ពេលណាខ្ញុំនឹកគិតដល់ប៉ារបស់ខ្ញុំ ខ្ញុំស្រមៃឃើញគាត់កំពុងដុំដែលគោលនៅក្រៅផ្ទះ ឬកំពុងថែសួន ឬក៏កំពុងធ្វើការងារជាងក្នុងបន្ទប់ខាងក្រោម ដែលមានពេញទៅដោយឧបករណ៍ និងសម្ភារៈជាងល្អៗជាច្រើន។ គាត់កំពុងជាប់ដៃធ្វើកិច្ចការ ឬគម្រោងណាមួយ ជួនកាល គាត់សាងសង់បន្ទប់ដាក់ឡាន ឬផ្ទះសម្រាប់សត្វចាប ជួនកាល គាត់ជួសជុលសោរ ហើយជួនកាល គាត់រចនាគ្រឿងអល្លង្កា និងរូបចម្លាក់ធ្វើពីកញ្ចក់ពណ៌ជាដើម។
ការនឹកគិតដល់ប៉ារបស់ខ្ញុំ បានជំរុញចិត្តខ្ញុំ ឲ្យគិតអំពីព្រះវរបិតា និងព្រះអាទិករនៃខ្ញុំ ដែលគង់នៅស្ថានសួគ៌ ដែលទ្រង់តែងតែធ្វើការរបស់ទ្រង់ យ៉ាងសកម្មជាប់ជានិច្ច។ នៅដើមដំបូង ព្រះជាម្ចាស់បានចាក់គ្រឹះរបស់ផែនដី ហើយក៏បានកំណត់ទំហំរបស់វា ខណៈពេលដែលផ្កាយព្រឹកបានច្រៀងព្រមគ្នា ពួកទេវតាក៏បានស្រែកអបអរសាទរ(យ៉ូប ៣៨:៤-៧)។ អ្វីៗដែលទ្រង់បានបង្កើត គឺជាស្នាដៃសីល្បៈ ឬជាស្នាដៃឯក។ ទ្រង់បានរចនា ឲ្យមានពិភពលោក ដែលមានសម្រស់គួរឲ្យគយគន់ ហើយបានមានបន្ទូលថា “ល្អប្រពៃណាស់”(លោកុប្បត្តិ ១:៣១)។
ស្នាព្រះហស្តរបស់ទ្រង់ក៏បានរាប់បញ្ចូលអ្នក និងខ្ញុំផងដែរ។ ព្រះជាម្ចាស់បានរចនាយើង ដោយភាពលម្អិតដ៏រៀបរយ(ទំនុកដំកើង ១៣៩:១៣-១៦) ហើយទ្រង់បានបង្កើតយើង ឲ្យមានរូបភាពដូចទ្រង់ ហើយបានឲ្យយើងគ្រប់គ្រង និងថែរក្សាផែនដី និងសត្វដែលទ្រង់បានបង្កើត(លោកុប្បតិ្ត ១:២៦-២៨ ២:១៥)។ ទោះយើងធ្វើការអ្វី ឬកំពុងស្ថិតក្នុងពេលសម្រាកកម្សាន្តក៏ដោយ ព្រះជាម្ចាស់ប្រទានកម្លាំង និងប្រទានអ្វីដែលយើងត្រូវការ ដើម្បីធ្វើការថ្វាយទ្រង់ អស់ពីចិត្ត។
ទោះយើងធ្វើអ្វីក៏ដោយ ចូរយើងធ្វើ ដើម្បីបំពេញព្រះទ័យទ្រង់។—ALYSON KIEDA