លោក​ខេត វ៉ាស័រមែន(Keith Wasserman) ដែល​ជា​នា​យក​ប្រតិ​បត្តិ នៃ​ក្រុម​ហ៊ុន ហ្គ៊ូត វើក បាន​សម្រេច​ចិត្ត​រស់​នៅ ជា​ជន​អនា​ថា រយៈ​ពេល​ពីរ​បី​ថ្ងៃ មួយ​ឆ្នាំ​ម្តង ចាប់​តាំង​ពី​ឆ្នាំ ១៩៨៩ ដើម្បី​ឲ្យ​ខ្លួន​គាត់​មាន​សេចក្តី​ស្រឡាញ់ និង​សេចក្តី​អាណឹត​កាន់​តែ​ខ្លាំង ចំពោះ​អ្នក​ដទៃ។ គាត់​និយាយ​ថា គាត់​ទៅ​រស់​នៅ តាម​ចិញ្ចើម​ថ្នល់ ដើម្បី​ពង្រីក​ទស្សនៈ ​និង​ការ​យល់​ដឹង​របស់​គាត់ អំពី​មនុស្ស ដែល​គ្មាន​ផ្ទះ​នៅ។

ក្នុង​រឿង​នេះ លោក​ខេត​បាន​ដាក់​ខ្លួន ធ្វើ​ជា​មនុស្ស​អនាថា ដើម្បី​បម្រើ​ជន​អនាថា​ទាំង​ឡាយ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង។ ព្រះ​ជា​ម្ចាស់ ដែល​ជា​អ្នក​បង្កើត​ចក្រ​វាល​ទាំង​មូល បាន​សម្រេច​ព្រះ​ទ័យ​បន្ទាប​ព្រះ​កាយ​ទ្រង់ យាង​ចុះ​មក​យក​កំណើត​ជា​ទារក ដែល​ងាយ​នឹង​រង​គ្រោះ ដើម្បី​រស់​នៅ​ជា​មនុស្ស ដើម្បី​ទទួល​បទ​ពិសោធន៍ ដែល​យើង​គ្រប់​គ្នា​បាន​ជួប ហើយ​ដើម្បី​សុគត នៅ​ក្រោម​ដៃ​របស់​មនុស្ស ដើម្បី​ឲ្យ​យើងអាច​ពិសោធន៍​នឹង​ទំនាក់​ទំនង ជា​មួយ​ព្រះ​ជា​ម្ចាស់។

អ្នក​និពន្ធ​នៃ​បទ​គម្ពីរ​ហេព្រើរ​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ “​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត”(២:១៤)។ ព្រះ​យេស៊ូវ​បាន​បន្ទាប​ព្រះ​កាយ ឲ្យ​ទាប​ជាង​ពួក​ទេវតា ទោះ​ទ្រង់​ជា​ព្រះ ដែល​បាន​បង្កើត​ពួក​គេ​ក៏​ដោយ(ខ.៩)។ ទ្រង់​បាន​យក​កំណើត​ជា​មនុស្ស ហើយ​បាន​សុគត ហើយ​ទ្រង់​បាន​រង​ទុក្ខ​ជួស​យើង ទោះ​ទ្រង់​ជា​ព្រះ​ដែល​មាន​គ្រប់​ចេស្តា​ក៏ដោយ។ ហេតុ​អ្វី​បាន​ជា​ទ្រង់ ធ្វើ​ដូច​នេះ? ព្រោះ​ការ​នេះ​បាន ផ្សៈ​ផ្សា​ទំនាក់​ទំនង​ជា​មួយ​មនុស្ស និង​បង្កើត​ភាព​ស្និទ្ធ​ស្នាល ដើម្បី​ឲ្យ​ទ្រង់​អាច​ជួយ​យើង ពេល​ដែល​យើង​ឆ្លង​កាត់​ការ​ល្បួង(ខ.១៧-១៨)។

សូម​យើង​ពិសោធ​នឹង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នៅ​ថ្ងៃ​នេះ ដោយ​ដឹង​ថា ទ្រង់​ជ្រាប​អំពី​ភាព​កម្សោយ​របស់​មនុស្ស ហើយ​បាន​ប្រទាន​ផ្លូវ ឲ្យ​យើង​បាន​រួច​ពី​បាប។—ESTERA PIROSCA ESCOBAR