កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ ១៩៥២ មាន​ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ​មួយ​បាន​បក់​បោក​មក ធ្វើ​ឲ្យ​នាវា អេស អេស ភែនលេតតុន ដែល​ជា​នាវា​ដឹក​ប្រេង ដាច់​ជា​ពីរ​កំណាត់ នៅ​ចម្ងាយ​ប្រហែល​១៦​គីឡូ​ម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​រដ្ឋ​ម៉ាសាឈូសេត។ នៅ​ពេល​នោះ មាន​នាវិក​ជាង​៤០​នាក់ បាន​ជាប់​នៅ​ក្នុង​នាវា​ដែល​កំពុង​តែ​លិច​នោះ នៅ​ក្នុង​ពេល​ដែល​មាន​ខ្យល់​ព្យុះ និង​ទឹក​រលក​ដ៏​កាច​សាហាវ កំពុង​តែ​បក់​បោក។

ពេល​ពួក​ឆ្មាំ​សមុទ្រ​បាន​ទទួល​ដំណឹង អំពី​គ្រោះ​មហន្ត​រាយ​នេះ នៅ​ស្ថានីយ​របស់​ពួក​គេ នៅ​ក្រុង​ឆាថាម រដ្ឋ​ម៉ាសាឈូសេត លោក​បឺនី វេបបឺ(Bernie Webber) បាន​ដឹក​នាំ​មនុស្ស​បី​នាក់ បើក​នា​វា​សង្រ្គោះ​មួយ​គ្រឿង ទៅ​ជួយ​នាវិក​ដែល​កំពុង​ជាប់​នៅ​លើ​នាវា ដែល​កំពុង​លិច​នោះ ក្នុង​ស្ថាន​ភាព​ដែល​ស្ទើរ​តែ​គ្មាន​សង្ឃឹម​ទាល់​តែ​សោះ ហើយ​ក៏​បាន​នាំ​នាវិក​៣២​នាក់ មក​រក​កន្លែង​សុវត្ថិ​ភាព។ សកម្ម​ភាព​ដ៏​ក្លាហាន​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​ជួយ​សង្រ្គោះ​ដ៏​អស្ចារ្យ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​ឆ្មាំ​សមុទ្រ​អាមេរិក ហើយ​នៅ​ឆ្នាំ ២០១៦ គេ​ក៏​បាន​ផលិត​ខ្សែ​ភាព​យន្ត ដែល​មាន​ចំណង​ជើង​ថា ពេល​ដ៏​មាន​ន័យ​បំផុត  ដែល​ផ្អែក​ទៅ​លើ​ហេតុការណ៍​នេះ។

ក្នុង​បទ​គម្ពីរ​លូកា ១៩:១០ ព្រះ​យេស៊ូវ​បាន​ប្រកាស់ អំពី​ព្រះ​រាជ​កិច្ច​ជួយ​សង្រ្គោះ​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា “កូន​មនុស្ស​បាន​មក ដើម្បី​ស្វែង​រក និង​ជួយ​សង្រ្គោះ​មនុស្ស​បាត់​បង់”។ ឈើ​ឆ្កាង និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ គឺ​ជា​ភស្តុតាង​ដ៏​ប្រសើរ​បំផុត ដែល​បញ្ជាក់​ថា ទ្រង់​ពិត​ជា​បាន​មក​ជួយ​សង្រ្គោះ​មនុស្ស​ជាតិ​មែន ដោយ​ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង នៅ​លើ​អង្គ​ទ្រង់ ហើយ​បាន​ផ្សៈ​ផ្សា​មនុស្ស ឲ្យ​ជា​នឹង​ព្រះ​វរបិតា។

អស់​រយៈ​ពេល​ជាង​២០០០​ឆ្នាំ​ហើយ ដែល​មនុស្ស​បាន​ឱប​ក្រសោប​យក​ជីវិត​ពេញ​បរិបូរ និង​ជីវិត​អស់​កល្ប ដែល​ទ្រង់​បាន​ប្រទាន។ ទ្រង់​បាន​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប​ហើយ!

ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ យើង​មាន​ឯក​សិទ្ធិ នៅ​ក្នុង​ការ​ចូល​រួម ក្នុង​បេសកកម្ម​ជួយ​សង្រ្គោះ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ​សង្រ្គោះ​យើង ដោយ​ជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ តើ​អ្នក​ដឹង​ថា មាន​នរណា​ខ្លះ ដែល​ត្រូវ​ការ​សេចក្តី​ស្រឡាញ់ ដ៏​ជួយ​សង្រ្គោះ​របស់​ទ្រង់? —BILL CROWDER