តើថ្ងៃរះនៅទិសខាងកើតឬ? តើផ្ទៃមេឃមានពណ៌ខៀវឬ? តើទឹកសមុទ្រមានរស់ជាតិប្រៃឬ? តើអាតូមរបស់អង្គធាតុកូបាល់ មានទម្ងន់៥៨,៩ឬ? ទោះអ្នកមានជំនាញផ្នែកវិទ្យាសាស្រ្ត ឬគ្រាន់តែចូលចិត្តស្វែងយល់ អំពីវិទ្យាសាស្រ្ត ជាការកម្សាន្តក្តី យើងត្រូវឆ្លើយថា “បាទ ឬចាស” ចំពោះសំណួរទាំងអស់នេះ។ តាមពិត សំណួរដូចនេះ មានបង្កប់ការចម្អក ព្រោះនរណាក៏ដឹងដែរថា ថ្ងៃរះនៅទិសខាងកើត។
បើយើងមិនប្រយ័ត្នទេ ជួនកាល ត្រចៀកដ៏ទាន់សម័យរបស់យើង ប្រហែលជាស្តាប់ឮការចម្អក នៅក្នុងសំណួររបស់ព្រះយេស៊ូវដែលបានសួរបុរសម្នាក់ថា “តើអ្នកចង់បានជាឬទេ?”(យ៉ូហាន ៥:៦)។ ហើយមនុស្សសម័យទំនើប ប្រហែលជាចង់ឆ្លើយថា “តើព្រះអង្គនិយាយលេងឬ? ទូលបង្គំចង់ឲ្យព្រះអង្គជួយ ប្រហែល៣៨ឆ្នាំហើយ!” ប៉ុន្តែ សំណួររបស់ព្រះអង្គគ្មានការចម្អកទេ។ នេះជាការពិតមែន។ ព្រះសូរសៀងរបស់ព្រះយេស៊ូវ តែងតែមានពេញដោយការអាណឹត ហើយសំណួររបស់ទ្រង់ តែងតែបានចោទសួរយើង ដើម្បីប្រយោជន៍យើងទាំងអស់។
ព្រះយេស៊ូវជ្រាបថា បុរសនោះ ពិតជាចង់ជាពីជម្ងឺ។ ទ្រង់ក៏ជ្រាបផងដែរថា គេមិនបានខ្វល់ពីគាត់ តាំងពីយូរមកហើយ។ មុនពេលព្រះយេស៊ូវធ្វើការអស្ចារ្យមួយនេះ បំណងព្រះទ័យរបស់ទ្រង់ គឺដើម្បីប្រទានក្តីសង្ឃឹមដល់គាត់ឡើងវិញ។ ទ្រង់ក៏បានប្រទានក្តីសង្ឃឹម ដោយសួរសំណួរដ៏មានន័យនោះ ហើយបន្ទាប់មក ទ្រង់ក៏បានអនុញ្ញាតឲ្យគាត់ឆ្លើយតប ដោយប្រាប់គាត់ថា “ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ”(ខ.៨)។ យើងម្នាក់ៗសុទ្ធតែមានផ្នែកណាមួយនៃជីវិតយើង ដែលក្តីសង្ឃឹមបានក្រៀមស្វិត ដូចបុរសពិការនោះដែរ។ តែទ្រង់បានទតឃើញយើង ហើយបានអញ្ជើញយើង ដោយព្រះទ័យអាណឹត ឲ្យទទួលយកក្តីសង្ឃឹម និងមានជំនឿលើទ្រង់។ —JOHN BLASÉ