ឈ្មោះ​របស់​អ្នក​ស្រី​ម៉ាដេលីន ហារេត អរ ជែកសិន វីលាម(Madeline Harriet Orr Jackson Williams) ជាឈ្មោះ​ដ៏​វែង តែ​មិន​វែង​ដូច​អាយុ​របស់​គាត់​ទេ។ គាត់​បាន​រស់​ដល់​អាយុ​១០១​ឆ្នាំ ដោយ​មាន​ស្វាមី​ពីរ​នាក់ ដែល​បាន​ស្លាប់​មុន​គាត់។ ស្វាមី​គាត់​សុទ្ធ​តែ​ជា​គ្រូ​អធិប្បាយ។ អ្នក​ស្រី​ម៉ាដេលីន គឺ​ជា​យាយ​របស់​ខ្ញុំ ហើយ​យើង​បាន​ហៅ​គាត់​ថា ម៉ាំម៉ា(Momma)។ ខ្ញុំ និង​បង​ប្អូន​របស់​ខ្ញុំ​ត្រូវ​តែ​ស្គាល់​គាត់​ឲ្យ​បាន​ជិត​ដិត ព្រោះ​យើង​បាន​រស់​នៅ ក្នុង​ផ្ទះ​គាត់ រហូត​ដល់​ពេល​ដែល​ស្វាមី​ទីពីរ​របស់​គាត់ បាន​លាចាក​លោក​ចោល​គាត់។ ក្រោយ​មក យើង​ក៏​បាន​ផ្លាស់​ទៅ​រស់​នៅ ចម្ងាយ​ប្រហែល​៧០​គីឡូ​ម៉ែត្រ​ពី​គាត់។ យាយ​របស់​យើង គឺ​ជា​ស្រ្តី​ដែល​ចូល​ចិត្ត​ច្រៀង​បទ​ទំនុក​ដំកើង សូត្រ​ខគម្ពីរ និង​លេង​ព្យាណូ ហើយ​គាត់​ក៏​កោត​ខ្លាច​ព្រះ​ផង​ដែរ។ ខ្ញុំ​និង​បង​ប្អូន​ខ្ញុំ​មាន​ការ​នឹក​ចាំ​អំពី​គាត់​ ដោយ​សារជំនឿ​របស់​គាត់។

តាម​បទ​គម្ពីរ ២ធីម៉ូថេ ១:៣-៧ អ្នក​ស្រី​ឡូអ៊ីស ដែល​ជា​ជីដូន​របស់​លោក​ធីម៉ូថេ និង​អ្នក​ស្រីយូនិច ដែល​ជា​ម្តាយ​របស់​គាត់​មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង មក​លើ​ជីវិត​គាត់។ ការ​រស់​នៅ និង​ការ​បង្រៀន​របស់​ពួក​គេ បាន​ចាក់​ឬស​ចូល​ក្នុងដី​ដ៏​មាន​ជីជាតិ​នៃ​ព្រះ​គម្ពីរ(ខ.៥ ២ធីម៉ូថេ ៣:១៤-១៦) ហើយ​ទី​បំផុត សេចក្តី​ជំនឿ​របស់​ពួក​គេ​បាន​រីក​ឡើង នៅ​ក្នុង​ចិត្ត​របស់​លោក​ធីម៉ូថេ។ អ្នក​ទាំង​ពីរ​បាន​អប់​រំ​គាត់ ផ្អែក​ទៅ​លើ​ព្រះ​គម្ពីរ ដែល​មិន​គ្រាន់​តែ​បាន​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ទំនាក់​ទំនង ដែល​គាត់​មាន​ជា​មួយ​ព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះ​ឡើយ តែ​ក៏​ជា​កត្តា​ដ៏​សំខាន់ ដែល​នាំ​ឲ្យ​គាត់​ក្លាយ​ជា​មនុស្ស​ដ៏​មាន​ប្រយោជន៍ នៅ​ក្នុង​ការ​ងារ​បម្រើ​ព្រះ(១:៦-៧)។

សព្វ​ថ្ងៃ​នេះ ក៏​ដូច​ជា​នៅ​សម័យ​លោក​ធីម៉ូថេ ព្រះ​ជា​ម្ចាស់​បាន​ប្រើ​បុរស និង​ស្រ្តី​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន ដើម្បី​ធ្វើ​ជា​គំរូ​ដល់​មនុស្ស​ជំនាន់​ក្រោយ។ ព្រះ​ជា​ម្ចាស់​អាច​ប្រើ​ការ​អធិស្ឋាន ពាក្យ​សម្តី សកម្ម​ភាព និង​ការ​បម្រើ​របស់​យើង ដោយ​អំណាច​ចេស្តា​ទ្រង់​ ខណៈ​ពេល​ដែល​យើង​កំពុង​មាន​ជីវិត និង​បន្ទាប់​ពី​យើង​លាចាក​លោក​ទៅ។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ និង​បង​ប្អូន​ខ្ញុំ នៅ​តែ​បន្ត​ប្រើ​កេរ​ដំណែល​នៃ​ជំនឿ ដែល​ជីដូន​យើង​បាន​បន្សល់​ទុក​ឲ្យ។ ខ្ញុំ​សូម​អធិស្ឋាន ​សូម​ឲ្យ​កេរ​ដំណែល​របស់​គាត់ នៅ​បន្ត​ទៅ​មុខ​ទៀត បន្ទាប់​ពី​យើង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​ជា​ម្ចាស់។—ARTHUR JACKSON