អ្នក​ស្រី​គីម​ចាប់​ផ្តើម​ប្រយុទ្ធ​នឹង​ជម្ងឺ​មហា​រីក​ដោះ ក្នុង​ឆ្នាំ ២០១៣។ បន្ទាប់​ពី​ការ​ព្យាបាល​របស់​គាត់​បាន​បញ្ចប់ បាន​រយៈ​ពេល​៤​ថ្ងៃ វេជ្ជ​បណ្ឌិត​ក៏​បាន​រក​ឃើញ​ថា គាត់​មាន​ជម្ងឺ​សួត​ដែល​កំពុង​តែ​រីក​រាល​ដាល ហើយ​ក៏​បាន​ប្រាប់​គាត់​ថា គាត់​អាច​រស់​នៅ​បាន​តែ​៣​ទៅ​៥​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ គាត់​ក៏​បាន​សោក​សង្រេង ដោយ​អធិស្ឋាន​ទាំង​ខ្សឹក​ខ្សួល ខណៈពេល​ដែល​គាត់​បង្ហាញ​ចេញ​នូវ​អារម្មណ៍​របស់​គាត់ នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ឆ្នាំ​ដំបូង។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​បានជួប​អ្នក​ស្រី​គីម នៅ​ឆ្នាំ​២០១៥ ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​បាន​ថ្វាយ​ទុក្ខ​លំបាក​របស់​គាត់ ដាច់​ដល់​ទ្រង់ ហើយ​ក៏​បានបង្ហាញ​ចេញ​នូវ​ក្តី​អំណរ និង​សន្តិ​ភាព ដែល​គាត់​មាន​ក្នុង​ចិត្ត។ ទោះ​នៅ​ថ្ងៃ​ខ្លះ គាត់​នៅ​តែ​មាន​ការ​ពិបាក ព្រះ​ជា​ម្ចាស់​បាន​បន្ត​កែ​ប្រែ​ទុក្ខ​លំបាក​ដែល​ធ្វើ​ឲ្យ​ចិត្ត​រីក​រៃ ឲ្យ​ក្លាយ​ទៅ​ជា​ទីបន្ទាល់​ដ៏​ថ្លៃ​ថា្ល នៃ​ការ​សរសើរ​ដំកើង ពេញ​ដោយ​សង្ឃឹម ខណៈ​ពេល​ដែល​គាត់​លើក​ទឹក​ចិត្ត​អ្នក​ដទៃ។

សូម្បី​តែ​នៅ​ពេល​ដែល​យើង​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ដ៏​ពិបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះ​ជា​ម្ចាស់ អាច​កែ​ប្រែ​ការ​ទួញ​យំ​របស់​យើង ឲ្យ​ក្លាយ​ជា​ការ​លោត​រាំ។ ទោះ​ការ​ប្រោស​ឲ្យ​ជា​របស់​ទ្រង់ មិន​តែង​តែ​ដូច​អ្វី​ដែល​យើង​សង្ឃឹម​ចង់​បាន​ក្តី ​ក៏​យើង​អាច​ទុក​ចិត្ត​ថា ផ្លូវ​របស់​ទ្រង់​តែង​តែ​ល្អ​ជា​និច្ច(ទំនុកដំកើត ៣០:១-៣)។ ទោះ​ដំណើរ​ជីវិត​យើង​បានប្រឡាក់​ទៅ​ដោយ​ទឹក​ភ្នែក​យ៉ាង​ណា​ក្តី ក៏​យើង​នៅ​តែ​មាន​ហេតុ​ផល​ជា​ច្រើន​រាប់​មិន​អស់ ដើម្បី​នឹង​សរសើរ​ដំកើង​ព្រះ​អង្គ​(ខ.៤)។ យើង​អាច​អរ​សប្បាយ​ក្នុង​ព្រះ​ជា​ម្ចាស់ ខណៈ​ពេល​ដែល​ទ្រង់​ជួយ​ឲ្យ​ជំនឿ​យើង​មាន​ភាព​រឹង​មាំ​(ខ.៥-៧)។ យើង​អាច​ស្រែក​រក​សេចក្តី​មេត្តា​របស់​ទ្រង់​(ខ.៨-១០) ដោយ​អបអរ​ចំពោះ​សេចក្តី​សង្ឃឹម ដែល​ទ្រង់​បាន​ប្រទាន ដល់​អ្នក​ថ្វាយ​បង្គំ​ជា​ច្រើន​ដែល​ទួញ​យំ។ មាន​តែ​ព្រះ​ជា​ម្ចាស់​ទេ ដែល​អាច​កែ​ប្រែ​ទំនួញ​នៃ​ភាព​អស់​សង្ឃឹម ​ឲ្យ​ក្លាយ​ជា​ក្តី​អំណរ​ដ៏​រស់​រវើក ដែល​មិន​ពឹង​ផ្អែក​លើ​កាលៈ​ទេសៈ(ខ.១១-១២)។

ខណៈ​ពេល​ដែល​ព្រះ​នៃ​យើង​ដែល​ប្រកប​ដោយ​សេចក្តី​មេត្តា កម្សាន្ត​ចិត្ត​យើង ពេល​ដែល​យើង​មាន​ទុក្ខ​ព្រួយ ទ្រង់​ក៏​បាន​ហ៊ុម​ព័ទ្ធ​យើង ដោយ​សន្តិ​ភាព ហើយ​ប្រទាន​កម្លាំង ឲ្យ​យើង​អាច​ចែក​រំលែក​សេចក្តី​អាណឹត ទៅ​ដល់​អ្នក​ដទៃ ​និង​ខ្លួន​យើង។ ព្រះ​អម្ចាស់​នៃ​យើង ដែល​ប្រកប​ដោយ​ក្តី​ស្រឡាញ់ និង​ស្មោះ​ត្រង់ ពិត​ជា​អាច​កែ​ប្រែ​ការ​ទួញ​យំ​របស់​យើង ឲ្យ​ក្លាយ​ជា​ការ​ថ្វាយ​បង្គំ ដែល​អាច​នាំ​ឲ្យ​យើង​មាន​ការ​ទុក្ខ​ចិត្ត​ដ៏​ជ្រាល​ជ្រៅ ការ​សរសើរ​ដំកើង និង​ការ​រាំ​ដោយ​អំណរ។—XOCHITL DIXON