នៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៨ បន្ទាប់ពីលោកម៉ាខុម អាឡេកសាដឺរ(Malcolm Alexander)បានជាប់គុក៣៨ឆ្នំា គាត់ក៏បានដើរចេញពីពន្ធធនាគា ក្នុងនាមជាមនុស្សដែលមានសេរីភាពឡើងវិញ។ តាមភស្តុតាងនៃការពិនិត្យឌីអិនអេ បានបញ្ជាក់ថា លោកអាឡេកសាដឺរ មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។ គាត់បានប្រកាន់ជំហរដ៏មុតមាំ នៅក្នុងការអៈអាងថា គាត់ជាមនុស្សស្លូតត្រង់ ខណៈពេលដែលតុលាការបានសម្រេចកាត់ទោសគាត់ ដោយអយុត្តិធម៌។ ជនស្លូតត្រង់ម្នាក់នេះបានជាប់គុកដោយអយុត្តិធម៌ អស់ពេលជិត៤ទសវត្សរ៍ ដោយសារមេធាវីការពារក្តីដ៏អសមត្ថភាពរបស់គាត់(ក្រោយមក ត្រូវបានគេហាមមិនឲ្យធ្វើជាមេធាវីទៀត) ភស្តុតាងដែលគេប្រមូលបាន ដោយខ្វះការប្រុងប្រយ័ត្ន និងវិធីសាស្រ្តស៊ើបអង្កេតដែលមិនប្រាកដប្រជា។
ទោះជាយ៉ាងណាក៏ដោយ ពេលដែលគេដោះលែងគាត់ឲ្យមានសេរីភាព គាត់ក៏បានបង្ហាញចេញនូវចិត្តប្រកបដោយគុណរបស់ព្រះ ដ៏គួរឲ្យភ្ញាក់ផ្អើល។ គាត់ក៏បានប្រាប់គេថា គាត់មិនអាចខឹងបានទេ។ គាត់គ្មានពេលគ្រប់គ្រាន់ ដើម្បីខឹងទៀតឡើយ។
ពាក្យសម្តីរបស់លោកអាឡេកសានដឺរ បានបង្ហាញចេញនូវចិត្តប្រកបដោយព្រះគុណព្រះដ៏ជ្រាលជ្រៅ។ បើការកាត់ក្តីដ៏អយុត្តិធម៌ បានធ្វើឲ្យយើងខាតបង់ពេលវេលាអស់៣៨ឆ្នាំ ហើយបានបំផ្លាញកេរឈ្មោះរបស់យើង នោះយើងទំនងជាខឹងសម្បា ចំពោះគេ។ គាត់បានអត់ទ្រាំអស់ជាច្រើនឆ្នាំ នៅក្នុងគុក ដោយចិត្តខ្លោចផ្សា ដោយបន្ទុកនៃភាពអយុត្តិធម៌ ដែលគាត់បានទទួលរង ប៉ុន្តែ គាត់មិនបានស្នងការអាក្រក់ ដោយការអាក្រក់ឡើយ។ គាត់មិនបានបម្រើកម្លាំងរបស់គាត់ ដើម្បីសងសឹក តែបានបង្ហាញចេញនូវឥរិយ៉ាបថ ដូចដែលសាវ័កពេត្រុសបានបង្គាប់ថា ចូរកុំ “ធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ”(១ពេត្រុស ៣:៩)។
ព្រះគម្ពីរបានបង្រៀនយើង ឲ្យធ្វើល្អថែមមួយកំរិតទៀត គឺដូចដែលសាវ័កពេត្រុសបានប្រាប់យើងថា យើងមិនត្រូវសងសឹកមកលើគេវិញឡើយ តែត្រូវឲ្យពរគេ(ខ.៩)។ ពេលដែលយើងបង្ហាញចេញនូវការអត់ទោស និងឲ្យពរដល់អ្នកដែលបានធ្វើខុសមកលើយើង ដោយអយុត្តិធម៌ យើងអាចផ្តល់ឲ្យគេ នូវសេចក្តីមេត្តា តាមខ្នាតគំរូរបស់ព្រះជាម្ចាស់។ ព្រះយេស៊ូវបានទទួលបន្ទុកនៃអំពើបាបរបស់យើង នៅលើឈើឆ្កាង ដើម្បីឲ្យយើងអាចទទួលព្រះគុណ ហើយចែកផ្សាយព្រះគុណទ្រង់ ដល់អ្នកដទៃ ដោយរាប់បញ្ចូលអ្នកដែលបានធ្វើខុសមកលើយើងផងដែរ។—WINN COLLIER