កម្ម​វិធី​ទូរទស្សន៍​មួយ​បាន​ចាក់​បញ្ចាំង​ អំពី​យុវ​ជន​វ័យ​ក្មេង ដែល​ស្លៀក​ឯក​សណ្ឋាន​សិស្ស​វិទ្យាល័យ ដើម្បី​ស្វែង​យល់ ​អំពី​ជីវិត​របស់​ក្មេង​ជំទង់។ ពួក​គេ​បាន​រក​ឃើញ​ថា ក្មេង​ជំទង់​បាន​ប្រើ​បណ្តាញ​សង្គម ដើម្បី​វាស់​ស្ទង់​តម្លៃ​របស់​ខ្លួន​ឯង​។ ក្នុង​កម្ម​វិធី​ទូរទស្សន៍​នោះ អ្នក​ចូល​រួម​ម្នាក់​បាន​ធ្វើ​ការ​សង្កេត​ឃើញ​ថា “សិស្ស​សាលា បាន​ឲ្យ​តម្លៃ​ខ្លួន​ឯង ដោយ​ផ្អែក​ទៅ​លើ​បណ្តាញ​សង្គម ដោយ​រាប់​ចំនួន ឡែក​(like) ដែល​ពួក​គេ​បាន​ទទួល សម្រាប់​រូប​ថត ដែល​ពួក​គេ​បាន​បង្ហោះ ក្នុង​ហ្វេស​ប៊ុក”។ ពួក​គេ​ត្រូវ​ការ​ការ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ ដែល​អាច​ជំរុញ​ពួក​គេ ឲ្យ​បង្ហាញ​ចេញ​នូវ​អាកប្ប​កិរិយ៉ា​ដែល​ហួស​ហេតុ។

ការ​ស្រេក​ឃ្លាន​ការ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ គឺ​កើត​មាន​តាំង​ពី​ដើម​មក។ ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក​ ២៩ នាង​លេអា​ស្រេក​ឃ្លាន​សេចក្តី​ស្រឡាញ់​របស់​លោក​យ៉ាកុប ដែល​ជា​ស្វាមី។ នាង​បាន​ឆ្លុះ​បញ្ចាំង អំពី​បញ្ហា​នេះ នៅ​ក្នុង​ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​បី​នាក់​ដំបូង​របស់​នាង ដែល​សុទ្ធ​តែ​បង្ហាញ​អំពី​ភាព​ឯកោ​របស់​នាង(ខ.៣១-៣៤)។ ប៉ុន្តែ គួរ​ឲ្យស្តាយ​ណាស់ ដែល​លោក​យ៉ាកុប​មិន​បាន​បង្ហាញ​ចេញ​នូវ​ការ​ទទួល​ស្គាល់ ដែល​នាង​ត្រូវ​ការ​ឡើយ។

នៅ​កំណើត​កូន​ទី​៤​ នាងលេអា​ក៏​បាន​ងាក​ទៅ​រក​ព្រះ​ជា​ម្ចាស់ ជា​ជាង​ងាក​ទៅ​រក​ប្តី​របស់​នាង ដោយ​ដាក់​ឈ្មោះ​កូន​ទី៤​របស់​នាង​ថា យូដា ដែល​មាន​ន័យ​ថា “ការ​សរសើរ​ដំកើង”(ខ.៣៥)។ ទី​បំផុត នាង​លេអា​បាន​រក​ឃើញ​តម្លៃ​រប​ស់នាង នៅ​ក្នុង​ព្រះ​ជាម្ចាស់។ នាង​ក៏​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​រឿង​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ​ ដោយ​លោក​យូដា ដែល​ជា​កូន​របស់​នាង បាន​ធ្វើ​ជា​បុព្វ​បុរស​របស់​ស្តេច​ដាវីឌ ហើយ​ក្រោយ​មក ក៏​បាន​ធ្វើ​ជា​បុព្វ​បុរស​របស់​ព្រះ​យេស៊ូវ​ទៀត​។

យើង​អាច​ព្យាយាម​ស្វែង​រក​តម្លៃ​របស់​យើង តាម​មធ្យោបាយ​ជា​ច្រើន តែ​មាន​តែ​ក្នុង​ព្រះ​យេស៊ូវ​ទេ ដែល​យើង​អាច​រក​ឃើញ​អត្ត​សញ្ញាណ​របស់​យើង ដែល​ជា​កូន​របស់​ព្រះ ជា​អ្នក​ស្នង​មរតក​ជា​មួយ​ព្រះ​គ្រីស្ទ និង​ជា​អ្នក​ដែល​នឹង​បានទៅនៅ​ជា​មួយ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​អស់​កល្ប​ជា​និច្ច។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ថា ក្នុង​លោកនេះ​ គ្មាន​អ្វី​ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​ដែល​បាន​ស្គាល់​ព្រះ​គ្រីស្ទ​ឡើយ (ភីលីព ៣:៨)។—PETER CHIN