នៅ​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ខណៈ​ពេល​ដែល​អ្នក​ដឹក​នាំ​ពួក​ជំនុំ​អាឡឺម៉ង់​ភាគ​ច្រើន ចុះ​ចូល​នឹង​លោក​អ៊ីត្លែ ដែល​ជា​មេដឹក​នាំ​ផ្តាច់​ការ​របស់​ប្រទេស​អាឡឺម៉ង់ លោក​ម៉ាទីន នេម៉ូល័រ(Martin Niemöller) ដែល​ជា​ទេវវិទូ និង​ជាគ្រូ​គង្វាល ស្ថិត​ក្នុង​ចំណោម​អ្នក​ក្លាហាន​មួយ​ចំនួន ដែល​បាន​ប្រឆាំង​នឹង​អំពើ​អាក្រក់​របស់​របប​ណាហ្ស៊ី។ ខ្ញុំ​បាន​អាន​រឿង​មួយ ដែល​ពិពណ៌នា អំពី​ជន​ជាតិ​អាឡឺម៉ង់​វ័យ​ចំណាស់​មួយ​ក្រុម កំពុង​ឈរ​នៅ​ខាង​ក្រៅ​សណ្ឋាគារ​ធំ​មួយ នៅទសវត្សរ៍​ឆ្នាំ​១៩៧០ ហើយ​ក្នុង​ចំណោម​ពួក​គេ​មាន​បុរស​វ័យ​ក្មេង​ម្នាក់ កំពុង​តែ​ជញ្ជូន​វ៉ាលី​របស់​ក្រុម​នោះ យ៉ាងញាប់​ដៃ​ញាប់​ជើង។ មាន​មនុស្ស​ម្នាក់​បាន​សួរ​ថា តើ​មនុស្ស​មួយ​ក្រុម​នេះ​ជា​នរណា? គេ​ក៏​បាន​ឆ្លើយ​ថា “ពួក​គេ​ជាគ្រូ​គង្វាល​អាឡឺម៉ង់”។ “ចុះ​ចំណែក​ឯ​បុរស​វ័យ​ក្មេង​នោះ ជា​នរណា​ដែរ?” “គាត់​គឺ​លោក​ម៉ាទីន នេម៉ូល័រ។ គាត់​មានអាយុ​៨០​ឆ្នាំ​ហើយ។ ប៉ុន្តែ គាត់​ក្មេង​ជាង​វ័យ ដោយ​សារ​គាត់ មិន​ចេះ​ភ័យ​ខ្លាច ”។ លោក​នេម៉ូល័រ​អាច​ជម្នះ​ការ​ភ័យ​ខ្លាច មិន​មែន​ដោយ​សារ​គាត់​មាន​ហ្សែន​ជា​មនុស្ស​អស្ចារ្យ​ពី​កំណើត ដែល​មិន​ចេះ​ភ័យ​ខ្លាច​នេះ​ឡើយ ប៉ុន្តែ គឺ​ដោយ​សារ​តែ​ព្រះ​គុណ​របស់​ព្រះ​ប៉ុណ្ណោះ។​ តាម​ពិត កាល​ពី​មុន គាត់​ធ្លាប់​មាន​ទស្សនៈ​ប្រឆាំង​នឹង​ជន​ជាតិ​យូដា ឬ​ជ្វីប។ ប៉ុន្តែ គាត់​បាន​លន់​តួរបាប ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ស្អាង​គាត់​ឡើង​វិញ ហើយ​ជួយ​ឲ្យ​គាត់​និយាយ និង​រស់​នៅ​តាមសេចក្តី​ពិត​របស់​ទ្រង់។

លោក​ម៉ូសេ​លើក​ទឹក​ចិត្ត​ប្រជាជន​អ៊ីស្រាអែល ឲ្យ​ជម្នះ​ការ​ភ័យ​ខ្លាច ហើយ​ដើរ​តាម​ព្រះ ក្នុង​សេចក្តី​ពិត។ ពេល​ដែល​ពួក​គេ​បាន​ទទួល​ដំណឹង​ថា ព្រះ​ជា​ម្ចាស់​នឹង​ដក​លោក​ម៉ូសេ​ចេញ​ពី​ពួក​គេ ពួក​គេ​ក៏​មាន​ការ​ភ័យ​ខ្លាច បាន​ជា​អ្នកដឹក​នាំ​រូប​នេះ​កំឡា​ចិត្ត​ពួក​គេ ដោយ​ពាក្យ​សម្តី​ដ៏​មុត​មាំ​ថា​ “​ចូរ​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ឡើង កុំ​ឲ្យ​ខ្លាច ឬ​មាន​សេចក្តី​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅ​ជា​មួយ​នឹង​ឯង”(ចោទិយកថា ៣១:៦)។ យើង​គ្មាន​ហេតុ​ផល​អ្វី ដែល​ត្រូវ​ភ័យ​ញ័រ នៅ​ចំពោះ​ពេល​អនាគត ដែល​ពួក​គេ​មិន​ដឹង​ច្បាស់​នោះ​ឡើយ ព្រោះ​ព្រះ​ជាម្ចាស់​តែង​តែ​គង់​នៅ​ជា​មួយ​ពួក​គេ​ជា​និច្ច។

ទោះ​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ភាព​ងងឹត​យ៉ាង​ណា ទោះ​មាន​រឿង​អ្វី​ក៏​ដោយ ព្រះ​ជា​ម្ចាស់​គង់​នៅ​ជា​មួយ​អ្នក​ជា​និច្ច។ ដោយសារ​សេចក្តី​មេត្តា​របស់​ព្រះ នោះ​អ្នក​អាច​ប្រឈម​មុខ​ដាក់​ការ​ភ័យ​ខា្លច​របស់​អ្នក​ ដោយ​ដឹង​ថា “ព្រះ​អង្គ​នឹង​មិនចាក​ចេញ​ពី​អ្នក ឬ​បោះ​បង់​អ្នក​ចោល​ឡើយ”(ខ.៦,៨)។—WINN COLLIER