ឈ្មោះរបស់អ្នកស្រីម៉ាដេលីន ហារេត អរ ជែកសិន វីលាម(Madeline Harriet Orr Jackson Williams) ជាឈ្មោះដ៏វែង តែមិនវែងដូចអាយុរបស់គាត់ទេ។ គាត់បានរស់ដល់អាយុ១០១ឆ្នាំ ដោយមានស្វាមីពីរនាក់ ដែលបានស្លាប់មុនគាត់។ ស្វាមីគាត់សុទ្ធតែជាគ្រូអធិប្បាយ។ អ្នកស្រីម៉ាដេលីន គឺជាយាយរបស់ខ្ញុំ ហើយយើងបានហៅគាត់ថា ម៉ាំម៉ា(Momma)។ ខ្ញុំ និងបងប្អូនរបស់ខ្ញុំត្រូវតែស្គាល់គាត់ឲ្យបានជិតដិត ព្រោះយើងបានរស់នៅ ក្នុងផ្ទះគាត់ រហូតដល់ពេលដែលស្វាមីទីពីររបស់គាត់ បានលាចាកលោកចោលគាត់។ ក្រោយមក យើងក៏បានផ្លាស់ទៅរស់នៅ ចម្ងាយប្រហែល៧០គីឡូម៉ែត្រពីគាត់។ យាយរបស់យើង គឺជាស្រ្តីដែលចូលចិត្តច្រៀងបទទំនុកដំកើង សូត្រខគម្ពីរ និងលេងព្យាណូ ហើយគាត់ក៏កោតខ្លាចព្រះផងដែរ។ ខ្ញុំនិងបងប្អូនខ្ញុំមានការនឹកចាំអំពីគាត់ ដោយសារជំនឿរបស់គាត់។
តាមបទគម្ពីរ ២ធីម៉ូថេ ១:៣-៧ អ្នកស្រីឡូអ៊ីស ដែលជាជីដូនរបស់លោកធីម៉ូថេ និងអ្នកស្រីយូនិច ដែលជាម្តាយរបស់គាត់មានឥទ្ធិពលយ៉ាងខ្លាំង មកលើជីវិតគាត់។ ការរស់នៅ និងការបង្រៀនរបស់ពួកគេ បានចាក់ឬសចូលក្នុងដីដ៏មានជីជាតិនៃព្រះគម្ពីរ(ខ.៥ ២ធីម៉ូថេ ៣:១៤-១៦) ហើយទីបំផុត សេចក្តីជំនឿរបស់ពួកគេបានរីកឡើង នៅក្នុងចិត្តរបស់លោកធីម៉ូថេ។ អ្នកទាំងពីរបានអប់រំគាត់ ផ្អែកទៅលើព្រះគម្ពីរ ដែលមិនគ្រាន់តែបានធ្វើជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង ដែលគាត់មានជាមួយព្រះជាម្ចាស់ប៉ុណ្ណោះឡើយ តែក៏ជាកត្តាដ៏សំខាន់ ដែលនាំឲ្យគាត់ក្លាយជាមនុស្សដ៏មានប្រយោជន៍ នៅក្នុងការងារបម្រើព្រះ(១:៦-៧)។
សព្វថ្ងៃនេះ ក៏ដូចជានៅសម័យលោកធីម៉ូថេ ព្រះជាម្ចាស់បានប្រើបុរស និងស្រ្តីដ៏ស្មោះត្រង់ជាច្រើន ដើម្បីធ្វើជាគំរូដល់មនុស្សជំនាន់ក្រោយ។ ព្រះជាម្ចាស់អាចប្រើការអធិស្ឋាន ពាក្យសម្តី សកម្មភាព និងការបម្រើរបស់យើង ដោយអំណាចចេស្តាទ្រង់ ខណៈពេលដែលយើងកំពុងមានជីវិត និងបន្ទាប់ពីយើងលាចាកលោកទៅ។ ហេតុនេះហើយ បានជាខ្ញុំ និងបងប្អូនខ្ញុំ នៅតែបន្តប្រើកេរដំណែលនៃជំនឿ ដែលជីដូនយើងបានបន្សល់ទុកឲ្យ។ ខ្ញុំសូមអធិស្ឋាន សូមឲ្យកេរដំណែលរបស់គាត់ នៅបន្តទៅមុខទៀត បន្ទាប់ពីយើងបានទៅនៅជាមួយព្រះជាម្ចាស់។—ARTHUR JACKSON