នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ ២០១៨ បន្ទាប់​ពី​លោក​ម៉ាខុម អាឡេកសាដឺរ(Malcolm Alexander)បាន​ជាប់​គុក​៣៨ឆ្នំា គាត់​ក៏​បាន​ដើរ​ចេញ​ពី​ពន្ធ​ធនាគា ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​សេរីភាព​ឡើង​វិញ។ តាម​ភស្តុ​តាង​នៃ​ការ​ពិនិត្យ​ឌីអិនអេ បាន​បញ្ជាក់​ថា លោក​អាឡេកសាដឺរ មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ គាត់​បាន​ប្រកាន់ជំហរ​ដ៏​មុត​មាំ នៅ​ក្នុង​ការ​អៈអាង​ថា គាត់​ជា​មនុស្ស​ស្លូត​ត្រង់ ខណៈ​ពេល​ដែល​តុលាការ​បាន​សម្រេច​កាត់​ទោស​គាត់ ដោយ​អយុត្តិ​ធម៌។ ជន​ស្លូត​ត្រង់​ម្នាក់​នេះ​បាន​ជាប់​គុក​ដោយ​អយុត្តិធម៌ អស់​ពេល​ជិត​៤​ទសវត្សរ៍ ដោយ​សារ​មេធាវី​ការពារ​ក្តី​ដ៏​អសមត្ថ​ភាព​របស់​គាត់​(ក្រោយ​មក ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ធ្វើ​ជា​មេធាវី​ទៀត) ភស្តុតាង​ដែល​គេ​ប្រមូលបាន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​វិធី​សាស្រ្ត​ស៊ើប​អង្កេត​ដែល​មិន​ប្រាកដប្រជា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពេល​ដែល​គេ​ដោះ​លែង​គាត់​ឲ្យ​មាន​សេរីភាព គាត់​ក៏​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ប្រកប​ដោយគុណ​របស់​ព្រះ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ គាត់​ក៏​បាន​ប្រាប់​គេ​ថា គាត់​មិន​អាច​ខឹង​បាន​ទេ។ គាត់​គ្មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​ខឹង​ទៀត​ឡើយ។

ពាក្យ​សម្តី​របស់​លោក​អាឡេកសានដឺរ បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ប្រកប​ដោយ​ព្រះ​គុណ​ព្រះ​ដ៏​ជ្រាល​ជ្រៅ។ បើ​ការ​កាត់​ក្តី​ដ៏​អយុត្តិធម៌ បាន​ធ្វើ​ឲ្យ​យើង​ខាត​បង់​ពេល​វេលា​អស់​៣៨​ឆ្នាំ ហើយ​បាន​បំផ្លាញ​កេរ​ឈ្មោះ​របស់​យើង នោះ​យើងទំនង​ជា​ខឹង​សម្បា ចំពោះ​គេ។ គាត់​បាន​អត់​ទ្រាំ​អស់​ជា​ច្រើន​ឆ្នាំ នៅ​ក្នុង​គុក ដោយ​ចិត្ត​ខ្លោច​ផ្សា ដោយ​បន្ទុក​នៃ​ភាព​អយុត្តិ​ធម៌ ដែល​គាត់​បាន​ទទួល​រង ប៉ុន្តែ គាត់​មិន​បាន​ស្នង​ការ​អាក្រក់ ដោយ​ការ​អាក្រក់​ឡើយ។ គាត់​មិន​បាន​បម្រើ​កម្លាំង​របស់​គាត់ ដើម្បី​សង​សឹក តែ​បាន​បង្ហាញ​ចេញ​នូវ​ឥរិយ៉ាបថ ដូច​ដែល​សាវ័ក​ពេត្រុស​បាន​បង្គាប់​ថា ចូរកុំ “ធ្វើ​ការ​អាក្រក់​ស្នង​នឹងការអាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ”(១ពេត្រុស ៣:៩)។

ព្រះ​គម្ពីរ​បាន​បង្រៀន​យើង ឲ្យ​ធ្វើ​ល្អ​ថែម​មួយ​កំរិត​ទៀត គឺ​ដូច​ដែល​សាវ័ក​ពេត្រុស​បាន​ប្រាប់​យើង​ថា យើង​មិន​ត្រូវសង​សឹក​មក​លើ​គេ​វិញ​ឡើយ តែ​ត្រូវ​ឲ្យ​ពរ​គេ​(ខ.៩)។ ពេល​ដែល​យើង​បង្ហាញ​ចេញ​នូវ​ការ​អត់​ទោស និង​ឲ្យ​ពរ​ដល់​អ្នក​ដែល​បាន​ធ្វើ​ខុស​មក​លើ​យើង ដោយ​អយុត្តិ​ធម៌ យើង​អាច​ផ្តល់​ឲ្យ​គេ នូវ​សេចក្តី​មេត្តា តាម​ខ្នាត​គំរូ​របស់​ព្រះ​ជាម្ចាស់។ ព្រះ​យេស៊ូវ​បាន​ទទួល​បន្ទុក​នៃ​អំពើ​បាប​របស់​យើង នៅ​លើ​ឈើ​ឆ្កាង ដើម្បីឲ្យ​យើង​អាច​ទទួល​ព្រះ​គុណ ហើយ​ចែក​ផ្សាយ​ព្រះ​គុណ​ទ្រង់ ដល់​អ្នក​ដទៃ ដោយ​រាប់​បញ្ចូល​អ្នក​ដែល​បាន​ធ្វើ​ខុស​មក​លើ​យើង​ផង​ដែរ។—WINN COLLIER