ជីដូនរបស់ខ្ញុំជាជាងកាត់ដេរដ៏ស្ទាត់ជំនាញ ដែលបានឈ្នះការប្រកួត នៅក្នុងស្រុកកំណើតរបស់គាត់ នៅរដ្ឋតិចសាស់។ ពេញមួយជីវិតគាត់ គាត់បានអបអរឱកាស ឬព្រឹត្តិការពិសេសៗ ដោយប្រើអំណោយទានកាត់ដេរដោយផ្ទាល់ដៃ។ ឧទាហរណ៍ គាត់បានចាក់អាវរងាពណ៌ឈាមជ្រូក ធ្វើជាអំណោយសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំនៅវិទ្យាល័យ។ ហើយគាត់ក៏បានដេរភួយពណ៌បៃតងខ្ចី សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំ។ ពេលខ្ញុំមើលទៅជាយអាវ និងភួយទាំងនោះ ខ្ញុំក៏បានរកឃើញហត្ថលេខារបស់គាត់ ដែលបានសរសេរថា “ផលិតដោយជីដូនរបស់អ្នក”។ ពាក្យដែលគាត់បានប៉ាក់ពីលើក្រណាត់ទាំងនោះ បានធ្វើឲ្យខ្ញុំនឹកចំាអំពីសេចក្តីស្រឡាញ់ ដែលគាត់មានចំពោះខ្ញុំ ហើយបានបង្ហាញក្តីជំនឿរបស់គាត់ផងដែរ។
សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងអេភេសូរ ដោយបញ្ជាក់អំពីគោលបំណងនៃជីវិតរបស់ពួកគេ ក្នុងពិភពលោកនេះ។ គឺដូចដែលគាត់បានពិពណ៌នាថា ពួកគេគឺជា “ស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម”(២:១០)។ ត្រង់ចំណុចនេះ ពាក្យ “ស្នាដៃ” គឺមានន័យថា ស្នាដៃសីល្បៈ ឬស្នាដៃឯក។ បន្ទាប់មក សាវ័កប៉ុលក៏បានពិពណ៌នាថា ព្រះជាម្ចាស់បានបង្កើតយើង ឲ្យធ្វើជាស្នាព្រះហស្តទ្រង់ ដើម្បីឲ្យយើងធ្វើការល្អ ឬបង្ហាញចេញនូវទំនាក់ទំនងដែលយើងមានជាមួយព្រះយេស៊ូវ ដើម្បីថ្វាយសិរីល្អដល់ទ្រង់ ក្នុងលោកិយនេះ។ យើងមិនអាចជួយសង្រ្គោះខ្លួនឯង ដោយការប្រព្រឹត្តល្អបានទេ ប៉ុន្តែ ដោយសារព្រះបានបង្កើតយើងមក ដើម្បីបំពេញបំណងព្រះទ័យទ្រង់ នោះទ្រង់ក៏អាចប្រើយើង ដើម្បីនាំអ្នកដទៃ ឲ្យស្គាល់សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ផងដែរ។
ជីដូនរបស់ខ្ញុំបានឈ្ងោកទៅរកម្ជុលរបស់គាត់ ដើម្បីដេរអាវ និងភួយ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ ដែលគាត់មានចំពោះខ្ញុំ និងបង្ហាញចិត្តដែលចង់ឲ្យខ្ញុំរកឃើញគោលបំណងនៃជីវិត នៅលើផែនដីនេះ។ ព្រះហស្តទ្រង់បានបង្កើតឲ្យមានភាពលម្អិត នៃជីវិតប្រចាំថ្ងៃរបស់យើង ហើយទ្រង់ក៏បានដេរភ្ជាប់សេចក្តីស្រឡាញ់ និងបំណងព្រះទ័យទ្រង់ ក្នុងចិត្តយើង ដើម្បីឲ្យយើងបានពិសោធន៍នឹងសេចក្តីស្រឡាញ់របស់ទ្រង់ ដោយផ្ទាល់ខ្លួន ហើយបង្ហាញស្នាព្រះហស្តទ្រង់ ដល់អ្នកដទៃ។—ELISA MORGAN