មាន​ពេល​មួយ ពេល​ខ្ញុំ​ដើរ​ទិញ​ឥវ៉ាន់ ក្នុង​ហាង​ទំនិញ ខ្ញុំ​ឃើញ​ស្រ្តី​ម្នាក់ កំពុង​ឈរ​សម្លឹង​មើល​ទៅ​ធ្នើរ​ដាក់​ទំនិញ ដែល​នៅ​ខ្ពស់​ជាង​គេ។ នៅ​លើ​ធ្នើរ​នោះ ខ្ញុំ​ឃើញ​មាន​ដប​ទឹក​ជ្រលក់​ស្ពេ​កាទី (នំ​បញ្ចុក​អ៊ីតាលី)ជា​ច្រើន​ដប។​ ខ្ញុំ​ក៏​កំពុង​តែ​ឈរ​នៅ​ក្បែរ​គាត់ អស់​ពេល​ពីរ​បី​នាទី ដោយ​ភ្នែក​ផ្តោត​ទៅ​រក​ធ្នើ​ឥវ៉ាន់​នោះ​ផង​ដែរ ដោយ​មិន​ដឹង​ថា ត្រូវ​ជ្រើស​រើស​យក​ដប​មួយ​ណា។ នាង​បាន​មើល​ទៅ​ធ្នើ​នោះ​ទាល់​តែ​ភ្លឹក មិន​ដឹង​ថា ខ្ញុំ​កំពុង​តែ​ឈរ​នៅ​ក្បែរ​នោះ​ទេ។ ខ្ញុំ​មិន​មាន​បញ្ហា នៅ​ក្នុង​ការ​ឈោង​ទៅ​រក​ធ្នើ​ដែល​នៅ​គេ​នោះ​ទេ ព្រោះ​ខ្ញុំ​មាន​កម្ពស់​ខ្ពស់​គួរ​សម​ដែរ។ តែ​នាង​មាន​កម្ពស់​ទាប​ពេក មិន​អាច​ឈោង​ដល់ បាន​ជា​ខ្ញុំ​សួរ​នាំ​នាង​ថា តើ​ខ្ញុំ​អាច​ជួយ​នាង​បាន​ទេ។ គាត់​ក៏​ភ្ញាក់​ខ្លួន​ព្រើត ហើយ​និយាយ​ប្រាប់​ខ្ញុំ​ថា គាត់​មិន​ដឹង​សោះ​ថា ខ្ញុំកំពុង​ឈរ​ក្បែរ​នេះ។ គាត់​ក៏​ពឹង​ឲ្យ​ខ្ញុំ​ជួយ​យក​ដប​នោះ​ឲ្យ​គាត់​ ។

ពួកសាវ័ក​ក៏​ធ្លាប់​ជួប​រឿង​ដូច​នេះ​ផង​ដែរ ពេល​ដែល​ពួក​គេ​ជួប​ហ្វូង​មនុស្ស​ដែល​កំពុង​ឃ្លាន​អាហារ នៅ​កន្លែង​ដាច់​ស្រយ៉ាល ហើយ​ម៉ោង​ក៏​ជ្រុល​ហើយ បាន​ជា​ពួក​គេ​ទូល​សូម​ព្រះ​យេស៊ូវ ឲ្យ​ប្រាប់​ហ្វូង​មនុស្ស ឲ្យ​ត្រឡប់​ទៅ​វិញ ដើម្បី​ឲ្យពួក​គេ​អាច​ទៅ​ទិញ​អាហារ​នៅ​ភូមិ​ជុំវិញ”(ម៉ាថាយ ១៤:១៥)។ ពេល​ដែល​ព្រះ​យេស៊ូវ​ប្រាប់​ពួក​គេ ឲ្យ​ផ្គត់​ផ្គង់ហ្វូង​មនុស្ស​ទាំង​នោះ ពួក​គេ​ក៏​បាន​ឆ្លើយ​តប​ថា “នៅ​ទី​នេះ​យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​៥​ដុំ ហើយ​និង​ត្រី​ពីរ​ប៉ុណ្ណោះ”(ខ.១៧)។ ពេល​នោះ ពួក​គេ​ហាក់​ដូច​ជា​គិត​តែ​អំពី​ការ​ខ្វះ​ខាត​របស់​ខ្លួន​ប៉ុណ្ណោះ។ តែ​ពួក​គេ​ភ្លេច​ហើយថា ព្រះ​យេស៊ូវ​កំពុង​តែ​គង់​នៅ​ក្បែរ​ពួក​គេ ដោយ​ទ្រង់​ធ្វើ​ឲ្យ​មាន​នំប៉័ង​កើន​ឡើង​ជា​ច្រើន​សណ្ឋឹក ហើយ​ទ្រង់​ក៏​ជា​នំប៉័ង​ជីវិត​ផង​ដែរ។

ជួន​កាល យើង​ផ្តោត​ចិត្ត​ទៅ​លើ​បញ្ហា​ប្រឈម​ខ្លាំង​ពេក ហើយ​ក៏​បាន​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ ដោយ​ប្រើ​ទស្សនៈ​របស់​យើង ដែល​ច្រើន​តែ​មាន​កំរិត បាន​ជា​យើង​ភ្លេច​ថា ព្រះ​គ្រីស្ទ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ កំពុង​តែគង់​នៅ​ក្បែរ​យើង​ជា​និច្ច។ ព្រះ​អង្គ​ជា​អេម៉ាញូអែល ដែល​មាន​ន័យ​ថា ព្រះ​គង់​នៅ​ជា​មួយ​យើង ទ្រង់​រង់​ចាំ​ជួយ​យើង​ជានិច្ច ទោះ​យើង​កំពុង​តែ​នៅ​កន្លែង​ដាច់​ស្រយ៉ាល ឬ​នៅ​ក្នុង​ហាង​ទំនិញ ឬ​នៅ​ទីណា​ក៏ដោយ។​—JOHN BLASÉ