មានពេលមួយ ពេលខ្ញុំដើរទិញឥវ៉ាន់ ក្នុងហាងទំនិញ ខ្ញុំឃើញស្រ្តីម្នាក់ កំពុងឈរសម្លឹងមើលទៅធ្នើរដាក់ទំនិញ ដែលនៅខ្ពស់ជាងគេ។ នៅលើធ្នើរនោះ ខ្ញុំឃើញមានដបទឹកជ្រលក់ស្ពេកាទី (នំបញ្ចុកអ៊ីតាលី)ជាច្រើនដប។ ខ្ញុំក៏កំពុងតែឈរនៅក្បែរគាត់ អស់ពេលពីរបីនាទី ដោយភ្នែកផ្តោតទៅរកធ្នើឥវ៉ាន់នោះផងដែរ ដោយមិនដឹងថា ត្រូវជ្រើសរើសយកដបមួយណា។ នាងបានមើលទៅធ្នើនោះទាល់តែភ្លឹក មិនដឹងថា ខ្ញុំកំពុងតែឈរនៅក្បែរនោះទេ។ ខ្ញុំមិនមានបញ្ហា នៅក្នុងការឈោងទៅរកធ្នើដែលនៅគេនោះទេ ព្រោះខ្ញុំមានកម្ពស់ខ្ពស់គួរសមដែរ។ តែនាងមានកម្ពស់ទាបពេក មិនអាចឈោងដល់ បានជាខ្ញុំសួរនាំនាងថា តើខ្ញុំអាចជួយនាងបានទេ។ គាត់ក៏ភ្ញាក់ខ្លួនព្រើត ហើយនិយាយប្រាប់ខ្ញុំថា គាត់មិនដឹងសោះថា ខ្ញុំកំពុងឈរក្បែរនេះ។ គាត់ក៏ពឹងឲ្យខ្ញុំជួយយកដបនោះឲ្យគាត់ ។
ពួកសាវ័កក៏ធ្លាប់ជួបរឿងដូចនេះផងដែរ ពេលដែលពួកគេជួបហ្វូងមនុស្សដែលកំពុងឃ្លានអាហារ នៅកន្លែងដាច់ស្រយ៉ាល ហើយម៉ោងក៏ជ្រុលហើយ បានជាពួកគេទូលសូមព្រះយេស៊ូវ ឲ្យប្រាប់ហ្វូងមនុស្ស ឲ្យត្រឡប់ទៅវិញ ដើម្បីឲ្យពួកគេអាចទៅទិញអាហារនៅភូមិជុំវិញ”(ម៉ាថាយ ១៤:១៥)។ ពេលដែលព្រះយេស៊ូវប្រាប់ពួកគេ ឲ្យផ្គត់ផ្គង់ហ្វូងមនុស្សទាំងនោះ ពួកគេក៏បានឆ្លើយតបថា “នៅទីនេះយើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ង៥ដុំ ហើយនិងត្រីពីរប៉ុណ្ណោះ”(ខ.១៧)។ ពេលនោះ ពួកគេហាក់ដូចជាគិតតែអំពីការខ្វះខាតរបស់ខ្លួនប៉ុណ្ណោះ។ តែពួកគេភ្លេចហើយថា ព្រះយេស៊ូវកំពុងតែគង់នៅក្បែរពួកគេ ដោយទ្រង់ធ្វើឲ្យមាននំប៉័ងកើនឡើងជាច្រើនសណ្ឋឹក ហើយទ្រង់ក៏ជានំប៉័ងជីវិតផងដែរ។
ជួនកាល យើងផ្តោតចិត្តទៅលើបញ្ហាប្រឈមខ្លាំងពេក ហើយក៏បានព្យាយាមស្វែងរកដំណោះស្រាយ ដោយប្រើទស្សនៈរបស់យើង ដែលច្រើនតែមានកំរិត បានជាយើងភ្លេចថា ព្រះគ្រីស្ទដែលបានមានព្រះជន្មរស់ឡើងវិញ កំពុងតែគង់នៅក្បែរយើងជានិច្ច។ ព្រះអង្គជាអេម៉ាញូអែល ដែលមានន័យថា ព្រះគង់នៅជាមួយយើង ទ្រង់រង់ចាំជួយយើងជានិច្ច ទោះយើងកំពុងតែនៅកន្លែងដាច់ស្រយ៉ាល ឬនៅក្នុងហាងទំនិញ ឬនៅទីណាក៏ដោយ។—JOHN BLASÉ