ពេល​ណា​ខ្ញុំ​នឹក​គិត​ដល់​ប៉ា​របស់​ខ្ញុំ ខ្ញុំ​ស្រមៃ​ឃើញ​គាត់​កំពុង​ដុំ​ដែល​គោល​នៅ​ក្រៅ​ផ្ទះ ឬ​កំពុង​ថែ​សួន ឬ​ក៏​កំពុង​ធ្វើ​ការងារ​ជាង​ក្នុង​បន្ទប់​ខាង​ក្រោម ដែល​មាន​ពេញ​ទៅ​ដោយ​ឧបករណ៍ និង​សម្ភារៈ​ជាង​ល្អ​ៗ​ជា​ច្រើន។ គាត់​កំពុង​ជាប់​ដៃ​ធ្វើ​កិច្ច​ការ ឬ​គម្រោង​ណា​មួយ ជួន​កាល គាត់​សាង​សង់​បន្ទប់​ដាក់​ឡាន ឬ​ផ្ទះ​សម្រាប់​សត្វ​ចាប ជួន​កាល គាត់ជួស​ជុល​សោរ ហើយ​ជួន​កាល គាត់​រចនា​គ្រឿង​អល្លង្កា និង​រូប​ចម្លាក់​ធ្វើ​ពី​កញ្ចក់​ពណ៌​ជា​ដើម។

ការ​នឹក​គិត​ដល់​ប៉ា​របស់​ខ្ញុំ បាន​ជំរុញ​ចិត្ត​ខ្ញុំ ឲ្យ​គិត​អំពី​ព្រះ​វរបិតា និង​ព្រះ​អាទិករ​នៃ​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ទ្រង់​តែង​តែ​ធ្វើ​ការ​របស់​ទ្រង់ យ៉ាង​សកម្ម​ជាប់​ជា​និច្ច។ នៅ​ដើម​ដំបូង ព្រះ​ជា​ម្ចាស់​បាន​ចាក់​គ្រឹះ​របស់​ផែន​ដី ហើយ​ក៏​បាន​កំណត់​ទំហំ​របស់​វា ខណៈ​ពេល​ដែល​ផ្កាយ​ព្រឹក​បាន​ច្រៀង​ព្រម​គ្នា ពួក​ទេវតា​ក៏​បាន​ស្រែក​អប​អរសាទរ​(យ៉ូប ៣៨:៤-៧)។ អ្វី​ៗ​ដែល​ទ្រង់​បាន​បង្កើត គឺ​ជា​ស្នាដៃ​សីល្បៈ ឬ​ជា​ស្នា​ដៃ​ឯក។ ទ្រង់​បាន​រចនា ឲ្យ​មាន​ពិភព​លោក ដែល​មាន​សម្រស់​គួរ​ឲ្យ​គយ​គន់ ហើយ​បាន​មាន​បន្ទូល​ថា “ល្អ​ប្រពៃ​ណាស់”(លោកុប្បត្តិ ១:៣១)។

ស្នា​ព្រះ​ហស្ត​របស់​ទ្រង់​ក៏​បាន​រាប់​បញ្ចូល​អ្នក និង​ខ្ញុំ​ផង​ដែរ។ ព្រះ​ជា​ម្ចាស់​បាន​រចនា​យើង ដោយ​ភាព​លម្អិត​ដ៏​រៀប​រយ(ទំនុកដំកើង ១៣៩:១៣-១៦) ហើយ​ទ្រង់​បាន​បង្កើត​យើង ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់ ហើយ​បាន​ឲ្យ​យើង​គ្រប់​គ្រង​ និង​ថែរក្សា​ផែន​ដី និង​សត្វ​ដែល​ទ្រង់​បាន​បង្កើត​(លោកុប្បតិ្ត ១:២៦-២៨ ២:១៥)។ ទោះ​យើង​ធ្វើ​ការ​អ្វី ឬ​កំពុងស្ថិត​ក្នុង​ពេល​សម្រាក​កម្សាន្ត​ក៏​ដោយ ព្រះ​ជា​ម្ចាស់​ប្រទាន​កម្លាំង និង​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ ដើម្បី​ធ្វើ​ការ​ថ្វាយ​ទ្រង់ អស់​ពី​ចិត្ត។

ទោះ​យើង​ធ្វើ​អ្វី​ក៏​ដោយ ចូរ​យើង​ធ្វើ ដើម្បី​បំពេញ​ព្រះ​ទ័យ​ទ្រង់។—ALYSON KIEDA