មានសត្វជំពុលទឹក ឬជែលីហ្វ៊ីសដ៏កម្រមួយក្បាល បានរេរាំតាមចរន្តទឹកសមុទ្ធ ក្នុងជម្រៅទឹកប្រហែល ១២០០ ម៉ែត្រ នៅក្បែរឆ្នេរបាចា រដ្ឋកាលីហ្វូញ៉ា។ ខ្លួនរបស់វាបានបញ្ចេញពន្លឺផ្លេកៗ ពណ៌ខៀវ ស្វាយ និងស៊ីជម្ពូរ និងបញ្ចេញពន្លឺភ្លឺ នៅក្នុងទឹកដ៏ងងឹត។ ព្រុយរបស់វាបក់ទៅមក យ៉ាងស៊ីសង្វាក់ ជាមួយនឹងរំញោចពីមួករបស់វាដែលមានរាងដូចជួង។ ខណៈពេលដែលខ្ញុំបានមើលវីដេអូដ៏អស្ចារ្យ ដែលបង្ហាញអំពីជីវិត សត្វជំពុលទឹក ហេលីត្រេផេស ម៉ាស៊ីមួយក្បាលនេះ នៅក្នុងកម្មវិធីផ្សាយរបស់ប៉ុស្ទនេសិននល ជីអូក្រាហ្វ៊ី ខ្ញុំក៏បានគិតអំពីការដែលព្រះជាម្ចាស់បានជ្រើសរើសការរចនា សម្រាប់សត្វដ៏ស្រស់ស្អាតមួយនេះ។ ទ្រង់ក៏បានរចនា និងបង្កើតសត្វជំពុលទឹក២ពាន់ប្រភេទទៀត ដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ រហូតមកដល់ខែតុលា ឆ្នាំ២០១៧។
បើយើងបានទទួលស្គាល់ថា ព្រះជាម្ចាស់ជាព្រះអាទិករ តើយើងបានឈប់បង្អង់ ដើម្បីគិតអំពីសេចក្តីពិតដ៏អស្ចារ្យ ដែលមានក្នុងជំពូកទី១ នៃព្រះគម្ពីរបរិសុទ្ធឬទេ? ព្រះដ៏អស្ចារ្យរបស់យើង បាននាំមកនូវពន្លឺ និងជីវិត ចូលទៅក្នុងពិភពលោក ដែលមានពេញដោយភាវៈចម្រុះ ដោយអំណាចចេស្តានៃព្រះបន្ទូលទ្រង់។ ទ្រង់បានរចនា និងបង្កើត “ឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ”(លោកុប្បត្តិ ១:២១)។ តែអ្នកវិទ្យាសាស្រ្តបានរកឃើញសត្វដ៏អស្ចារ្យតែមួយផ្នែកតូច ក្នុងចំណោមសត្វទំាងអស់ដែលព្រះអម្ចាស់បានបង្កើត តាំងពីដើមដំបូងមក។
ព្រះជាម្ចាស់ក៏បានរចនាមនុស្សម្នាក់ៗ ក្នុងពិភពលោក ដោយមានបំណងព្រះទ័យ សម្រាប់ឲ្យយើងរស់នៅជារៀងរាល់ថ្ងៃ តាំងពីមុនពេលយើងដកដង្ហើមជាលើកទី១(ទំនុកដំកើង ១៣៩:១៣-១៦)។ ខណៈពេលដែលយើងសរសើរដំកើងភាពប៉ិនប្រសប់របស់ព្រះអម្ចាស់ យើងក៏អាចអរសប្បាយនឹងជំនួយរបស់ព្រះអង្គ ដែលបានជួយឲ្យយើងមានក្តីស្រមៃ និងការបង្កើតថ្មីជាមួយទ្រង់ និងសម្រាប់ថ្វាយសិរីល្អទ្រង់។—XOCHITL DIXON