កាលខ្ញុំធ្វើការនៅក្រុមហ៊ុន ខ្ញុំមានឱកាសទំនាក់ទំនងជាមួយមនុស្សជាច្រើន ដែលមានអំណោយទាន និងស្លូតបូត។ ទោះជាយ៉ាងណាក៏ដោយ មានពេលមួយ គម្រោងរបស់យើងត្រូវបានដឹកនាំ ដោយអ្នកគ្រប់គ្រងដែលមកពីក្រៅក្រុង។ ទោះបីជាក្រុមការងារយើងបាននំាឲ្យមានការរីកចម្រើនយ៉ាងណាក៏ដោយ រៀងរាល់សប្តាហ៍ អ្នកគ្រប់គ្រងរូបនេះបានទូរស័ព្ទមកយើង ដោយរិះគន់ការងារយើង ដោយមិនសំចៃដៃ ហើយបានទាមទាឲ្យយើង មានការប្រឹងប្រែងបន្ថែមទៀត។ ការនេះបានធ្វើឲ្យខ្ញុំមានការបាក់ទឹកចិត្ត និងភ័យខ្លាច។ ជួនកាល ខ្ញុំចង់លាឈប់ពីការងារ។
លោកម៉ូសេក៏ប្រហែលជាមានអារម្មណ៍ថា ចង់បោះបង់ការតស៊ូផងដែរ ពេលដែលគាត់ទៅជួបស្តេចផារ៉ោន ក្នុងអំឡុងពេលដែលគ្រោះចង្រៃនៃភាពងងឹត បានកើតមាននៅស្រុកអេស៊ីព្ទ។ ព្រះជាម្ចាស់ក៏បានទម្លាក់គ្រោះចង្រៃ៨ប្រភេទទៀត មកលើស្រុកអេស៊ីព្ទ ហើយទីបំផុតស្តេចផារ៉ោនក៏បានផ្ទុះកំហឹងដាក់គាត់ ដោយបន្ទូលថា “ថយចេញពីអញទៅ ចូរប្រយ័ត្ន កុំឲ្យមកនៅមុខអញទៀតឡើយ ដ្បិតបើថ្ងៃណាដែលឯងមកនៅមុខអញ នោះឯងនឹងត្រូវស្លាប់”(និក្ខមនំ ១០:២៨)។
ទោះបីជាលោកម៉ូសេបានទទួលការគំរាមបែបនេះក៏ដោយ ក៏ព្រះជាម្ចាស់នៅតែបន្តប្រើគាត់ ដើម្បីរំដោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីការគ្រប់គ្រងរបស់ស្តេចផារ៉ោន។ ដោយសារសេចក្តីជំនឿ នោះលោកម៉ូសេក៏ចេញពីស្រុកអេស៊ីព្ទទៅ ឥតកោតខ្លាចដល់សេចក្តីកំហឹងនៃស្តេចឡើយ ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ(ហេព្រើរ ១១:២៧)។ លោកម៉ូសេបានយកឈ្នះស្តេចផារ៉ោន ដោយជឿថា ព្រះជាម្ចាស់នឹងរំដោះរាស្រ្តទ្រង់ តាមព្រះបន្ទូលសន្យា(និក្ខមនំ ៣:១៧)។
សព្វថ្ងៃនេះ យើងក៏អាចពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបានសន្យាថា ទ្រង់នឹងគង់នៅជាមួយយើងគ្រប់ពេលវេលា ដោយទ្រទ្រង់យើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ ព្រះអង្គជួយយើង ឲ្យជម្នៈសម្ពាធនៃការគំរាមកំហែង និងការឆ្លើយតបខុស ដោយប្រទានយើង នូវអំណាច សេចក្តីស្រឡាញ់ និងការដឹងខ្នាត(២ធីម៉ូថេ ១:៧)។ ព្រះវិញ្ញាណនៃព្រះប្រទានឲ្យយើងមានសេចក្តីក្លាហាន ដែលយើងត្រូវការ ដើម្បីបន្តដំណើរទៅមុខ និងដើរតាមការដឹកនាំរបស់ទ្រង់ ក្នុងជីវិតយើង។—JENNIFER BENSON SCHULDT