មានពេលមួយ លោកយ័រដិន បូហានុន(Jordan Bohannon) ដែលជាតារាបាល់បោះនៃសកលវិទ្យាល័យ រដ្ឋអាយូវ៉ា មានចេតនាបោះបាល់ មិនឲ្យចូលកន្រ្តក។ បើគាត់បោះបាល់ចូលកន្ត្រកនៅពេលនោះ គាត់អាចបំបែកឯកត្តកម្មរបស់សាលាគាត់ ដែលកំណត់ត្រាមុន ត្រូវបានគេបង្កើតកាលពី២៥ឆ្នាំមុន។ កាលនេះ គាត់ហៀបនឹងបង្កើតប្រវត្តិសាស្ត្រសម្រាប់ក្រុមគាត់។ តើហេតុអ្វីបានជាគាត់មិនចង់បោះបាល់មួយគ្រាប់នោះ ឲ្យចូលកន្ត្រក? កាលពីឆ្នាំ១៩៩៣ បន្ទាប់ពីលោកគ្រីស ស្រ្ទីត(Chris Street) ដែលជាជើងឯកប្រចាំសាលានោះ បានបោះបាល់បញ្ចូលកន្ត្រកជាបន្តបន្ទាប់បាន៣៤គ្រាប់ គាត់ក៏បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់រថយន្តបុកគ្នា។ ហេតុនេះហើយ លោកយ័រដិនក៏បានសម្រេចចិត្តផ្តល់ការគោរព និងការរំឭកដល់លោកស្រ្ទីត ដោយមិនព្រមបំបែកឯកត្តកម្មរបស់គាត់។
ត្រង់ចំណុចនេះ លោកបូហានុនមិនបានយកការលើកដំកើងខ្លួនឯង ជាសំខាន់ឡើយ។ យើងអាចមើលឃើញគុណតម្លៃដូចនេះ នៅក្នុងជីវិតរបស់អ្នកប្រយុទ្ធវ័យក្មេងម្នាក់ ឈ្មោះដាវីឌ។ មានពេលមួយ ស្តេចដាវីឌបានលាក់ខ្លួនក្នុងរូងភ្នំជាមួយនឹងកងទ័ពរបស់ទ្រង់ ដែលកំពុងចុះខ្សោយ។ ពេលនោះ ទ្រង់ចង់សោយទឹកអណ្តូង នៅភូមិបេថ្លេហិម ដែលជាស្រុកកំណើតណាស់ ប៉ុន្តែ ពួកសាសន៍ភីលីស្ទីនដ៏គួរឲ្យភ័យខ្លាច កំពុងតែគ្រប់គ្រងតំបន់នោះ(២សាំយ៉ូអែល ២៣:១៤-១៥)។
ពួកអ្នកខ្លាំងពូកែទាំង៣នាក់របស់ទ្រង់នោះ ក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកអណ្តូង នៅមាត់ទ្វារបេថ្លេហិមយកមកថ្វាយដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយដល់ព្រះយេហូវ៉ាវិញ ដោយទូលថ្វាយថា “រួចទូលថា ឱព្រះយេហូវ៉ាអើយ សូមឲ្យការយ៉ាងនេះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬអី?”(ខ.១៦-១៧)។
ក្នុងលោកិយ ដែលមនុស្សច្រើនតែឲ្យរង្វាន់ ដល់អ្នកដែលឆក់ឱកាសបង្កើតកេរ្តិ៍ឈ្មោះឲ្យខ្លួនឯង សកម្មភាពដែលបង្ហាញចេញនូវក្តីស្រឡាញ់ និងការលះបង់ គឺពិតជាមានអំណាចណាស់។ ការប្រព្រឹត្តិដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួនដូចនេះ គឺមិនគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះឡើយ។ —TIM GUSTAFSON