មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ផ្ញើសារ​ជា​សម្លេង ​សុំ​ឲ្យ​ខ្ញុំ​ផ្ញើ​សារ​ឲ្យ​នាង​ ពេល​ណា​នាង​មិន​អាច​លើក​ទូរស័ព្ទ​និយាយ​ជា​មួយ​ខ្ញុំ។ ក្នុង​សារ​នោះ គាត់​បាន​និយាយ​បញ្ចប់ ដោយ​ភាព​រីក​រាយ​ថា “សូម​ឲ្យ​មាន​ថ្ងៃ​ដ៏​អស្ចារ្យ!” ខណៈ​ពេល​ដែល​ខ្ញុំ​គិត​អំពី​ពាក្យ​នេះ ខ្ញុំ​ក៏​បាន​ដឹង​ថា យើង​គ្មាន​អំណាច​អ្វី ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​នីមួយ​ៗ ក្លាយ​ជា “ថ្ងៃ​ដ៏​អស្ចារ្យ”ឡើយ ព្រោះ​យើង​ត្រូវជួប​ឧបស័គ្គ​ជា​ច្រើន ដែល​តែង​តែ​រំខាន​ការ​រស់​នៅ​របស់​យើង។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ពិនិត្យ​មើល​ជីវិត​ប្រចំាំ​ថ្ងៃ​របស់​ខ្ញុំ​ឲ្យ​បាន​ស៊ី​ជម្រៅ ខ្ញុំ​សង្កេត​ឃើញ​ថា មាន​កក្តា​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​ខ្ញុំ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ទោះ​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​បាន​ជួប​រឿង​ល្អ ឬ​អាក្រក់​យ៉ាង​ណា​ក៏​ដោយ។

មាន​ពេល​មួយ ហោរា​ហាបាគុក​កំពុង​តែ​ជួប​រឿង​ដ៏​ពិបាក​ជា​ច្រើន។ ព្រះ​ជា​ម្ចាស់​បាន​បើក​សម្តែង​ឲ្យ​គាត់​ដឹង​ថា នៅថ្ងៃ​មួយ ផល​ដំណាំ និង​ហ្វូង​សត្វ​ចិញ្ចឹម ដែល​រាស្រ្ត​របស់​ព្រះ​ពឹង​ផ្អែក នឹង​មិន​បង្កើត​ផល​ឡើយ​(ហាបាគុក ៣:១៧)។ ដើម្បី​អត់​ទ្រាំ​នឹង​ទុក្ខ​លំបាក ពួក​គេ​មិន​អាច​ពឹង​ផ្អែក​លើ​គំនិត​វិជ្ជ​មាន​តែ​ម្យ៉ាង​ឡើយ។ នៅ​សម័យ​នោះ ប្រជាជន​អ៊ីស្រាអែល​នឹង​ត្រូវ​ជួប​ភាព​ទីទាល់​ក្រ​យ៉ាង​ខ្លាំង។ ពោះ​លោក​ហាបាគុក​ក៏​ញ័រ​ប៉ផុក បបូរ​មាត់គាត់​ក៏​ញ័រ​ទទាក់ ដោយ​ឮ​សំឡេង​នោះ មាន​សេចក្តី​ពុករលួយ​ចូល​ក្នុង​ឆ្អឹង​របស់គាត់ គាត់ក៏​ភ័យញ័រ​នៅ​ក្នុង​ខ្លួន(ខ.១៦)។ ទោះ​យ៉ាង​ណា​ក៏ដោយ លោក​ហាបាគុក​និយាយ​ថា គាត់​នឹង​នៅ​តែ​រីក​រាយ ដោយសារ​ព្រះ​អម្ចាស់ ហើយ​អរ​សប្បាយ​ក្នុង​ព្រះ​សង្រ្គោះ(ខ.១៨)។ គាត់​ក៏​បាន​ប្រកាស់​ថា គាត់​មាន​សេចក្តី​សង្ឃឹម នៅ​ក្នុង​ព្រះ​ជា​ម្ចាស់ ដែល​ប្រទាន​កម្លាំង ឲ្យ​គាត់​ដើរ​ក្នុងកន្លែង​ដែល​ពិបាក(ខ.១៩)។

ជួន​កាល យើង​ឆ្លង​កាត់​រដូវ​កាល​នៃ​ការ​ឈឺ​ចាប់ និង​ទុក្ខ​លំបាក​ដ៏​ធ្ងន់​ធ្ងរ។ ប៉ុន្តែ ទោះ​យើង​បាត់​បង់ ឬ​ខ្វះខាត​អ្វី​ក៏ដោយ ក៏​យើង​អាច​អរ​សប្បាយ ក្នុង​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ដូច​លោក​ហាបាគុក​ផង​ដែរ។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា យើង​គ្មាន​អ្វី​ផ្សេង​ក៏​ដោយ ក៏​ទ្រង់​នឹង​មិន​ដែល​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត ឬ​បោះ​បង់​យើង​ចោល​ឡើយ(ហេព្រើរ ១៣:៥)។ ព្រះ​ដែល​ផ្គត់​ផ្គង់​ដល់​អ្នក​ដែល​សោយ​សោក ទ្រង់​ជា​ហេតុ​ផល ដែល​យើង​ត្រូវ​មាន​អំណរ​ឡើង​(អេសាយ ៦១:៣)។—KIRSTEN HOLMBERG