មានសៀវភៅរឿងកុមារជាច្រើន ដែលនិយាយអំពីកំណប់។ ប៉ុន្តែ លោកហ្វូររេស ហ្វ៊ែន(Forrest Fenn) ដែលជាមហាសេដ្ឋីដ៏ចម្លែក បានអៈអាងថា ខ្លួនបានទុកប្រអប់មួយចោល នៅកន្លែងណាមួយ នៅលើភ្នំរក់គី ដែលក្នុងនោះមានគ្រឿងអល្ល័ង្កា និងមាស ដែលមានតម្លៃរហូតដល់២លានដុល្លា។ មនុស្សជាច្រើនបានទៅរកមើលប្រអប់នោះ។ តាមពិតទៅ មានមនុស្សបួននាក់ ដែលបានបាត់បង់ជីវិត នៅក្នុងការព្យាយាមស្វែងរកកំណប់នោះ។
អ្នកនិពន្ធបទគម្ពីរសុភាសិតបានប្រាប់យើង អំពីមូលហេតុ ដែលយើងត្រូវឈប់បង្អង់ ហើយគិតថា តើមានទ្រព្យសម្បត្តិអ្វី ដែលសក្តិសមនឹងឲ្យយើងស្វែងរក? ក្នុងបទគម្ពីរសុភាសិត ជំពូក៤ បុរសជាឪពុកបានសរសេរសំបុត្រផ្ញើទៅកូនប្រុសរបស់គាត់ទាំងប៉ុន្មាន ឲ្យរស់នៅឲ្យបានល្អ ដោយប្រាប់ពួកគេថា ប្រាជ្ញា ឬយោបល គឺជាកំណប់ទ្រព្យដែលសក្តិសមនឹងឲ្យពួកគេស្វែងរក ឲ្យខានតែបាន(ខ.៧)។ គាត់មានប្រសាសន៍ថា ប្រាជ្ញានឹងជួយនាំផ្លូវយើងក្នុងការរស់នៅ ការពារយើង ហើយក៏ជួយយើងមិនឲ្យជំពប់ដួល(ខ.៨-១២)។
ជាច្រើនរយឆ្នាំក្រោយមក លោកយ៉ាកុប ដែលជាសាវ័ករបស់ព្រះយេស៊ូវ ក៏បាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃប្រាជ្ញា ក្នុងសំបុត្ររបស់គាត់ផងដែរ។ គឺដូចដែលគាត់បានសរសេរថា “ប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តាករុណា និងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង”(យ៉ាកុប ៣:១៧)។ ពេលដែលយើងស្វែងរកប្រាជ្ញា យើងនឹងរកឃើញថា អ្វីៗគ្រប់យ៉ាងមានភាពរីកចម្រើន ក្នុងជីវិតយើង។
ដើម្បីស្វែងរកប្រាជ្ញា យើងត្រូវស្វែងរកព្រះជាម្ចាស់ ដែលទ្រង់ជាប្រភពនៃប្រាជ្ញា និងការយល់ដឹងគ្រប់យ៉ាង។ ហើយប្រាជ្ញាដែលមកពីស្ថានលើ គឺមានតម្លៃលើសកំណប់ទ្រព្យ ដែលយើងនឹកស្រមៃចង់បាន។—AMY PETERSON