មាន​ពេល​មួយ លោក​យ័រដិន បូហានុន(Jordan Bohannon) ដែល​ជា​តារា​បាល់​បោះ​នៃ​សកល​វិទ្យា​ល័យ រដ្ឋ​អាយូវ៉ា មាន​ចេតនា​បោះ​បាល់ មិន​ឲ្យ​ចូល​កន្រ្តក។ បើ​គាត់​បោះ​បាល់​ចូល​កន្ត្រក​នៅ​ពេល​នោះ គាត់​អាច​បំបែក​ឯកត្ត​កម្ម​របស់​សាលា​គាត់ ដែល​កំណត់​ត្រា​មុន ត្រូវ​បាន​គេ​បង្កើត​កាល​ពី​២៥​ឆ្នាំ​មុន។ កាល​នេះ គាត់​ហៀប​នឹង​បង្កើត​ប្រវត្តិ​សាស្ត្រ​សម្រាប់​ក្រុម​គាត់។ តើ​ហេតុ​អ្វី​បាន​ជា​គាត់​មិន​ចង់​បោះ​បាល់​មួយ​គ្រាប់​នោះ ឲ្យ​ចូល​កន្ត្រក? កាល​ពី​ឆ្នាំ​​១៩៩៣  បន្ទាប់​ពី​លោក​គ្រីស ស្រ្ទីត(Chris Street) ដែល​ជា​ជើង​ឯក​ប្រចាំ​សាលា​នោះ បាន​បោះ​បាល់​បញ្ចូល​កន្ត្រក​ជា​បន្ត​បន្ទាប់​បាន​៣៤​គ្រាប់ គាត់​ក៏​បាន​បាត់​បង់​ជីវិត នៅ​ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​បុក​គ្នា។  ហេតុ​នេះ​ហើយ លោក​យ័រដិន​ក៏បាន​សម្រេច​ចិត្ត​ផ្តល់​ការ​គោរព និង​ការ​រំឭក​ដល់​លោក​ស្រ្ទីត ដោយ​មិន​ព្រម​បំបែក​ឯកត្ត​កម្ម​របស់​គាត់។

ត្រង់​ចំណុច​នេះ លោក​បូហានុន​មិន​បាន​យក​ការ​លើក​ដំកើង​ខ្លួន​ឯង ជា​សំខាន់​ឡើយ។ យើង​អាច​មើល​ឃើញ​គុណ​តម្លៃ​ដូច​នេះ នៅ​ក្នុង​ជីវិត​របស់​អ្នក​ប្រយុទ្ធ​វ័យ​ក្មេង​ម្នាក់ ឈ្មោះ​ដាវីឌ។ មាន​ពេល​មួយ ស្តេច​ដាវីឌ​បាន​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​ជា​មួយ​នឹង​កង​ទ័ព​របស់​ទ្រង់ ដែល​កំពុង​ចុះ​ខ្សោយ​។ ពេល​នោះ ​ទ្រង់​ចង់​សោយ​ទឹក​អណ្តូង នៅ​ភូមិ​បេថ្លេហិម ដែល​ជា​ស្រុក​កំណើត​ណាស់ ប៉ុន្តែ ពួក​សាសន៍​ភីលីស្ទីន​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច កំពុង​តែ​គ្រប់​គ្រង​តំបន់​នោះ​(២សាំយ៉ូអែល ២៣:១៤-១៥)។

​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នាក់​របស់​ទ្រង់​នោះ ក៏​បំបែក​ពួក​ទ័ព​ភីលីស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​អណ្តូង នៅ​មាត់​ទ្វារ​បេថ្លេហិម​យក​មក​ថ្វាយ​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ដល់​ព្រះយេហូវ៉ា​វិញ ដោយទូលថ្វាយថា “រួច​ទូល​ថា ឱ​ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ការ​យ៉ាង​នេះ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូលបង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ​អី?”(ខ.១៦-១៧)។

ក្នុង​លោកិយ ដែល​មនុស្ស​ច្រើន​តែ​ឲ្យ​រង្វាន់ ដល់​អ្នក​ដែល​ឆក់​ឱកាស​បង្កើត​កេរ្តិ៍ឈ្មោះ​ឲ្យ​ខ្លួន​ឯង សកម្ម​ភាព​ដែល​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់ និង​ការ​លះ​បង់ គឺ​ពិត​ជា​មាន​អំណាច​ណាស់។ ការ​ប្រព្រឹត្តិ​ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន​ដូច​នេះ គឺ​មិន​គ្រាន់​តែ​ជា​និមិត្ត​រូប​ប៉ុណ្ណោះ​ឡើយ។ —TIM GUSTAFSON