កាល​ពី​រដូវ​ក្តៅ នៅ​ឆ្នាំ​២០១៥ ក្រុម​ការងារ​មួយ​ក្រុម មក​ពី​ព្រះវិហារ​របស់​ខ្ញុំ បាន​សញ្ចប់​សញ្ចឹង ចំពោះ​ការ​អ្វី​ដែលពួក​គេ​បាន​ឃើញ ក្នុង​សង្កាត់​ម៉ាធែរ ដែល​ស្ថិត​ក្នុង​ចំណោម​តំបន់​អនាធិប​តេយ្យ​ជា​ច្រើន ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​គេនយ៉ា។ យើង​បាន​ទៅ​មើល​សាលា​រៀន​មួយ ដែល​គេ​បាន​សង់​ផ្ទាល់​ដី ដោយ​គ្មាន​កម្រាល​ឥដ្ឋ មាន​ជញ្ជាំង​ស័ង្ក​សី ​ដែល​ច្រេះ​ស៊ី និង​កៅ​អីវែង​ធ្វើ​ពី​ឈើ។ ប៉ុន្តែ មាន​មនុស្ស​ម្នាក់​បាន​ក្រោក​ឈរ​ឡើង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អន់​ថយ នៅ​ទីនោះ។

គាត់​មាន​ឈ្មោះ ប្រ៊ីលាន(Brilliant) ដែល​មាន​ន័យ​ថា ភ្លឺថ្លា។ ឈ្មោះ​នេះ​សក្តិ​សម​នឹង​គាត់​ណាស់។ គាត់​ជា​គ្រូសាលា​បឋម ដែល​មាន​ពេញ​ដោយ​ក្តី​អំណរ និង​ការ​ប្តេជ្ញា​ចិត្ត ដែល​សម​ស្រម​នឹង​បេសក​កម្ម​របស់​គាត់។ ដោយ​សារ​គាត់​បាន​ស្លៀក​ពាក់​ខោ​អាវ​ដែល​មាន​ពណ៌​ចម្រុះ នោះ​រូប​សម្បតិ្ត និង​ក្តី​អំណរ​ដែល​គាត់​មាន​នៅ​ក្នុង​ការ​បង្រៀន និង​លើក​ទឹក​ចិត្ត​ក្មេង​ៗ គឺ​ពិត​ជា​គួរ​ឲ្យ​ស្ងើច​សរសើរ​ណាស់។

អ្នក​គ្រូ​ប្រ៊ីលាន​បាន​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច ទៅ​ដល់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​គាត់ គឺ​ដូច​ដែល​គ្រីស្ទ​បរិស័ទ​នៅ​ក្រុង​ភីលីព បាន​ធ្វើ​សម្រាប់​សង្គម​របស់​ពួក​គេ នៅ​សម័យ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​គេ នៅ​សតវត្សរ៍​ទី១។ នៅ​ក្នុង​សង្គម​ដែល​កំពុង​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​នេះ អ្នក​ជឿ​ព្រះ​អម្ចាស់​យេស៊ូវ បាន​បញ្ចេញ​ពន្លឺ “ដូច​ផ្កាយនៅ​លើ​មេឃ”(ភីលីព ២:១៥)។ យើង​ក៏​ត្រូវ​បញ្ចេញ​ពន្លឺ​ដូច​ពួក​គេ​ផង​ដែរ ព្រោះ​នៅ​ទីណា ក៏​គេ​ត្រូវ​ការ​ពន្លឺ​នោះ​ដែរ​។ យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ដែល​បាន​ដឹង​ថា គ្រីស្ទ​បរិស័ទ អាច​បញ្ចេញ​ពន្លឺ តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវ តាម​រយៈ​ទ្រង់ “ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​ទ្រង់”(ខ.១៣)។ ព្រះ​អង្គ​នៅ​តែ​មាន​បន្ទូល​មក​កាន់​យើង​ថា “អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ … ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥១៤-១៦)។—ARTHUR JACKSON