លោកខេត វ៉ាស័រមែន(Keith Wasserman) ដែលជានាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្គ៊ូត វើក បានសម្រេចចិត្តរស់នៅ ជាជនអនាថា រយៈពេលពីរបីថ្ងៃ មួយឆ្នាំម្តង ចាប់តាំងពីឆ្នាំ ១៩៨៩ ដើម្បីឲ្យខ្លួនគាត់មានសេចក្តីស្រឡាញ់ និងសេចក្តីអាណឹតកាន់តែខ្លាំង ចំពោះអ្នកដទៃ។ គាត់និយាយថា គាត់ទៅរស់នៅ តាមចិញ្ចើមថ្នល់ ដើម្បីពង្រីកទស្សនៈ និងការយល់ដឹងរបស់គាត់ អំពីមនុស្ស ដែលគ្មានផ្ទះនៅ។
ក្នុងរឿងនេះ លោកខេតបានដាក់ខ្លួន ធ្វើជាមនុស្សអនាថា ដើម្បីបម្រើជនអនាថាទាំងឡាយ គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ ព្រះជាម្ចាស់ ដែលជាអ្នកបង្កើតចក្រវាលទាំងមូល បានសម្រេចព្រះទ័យបន្ទាបព្រះកាយទ្រង់ យាងចុះមកយកកំណើតជាទារក ដែលងាយនឹងរងគ្រោះ ដើម្បីរស់នៅជាមនុស្ស ដើម្បីទទួលបទពិសោធន៍ ដែលយើងគ្រប់គ្នាបានជួប ហើយដើម្បីសុគត នៅក្រោមដៃរបស់មនុស្ស ដើម្បីឲ្យយើងអាចពិសោធន៍នឹងទំនាក់ទំនង ជាមួយព្រះជាម្ចាស់។
អ្នកនិពន្ធនៃបទគម្ពីរហេព្រើរបានលើកឡើងថា ព្រះយេស៊ូវ “ទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្តីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត”(២:១៤)។ ព្រះយេស៊ូវបានបន្ទាបព្រះកាយ ឲ្យទាបជាងពួកទេវតា ទោះទ្រង់ជាព្រះ ដែលបានបង្កើតពួកគេក៏ដោយ(ខ.៩)។ ទ្រង់បានយកកំណើតជាមនុស្ស ហើយបានសុគត ហើយទ្រង់បានរងទុក្ខជួសយើង ទោះទ្រង់ជាព្រះដែលមានគ្រប់ចេស្តាក៏ដោយ។ ហេតុអ្វីបានជាទ្រង់ ធ្វើដូចនេះ? ព្រោះការនេះបាន ផ្សៈផ្សាទំនាក់ទំនងជាមួយមនុស្ស និងបង្កើតភាពស្និទ្ធស្នាល ដើម្បីឲ្យទ្រង់អាចជួយយើង ពេលដែលយើងឆ្លងកាត់ការល្បួង(ខ.១៧-១៨)។
សូមយើងពិសោធនឹងសេចក្តីស្រឡាញ់របស់ទ្រង់ នៅថ្ងៃនេះ ដោយដឹងថា ទ្រង់ជ្រាបអំពីភាពកម្សោយរបស់មនុស្ស ហើយបានប្រទានផ្លូវ ឲ្យយើងបានរួចពីបាប។—ESTERA PIROSCA ESCOBAR