កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ១៩៥២ មានខ្យល់ព្យុះដ៏កាចសាហាវមួយបានបក់បោកមក ធ្វើឲ្យនាវា អេស អេស ភែនលេតតុន ដែលជានាវាដឹកប្រេង ដាច់ជាពីរកំណាត់ នៅចម្ងាយប្រហែល១៦គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររដ្ឋម៉ាសាឈូសេត។ នៅពេលនោះ មាននាវិកជាង៤០នាក់ បានជាប់នៅក្នុងនាវាដែលកំពុងតែលិចនោះ នៅក្នុងពេលដែលមានខ្យល់ព្យុះ និងទឹករលកដ៏កាចសាហាវ កំពុងតែបក់បោក។
ពេលពួកឆ្មាំសមុទ្របានទទួលដំណឹង អំពីគ្រោះមហន្តរាយនេះ នៅស្ថានីយរបស់ពួកគេ នៅក្រុងឆាថាម រដ្ឋម៉ាសាឈូសេត លោកបឺនី វេបបឺ(Bernie Webber) បានដឹកនាំមនុស្សបីនាក់ បើកនាវាសង្រ្គោះមួយគ្រឿង ទៅជួយនាវិកដែលកំពុងជាប់នៅលើនាវា ដែលកំពុងលិចនោះ ក្នុងស្ថានភាពដែលស្ទើរតែគ្មានសង្ឃឹមទាល់តែសោះ ហើយក៏បាននាំនាវិក៣២នាក់ មករកកន្លែងសុវត្ថិភាព។ សកម្មភាពដ៏ក្លាហាននេះ ត្រូវបានគេចាត់ទុកជាការជួយសង្រ្គោះដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្តនៃឆ្មាំសមុទ្រអាមេរិក ហើយនៅឆ្នាំ ២០១៦ គេក៏បានផលិតខ្សែភាពយន្ត ដែលមានចំណងជើងថា ពេលដ៏មានន័យបំផុត ដែលផ្អែកទៅលើហេតុការណ៍នេះ។
ក្នុងបទគម្ពីរលូកា ១៩:១០ ព្រះយេស៊ូវបានប្រកាស់ អំពីព្រះរាជកិច្ចជួយសង្រ្គោះរបស់ទ្រង់ ដោយមានបន្ទូលថា “កូនមនុស្សបានមក ដើម្បីស្វែងរក និងជួយសង្រ្គោះមនុស្សបាត់បង់”។ ឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ គឺជាភស្តុតាងដ៏ប្រសើរបំផុត ដែលបញ្ជាក់ថា ទ្រង់ពិតជាបានមកជួយសង្រ្គោះមនុស្សជាតិមែន ដោយទ្រង់បានផ្ទុកអំពើបាបរបស់យើង នៅលើអង្គទ្រង់ ហើយបានផ្សៈផ្សាមនុស្ស ឲ្យជានឹងព្រះវរបិតា។
អស់រយៈពេលជាង២០០០ឆ្នាំហើយ ដែលមនុស្សបានឱបក្រសោបយកជីវិតពេញបរិបូរ និងជីវិតអស់កល្ប ដែលទ្រង់បានប្រទាន។ ទ្រង់បានជួយសង្រ្គោះយើង ឲ្យរួចពីបាបហើយ!
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងមានឯកសិទ្ធិ នៅក្នុងការចូលរួម ក្នុងបេសកកម្មជួយសង្រ្គោះដ៏អស្ចារ្យបំផុតរបស់ព្រះសង្រ្គោះយើង ដោយជំនួយពីព្រះវិញ្ញាណបរិសុទ្ធ។ តើអ្នកដឹងថា មាននរណាខ្លះ ដែលត្រូវការសេចក្តីស្រឡាញ់ ដ៏ជួយសង្រ្គោះរបស់ទ្រង់? —BILL CROWDER