មាន​ពេល​មួយ​អ្នក​ស្រី​ស៊ូ ហ្វេន(Siu Fen)​បាន​ទៅ​ពិនិត្យ​សុខ​ភាព រក​ឃើញ​ថា គាត់​មាន​ជម្ងឺ​ខូច​តម្រង​នោម ហើយ​ត្រូវ​ទៅ​លាង​ឈាម​ជា​ប្រចាំ អស់​មួយ​ជីវិត។ ពេល​នោះ គាត់​ចង់​បោះ​បង់​ចោល​ការ​ព្យាបាល។ ដោយសារ​គាត់​ចូល​និវត្តន៍ ហើយ​នៅ​លីវ និង​ជា​អ្នក​ជឿ​ព្រះ តាំង​ពី​យូរ​មក​ហើយ គាត់​ក៏​បាន​គិត​ថា គាត់​មិន​ត្រូវ​ការ​ពន្យា​ជីវិត​ទេ។ ប៉ុន្តែ មិត្ត​ភក្តិ​របស់​គាត់​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​បន្ត​តស៊ូ ហើយ​ទៅ​លាង​ឈាម​ឲ្យ​ទៀត​ទាត់ ដោយ​ទុក​ចិត្ត​ថា ព្រះ​ជា​ម្ចាស់​នឹង​ជួយ​គាត់។

ពីរ​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​ប្រើ​បទ​ពិសោធន៍​របស់​គាត់​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដទៃ នៅ​ពេល​ដែល​គាត់​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​ម្នាក់​ ដែល​ទៅ​ថ្វាយ​បង្គំ​នៅ​ព្រះ​វិហារ​ជា​មួយ​គាត់។ ស្រ្តី​នោះ​មាន​ជម្ងឺ​ចុះ​ខ្សោយ​កម្លាំង ហើយ​មានអារម្មណ៍​ឯ​កោ ដោយ​សារ​មាន​មនុស្ស​តិច​ណាស់ ដែល​ពិត​ជា​អាច​យល់​ អំពី​ការ​អ្វី​ដែល​នាង​កំពុង​ឆ្លង​កាត់។ ប៉ុន្តែ អ្នក​ស្រី​ស៊ូ ហ្វ៊ែន អាច​យល់​អំពី​ការ​ឈឺ​ចាប់ ក្នុង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍​របស់​គាត់​ ហើយ​អាច​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ជា​មួយ​គាត់​ផង​ដែរ។ បទ​ពិសោធន៍​របស់​អ្នក​ស្រី​ស៊ូ ហ្វ៊ែន បាន​ជួយ​ឲ្យ​គាត់​អាច​រួម​ដំណើរ​ជា​មួយ​ស្រ្តី​នោះ ហើយ​ធ្វើ​ឲ្យ​គាត់​អាច​ផ្តល់​ឲ្យ​ការ​កម្សាន្ត​ចិត្ត​ជា​ច្រើន ដែល​មនុស្ស​ជា​ច្រើន​មិន​អាច​ផ្តល់​ឲ្យ​បាន។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា ពេល​នេះ គាត់​ដឹង​ហើយ​ថា ព្រះ​ទ្រង់​នៅ​តែ​អាច​ប្រើ​គាត់។

យើង​អាច​ពិបាក​យល់​អំពី​មូល​ហេតុ ដែល​យើង​មាន​ការ​ឈឺ​ចាប់។ តែ​ព្រះ​ជា​ម្ចាស់​អាច​ប្រើ​ទុក្ខ​លំបាក​របស់​យើង តាម​របៀប​ដែល​យើង​មិន​នឹក​ស្មាន​ដល់។ ពេល​ដែល​យើង​ងាក​ទៅ​រក​ទ្រង់ ដើម្បី​ទទួល​ការ​កម្សាន្ត​ចិត្ត និង​សេចក្តី​ស្រឡាញ់ ក្នុង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក ទ្រង់​នឹង​ចម្រើន​កម្លាំង​យើង ឲ្យ​អាច​ជួយ​អ្នក​ដទៃ។ ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល​បាន​មើល​ឃើញ​បំណង​ព្រះ​ទ័យ​ព្រះ នៅ​ក្នុង​ទុក្ខ​លំបាក​របស់​គាត់។ គឺ​គាត់​អាច​ដឹង​ថា ទុក្ខ​លំបាក​គឺ​ជា​ឱកាស សម្រាប់​ទទួល​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះ ដែល​គាត់​អាច​ប្រើ​ការ​កម្សាន្ត​ចិត្ត​នោះ​ដើម្បី​ជួយ​អ្នក​ដទៃ​(២កូរិនថូស ១:៣-៥)។ ព្រះ​ទ្រង់​មិន​បាន​ប្រាប់​យើង ឲ្យ​បដិសេធ​ការ​ឈឺ​ចាប់ និង​ទុក្ខ​ព្រួយ​របស់​យើង​ទេ ប៉ុន្តែ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ជា​ម្ចាស់​អាច​ប្រើ​វា ជា​ប្រយោជន៍​ដល់​យើង និង​អ្នក​ដទៃ។—LESLIE KOH