ប្រទេស​ម៉ូលដូវ៉ា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត នៅ​ទ្វីប​អឺរ៉ុប។ កាល​មិត្ត​ភក្តិ​ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​នេះ ពួក​គេ​មាន​ចិត្ត​រំភើប​រីក​រាយ​យ៉ាង​ខ្លំាង ចំពោះ​ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ ដែល​ពួក​គេ​បាន​ទទួល ជា​ពិសេស​ពី​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត។ មាន​ពេល​មួយ ពួក​គេ​បាន​យក​ខោ​អាវ និង​អាហារ​ខ្លះ​ៗ​ ទៅ​ឲ្យ​ប្តី​ប្រពន្ធ​មួយ​គូ ដែល​ទៅ​ថ្វាយ​បង្គំ​នៅព្រះវិហារ​ជា​មួយ​ពួក​គេ។ ប្តី​ប្រពន្ធ​មួយ​គូ​នេះ​កំពុង​រស់​នៅ​ក្នុង​ភាព​ក្រី​ក្រ ដោយ​ចិញ្ចឹម​ក្មេង​ៗ​ជា​ច្រើន​នាក់។ គ្រួសារ​មួយ​នេះ​បាន​ចាត់​ទុក​មិត្ត​ភក្តិ​ខ្ញុំ ជា​ភ្ញៀវ​កិត្តិ​យស ដោយ​ដាក់​តែ​ផ្អែម និង​អាហារ​ខ្លះ​ៗ ដើម្បី​ទទួល​មិត្ត​ភក្តិ​ខ្ញុំ​ ទោះ​ពួកគេ​បដិសេធ​ក៏​ដោយ។ ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ត្រឡប់​មក​វិញ ម្ចាស់​ផ្ទះ​ក៏​បាន​ឲ្យ​ផ្លែ​ឪឡឹក និង​ផ្លែ​ឈើ ព្រម​ទាំង​បន្លែ​ដទៃ​ទៀត ពួក​គេ​បាន​ស្ញើច​សរសើរ ចំពោះ​ភាព​ចៅរ៉ាវ ដែល​ពួក​គេ​បាន​ទទួល​នៅ​ពេល​នោះ។

គ្រីស្ទ​បរិស័ទ​ទាំង​នេះ​បាន​បង្ហាញ​ចេញ​នូវ​ការ​ស្វាគមន៍ ដែល​ព្រះ​ជា​ម្ចាស់​បាន​បង្គាប់​រាស្រ្ត​ទ្រង់ គឺ​ពួក​អ៊ីស្រាអែល ឲ្យ​អនុវត្ត​តាម។ ព្រះ​អង្គ​បាន​បង្គាប់​ពួក​គេ​ឲ្យ “​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ដោយ​ការ​ស្តាប់​បង្គាប់ ហើយ​ឲ្យ​ស្រឡាញ់​ទ្រង់​ព្រម​ទាំង​គោរព​ប្រតិបត្តិ​ដល់ទ្រង់ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ផង”(ចោទិយថា ១០:១២)។ តើ​ពួក​អ៊ីស្រាអែលបាន​អនុវត្ត​តាម​បង្គាប់​របស់​ទ្រង់ ដោយ​របៀប​ណា? ពួកគេ​អាច​អនុវត្ត​តាម​ព្រះ​បន្ទូល​ទ្រង់ ដោយ “ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ចុះ ដ្បិត​ពួក​គេ​ក៏​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ពី​កាល​នៅ​ស្រុក​អេស៊ីព្ទ​ដែរ”(ខ.១៩)។ ការ​ស្វាគមន៍​អ្នក​ស្រុក​ក្រៅ គឺ​ជា​ការ​បម្រើ និង​ថ្វាយ​ព្រះ​កតិ្ត​នាម​ដល់​ព្រះ​ជា​ម្ចាស់ ហើយ​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អ្នក​ស្រុក​ក្រៅ គឺ​ជា​ការ​បង្ហាញ​នូវ​សេចក្តី​ជំនឿ ដែល​ពួក​គេ​មាន​ចំពោះ​ទ្រង់។

ស្ថាន​ភាព​របស់​យើង ប្រហែល​ជា​ខុស​ពី​ប្រជាជន​នៅ​ប្រទេស​ម៉ូលដូវ៉ា ឬ​អ៊ីស្រាអែល តែ​យើង​ក៏​អាច​បង្ហាញ​ចេញ​នូវសេចក្តី​ស្រឡាញ់ ចំពោះ​ព្រះ​ជា​ម្ចាស់ ដោយ​ការ​ស្វាគមន៍​អ្នក​ដទៃ​ផង​ដែរ។ ទោះ​យើង​បើក​ទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​អ្នក​ដទៃ ឬ​ស្វាគមន៍​គេ ដោយ​ការ​ញញឹម ដាក់​អ្នក​ដែល​យើង​ជួប​ក្តី យើង​អាច​បង្ហាញ​ឲ្យ​ពួក​គេ​ស្គាល់​ព្រះ​ទ័យ​របស់​ព្រះជា​ម្ចាស់ ដែល​ទ្រង់​ស្រឡាញ់ និង​ស្វាគមន៍​មនុស្ស​គ្រប់​គ្នា នៅ​ក្នុង​លោកិយ​ដ៏​ឯកោ និង​ឈឺ​ចាប់​។—AMY BOUCHER PYE