មិត្តភក្តិខ្ញុំម្នាក់បានផ្ញើសារជាសម្លេង សុំឲ្យខ្ញុំផ្ញើសារឲ្យនាង ពេលណានាងមិនអាចលើកទូរស័ព្ទនិយាយជាមួយខ្ញុំ។ ក្នុងសារនោះ គាត់បាននិយាយបញ្ចប់ ដោយភាពរីករាយថា “សូមឲ្យមានថ្ងៃដ៏អស្ចារ្យ!” ខណៈពេលដែលខ្ញុំគិតអំពីពាក្យនេះ ខ្ញុំក៏បានដឹងថា យើងគ្មានអំណាចអ្វី ដើម្បីធ្វើឲ្យថ្ងៃនីមួយៗ ក្លាយជា “ថ្ងៃដ៏អស្ចារ្យ”ឡើយ ព្រោះយើងត្រូវជួបឧបស័គ្គជាច្រើន ដែលតែងតែរំខានការរស់នៅរបស់យើង។ ប៉ុន្តែ ពេលដែលខ្ញុំពិនិត្យមើលជីវិតប្រចំាំថ្ងៃរបស់ខ្ញុំឲ្យបានស៊ីជម្រៅ ខ្ញុំសង្កេតឃើញថា មានកក្តាមួយចំនួន ដែលធ្វើឲ្យការរស់នៅរបស់ខ្ញុំមានភាពល្អប្រសើរឡើង ទោះជារៀងរាល់ថ្ងៃ ខ្ញុំបានជួបរឿងល្អ ឬអាក្រក់យ៉ាងណាក៏ដោយ។
មានពេលមួយ ហោរាហាបាគុកកំពុងតែជួបរឿងដ៏ពិបាកជាច្រើន។ ព្រះជាម្ចាស់បានបើកសម្តែងឲ្យគាត់ដឹងថា នៅថ្ងៃមួយ ផលដំណាំ និងហ្វូងសត្វចិញ្ចឹម ដែលរាស្រ្តរបស់ព្រះពឹងផ្អែក នឹងមិនបង្កើតផលឡើយ(ហាបាគុក ៣:១៧)។ ដើម្បីអត់ទ្រាំនឹងទុក្ខលំបាក ពួកគេមិនអាចពឹងផ្អែកលើគំនិតវិជ្ជមានតែម្យ៉ាងឡើយ។ នៅសម័យនោះ ប្រជាជនអ៊ីស្រាអែលនឹងត្រូវជួបភាពទីទាល់ក្រយ៉ាងខ្លាំង។ ពោះលោកហាបាគុកក៏ញ័រប៉ផុក បបូរមាត់គាត់ក៏ញ័រទទាក់ ដោយឮសំឡេងនោះ មានសេចក្តីពុករលួយចូលក្នុងឆ្អឹងរបស់គាត់ គាត់ក៏ភ័យញ័រនៅក្នុងខ្លួន(ខ.១៦)។ ទោះយ៉ាងណាក៏ដោយ លោកហាបាគុកនិយាយថា គាត់នឹងនៅតែរីករាយ ដោយសារព្រះអម្ចាស់ ហើយអរសប្បាយក្នុងព្រះសង្រ្គោះ(ខ.១៨)។ គាត់ក៏បានប្រកាស់ថា គាត់មានសេចក្តីសង្ឃឹម នៅក្នុងព្រះជាម្ចាស់ ដែលប្រទានកម្លាំង ឲ្យគាត់ដើរក្នុងកន្លែងដែលពិបាក(ខ.១៩)។
ជួនកាល យើងឆ្លងកាត់រដូវកាលនៃការឈឺចាប់ និងទុក្ខលំបាកដ៏ធ្ងន់ធ្ងរ។ ប៉ុន្តែ ទោះយើងបាត់បង់ ឬខ្វះខាតអ្វីក៏ដោយ ក៏យើងអាចអរសប្បាយ ក្នុងទំនាក់ទំនងដែលយើងមានជាមួយព្រះនៃសេចក្តីស្រឡាញ់ ដូចលោកហាបាគុកផងដែរ។ សូម្បីតែនៅពេលដែលយើងមានអារម្មណ៍ថា យើងគ្មានអ្វីផ្សេងក៏ដោយ ក៏ទ្រង់នឹងមិនដែលធ្វើឲ្យយើងខកចិត្ត ឬបោះបង់យើងចោលឡើយ(ហេព្រើរ ១៣:៥)។ ព្រះដែលផ្គត់ផ្គង់ដល់អ្នកដែលសោយសោក ទ្រង់ជាហេតុផល ដែលយើងត្រូវមានអំណរឡើង(អេសាយ ៦១:៣)។—KIRSTEN HOLMBERG