាន​តែ​បាន(ខ.៧)។ គាត់​មាន​ប្រសាសន៍​ថា ប្រាជ្ញា​នឹង​ជួយ​នាំ​ផ្លូវ​យើង​ក្នុងការ​រស់​នៅ ការ​ពារ​យើង​ ហើយ​ក៏​ជួយ​យើង​មិន​ឲ្យ​ជំពប់​ដួល(ខ.៨-១២)។

ជា​ច្រើន​រយ​ឆ្នាំ​ក្រោយ​មក លោក​យ៉ាកុប ដែល​ជា​សាវ័ក​របស់​ព្រះ​យេស៊ូវ ក៏​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់​នៃ​ប្រាជ្ញា ក្នុង​សំបុត្រ​របស់​គាត់​ផង​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្តី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្តី​មេត្តាករុណា និង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង”(យ៉ាកុប ៣:១៧)។ ពេល​ដែល​យើង​ស្វែង​រក​ប្រាជ្ញា យើង​នឹង​រក​ឃើញ​ថា អ្វី​ៗ​គ្រប់​យ៉ាង​មាន​ភាព​រីក​ចម្រើន ក្នុង​ជីវិត​យើង។

ដើម្បី​ស្វែង​រក​ប្រាជ្ញា យើង​ត្រូវ​ស្វែង​រក​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​ជា​ប្រភព​នៃ​ប្រាជ្ញា និង​ការ​យល់​ដឹង​គ្រប់​យ៉ាង។ ហើយ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ គឺ​មាន​តម្លៃ​លើស​កំណប់​ទ្រព្យ ដែល​យើង​នឹក​ស្រមៃ​ចង់​បាន។—AMY PETERSON