លោកភីលីព(Phillipe) ដែលជាអ្នកផលិតនាឡិការស្វីស បានប្រើកែវពង្រីក និងដង្កៀបតូចៗ ដើម្បីពន្យល់ខ្ញុំយ៉ាងលម្អិត អំពីរបៀបដែលគាត់ដោះគ្រឿងតូចល្អឹតនីមួយៗរបស់នាឡិការអូតូម៉ាទិច ដើម្បីសម្អាត ហើយផ្គុំចូលគ្នា នៅក្នុងនាឡិការដ៏ពិសេសនោះវិញ។ ខណៈពេលដែលយើងកំពុងមើលគ្រឿងល្អិតៗទាំងនោះ លោកភីលីពក៏បានបង្ហាញរេស្ស័រ ដែលជាគ្រឿងផ្សំដ៏សំខាន់នៃនាឡិការនោះ។ រេស្ស័រនោះ គឺជាផ្នែកសំខាន់ជាងគេ ដែលធ្វើឲ្យស្ពឺទាំងអស់មានចលនា ធ្វើឲ្យនាឡិការដើរទៀងពេល។ បើគ្មានវាទេ នោះនាឡិការអូតូម៉ាទិច មិនអាចដំណើរការបានឡើយ ទោះនាឡិការអូតូម៉ាទិកនោះ ត្រូវបានគេផលិត ដោយជំនាញពិសេសយ៉ាងណាក៏ដោយ។
ក្នុងបទគម្ពីរសញ្ញាថ្មីដ៏មានន័យ ក្នុងកណ្ឌហេព្រើរ អ្នកនិពន្ធបានសរសើរដំកើងព្រះយេស៊ូវ ជាញឹកញាប់ ដោយប្រើពាក្យពេចន៍យ៉ាងប៉ិនប្រសប់ថា ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។ ផ្នែកលម្អិតនីមួយៗនៃចក្រវាលរបស់យើង ត្រូវបានព្រះយេស៊ូវបង្កើតយ៉ាងត្រឹមត្រូវ ដូចជាគ្រឿងដ៏តូចល្អិត នៃនាឡិការអូតូម៉ាទិក(ហេព្រើរ ១:២)។ ព្រះអង្គបានបង្កើតអ្វីៗគ្រប់យ៉ាង គឺរាប់ចាប់ពីប្រព័ន្ធព្រះអាទិត្យដ៏ធំល្វឹងល្វើយ រហូតដល់ស្នាមម្រាមដៃដ៏តូចល្អិត។
ប៉ុន្តែ ព្រះយេស៊ូវមិនគ្រាន់តែជាព្រះអាទិករដែលបានបង្កើតអ្វីៗគ្រប់យ៉ាងប៉ុណ្ណោះទេ តែទ្រង់ក៏មានសារៈសំខាន់ ចំពោះដំណើរការ និងការចម្រើនឡើងនៃស្នាព្រះហស្តទ្រង់ផងដែរ គឺប្រៀបដូចជារេស្ស័រ ដែលធ្វើឲ្យនាឡិការដំណើរការ។ ព្រះហស្តរបស់ទ្រង់ បានបន្ត “ទ្រទ្រង់គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់”(ខ.៣) ដោយធ្វើឲ្យអ្វីទាំងអស់ដែលទ្រង់បានបង្កើត មានដំណើរការរួមគ្នា នៅក្នុងភាពលម្អិតដ៏ស្មគ្រស្មាញ។
ខណៈពេលដែលអ្នកមានឱកាសពិសោធន៍នឹងសម្រស់ នៃស្នាព្រះហស្តព្រះ នៅថ្ងៃនេះ សូមចាំថា “របស់ទាំងអស់ស្ថិតស្ថេរ ដោយសារទ្រង់”(កូឡ៉ុស ១:១៧)។ ចូរយើងទទួលស្គាល់តួនាទីចម្បងរបស់ព្រះយេស៊ូវ នៅក្នុងការបង្កើត ក៏ដូចជាការទ្រទ្រង់ចក្រវាល ហើយសូមឲ្យការទទួលស្គាល់នេះ នាំឲ្យយើងមានអំណរ និងឆ្លើយតបដោយការសរសើរដំកើង ខណៈពេលដែលយើងអរព្រះគុណព្រះអង្គ សម្រាប់ការផ្គត់ផ្គង់យើង ជារៀងរហូត។—LISA SAMRA