កាលនៅតូច ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ក្នុងប្រទេសហ្កាណា ខ្ញុំចូលចិត្តកាន់ដៃឪពុករបស់ខ្ញុំ ដើរនៅក្នុងកន្លែងដែលមានមនុស្សច្រើនកុះករ។ គាត់ជាឪពុក និងជាមិត្តសំឡាញ់របស់ខ្ញុំ។ តាមវប្បធម៌នៅប្រទេសខ្ញុំ ការកាន់ដៃគ្នា គឺជាសញ្ញាសំគាល់នៃមិត្តភាព។ ខណៈពេលដែលយើងកំពុងដើរ យើងបានជជែកគ្នា អំពីប្រធានបទផ្សេងៗ។ ពេលណាខ្ញុំមានអារម្មណ៍ថា ឯកកោ ខ្ញុំរកបានការកម្សាន្តចិត្ត ពីឪពុករបស់ខ្ញុំ។ ខ្ញុំពិតជាឲ្យតម្លៃ ចំពោះមិត្តភាពនេះណាស់!
ព្រះអម្ចាស់យេស៊ូវ បានហៅសិស្សទ្រង់ថា មិត្តសំឡាញ់ ហើយទ្រង់បានបង្ហាញពួកគេ នូវសញ្ញាសំគាល់នៃមិត្តភាពរបស់ទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលថា “ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ”(យ៉ូហាន ១៥:៩) ហើយថែមទាំងបានលះបង់ព្រះជន្មទ្រង់ សម្រាប់ពួកគេទៀតផង(ខ.១៣)។ ទ្រង់បានបង្ហាញឲ្យពួកគេស្គាល់កិច្ចការនៅនគរស្ថានសួគ៌(ខ.១៥)។ ទ្រង់បានបង្រៀនពួកគេ អំពីអ្វីៗទាំងអស់ដែលព្រះវរបិតាបានប្រទានទ្រង់(ខ.១៥)។ ហើយទ្រង់ក៏បានប្រទានពួកគេ នូវឱកាសរួមចំណែកនៅក្នុងមហាបេសកកម្មរបស់ទ្រង់(ខ.១៦)។
ព្រះយេស៊ូវដើរជាមួយយើង ក្នុងនាមជាមិត្តសំឡាញ់អស់កល្បជានិច្ច។ ព្រះអង្គស្តាប់ និងជ្រាបអំពីការឈឺចាប់ និងបំណងចិត្តរបស់យើង។ ពេលណាយើងមានភាពឯកោ និងធ្លាក់ទឹកចិត្ត ព្រះយេស៊ូវជាមិត្តសំឡាញ់ ដែលរួមដំណើរជាមួយយើងជានិច្ច។
យើងរឹតចំណងមិត្តភាពដែលយើងមានជាមួយព្រះយេស៊ូវ កាន់តែខ្លាំង ពេលដែលយើងស្រឡាញ់គ្នាទៅវិញទៅមក ហើយស្តាប់បង្គាប់តាមព្រះរាជបញ្ជាទ្រង់(ខ.១០,១៧)។ ពេលណាយើងស្តាប់តាមព្រះរាជបញ្ជាទ្រង់ យើងនឹង “បង្កើតផលផ្លែដែលនឹងស្ថិតស្ថេរ”(ខ.១៦)។
ខណៈពេលដែលយើងដើរកាត់ផ្លូវដែលមានមនុស្សច្រើនកុះករ និងនៅតាមវិថីដ៏គ្រោះថ្នាក់ ក្នុងលោកិយដែលពេញដោយបញ្ហា យើងអាចពឹងផ្អែកលើមិត្តភាពដែលយើងមានជាមួយព្រះអម្ចាស់។ ការដែលព្រះអង្គដើរជាមួយយើង គឺជាសញ្ញាសំគាល់នៃមិត្តភាពរបស់ទ្រង់។—LAWRENCE DARMANI