តុក្កតា​ខ្លា​ឃ្មំ​ឈ្មោះ វីនី ដឺភូហ៍(Winnie the Pooh) ធ្លាប់​បាន​និយាយ​ពាក្យ​សម្តី​ដ៏​ល្បីល្បាញ​ថា “បើ​អ្នក​និយាយ​ទៅកាន់​នរណា​ម្នាក់ ហើយ​គាត់​ហាក់​ដូច​ជា​មិន​ស្តាប់​អ្នក​និយាយ​ទេ សូម​អត់​ធ្មត់។ គាត់​ប្រហែល​ជា​មាន​ដុំ​សំឡី​តូច​មួយ​ជាប់​នៅ​ក្នុង​ត្រចៀក​គាត់​ហើយ”។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​គិត​ថា វីនី ប្រហែល​ជា​ចង់​មាន​ន័យ​អប់​រំ​អ្វី​មួយ​ហើយ។ ពេល​ដែល​មាន​នរណា​ម្នាក់​មិន​ស្តាប់​អ្នក​និយាយ ទោះ​អ្នក​កំពុង​តែ​ផ្តល់​យោបល​ល្អ ឲ្យ​គាត់ នោះ​គាត់​ប្រហែល​ជាចង់​មាន​ភាព​ស្ងាត់​ស្ងៀម​មិន​ចង់​ស្តាប់​អ្នក​ដទៃ​និយាយ គឺ​គាត់​ហាក់​ដូច​ជា​មាន​ដុំ​សំឡីដ៏​តូច នៅ​ក្នុង​ត្រចៀក​របស់​គាត់​។ ពុំ​នោះ​ទេ គាត់​ប្រហែល​ជា​មាន​បញ្ហា​អ្វី​ផ្សេង​ទៀត។ អ្នក​ខ្លះ​ពិបាក​ស្តាប់​អ្នក​ដទៃ​និយាយ​ ព្រោះ​ពួក​គេ​កំពុង​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ឬ​កំពុង​បាក់​ទឹក​ចិត្ត​ជា​ដើម។

លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា គាត់​បាន​និយាយ​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្តាប់​គាត់ ព្រោះ​វិញ្ញាណ​របស់​ពួក​គេ​មាន​ភាព​ខ្ទេច​ខ្ទាំ ហើយ​ជីវិត​របស់​ពួក​គេ​ក៏​វេទនា​ណាស់​ហើយ​(និក្ខមនំ ៦:៩)។ ពាក្យ វេទនា ក្នុង​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ គឺ​មាន​ន័យ​ថា “ការ​ដក​ដង្ហើម​ដង្កក់” ដោយ​សារ​ភាព​ជា​ទាសករ​ដ៏​ជូរ​ចត់ នៅ​នគរ​អេស៊ីព្ទ។ ហេតុ​នេះ​ហើយ បាន​ជា​ពួក​អ៊ីស្រាអែល​មាន​ការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​ស្តាប់​ការណែ​នាំ​របស់​លោក​ម៉ូសេ បាន​ជា​គាត់​ត្រូវ​យល់​អំពី​ស្ថាន​ភាព​របស់​ពួក​គេ ហើយ​មាន​ការ​អាណឹត គឺ​មិន​ត្រូវ​បន្ទោស​ពួក​គេ​ឡើយ។

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ពេល​ដែល​អ្នក​ដទៃ​មិន​ព្រម​ស្តាប់​យើង​និយាយ? ព្រះ​ជា​ម្ចាស់​មាន​បន្ទូល​ថា “សេចក្តីស្រឡាញ់ គឺ​អត់​ធ្មត់ សប្បុរស”(១កូរិនថូស ១៣:៤) មាន​ន័យ​ថា យើង​ត្រូវ​ស្ម័គ្រ​ចិត្ត​រង់​ចំា ដោយ​អត់​ធ្មត់។ ព្រះ​អង្គ​មិន​ទាន់​ឈប់​ធ្វើ​ការ​ក្នុង​ជីវិត​គាត់​ឡើយ។ ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ការ តាម​រយៈ​ទុក្ខ​ព្រួយ​របស់​ពួក​គេ ក៏​ដូច​ជា​តាម​រយៈ​សេចក្តី​ស្រឡាញ់ និង​ការ​អធិស្ឋាន​របស់​យើង។ ប្រហែល​ជា​ទ្រង់​នឹង​បើក​ត្រចៀក​ពួក​គេ​ឲ្យ​ស្តាប់​យើង​និយាយ ក្នុង​ពេល​ដែល​ទ្រង់​កំណត់។ ចូរ​យើង​មាន​ចិត្ត​អត់​ធ្មត់។—DAVID H. ROPER