ចៅប្រុសរបស់ខ្ញុំ ដែលក្មេងជាងគេ ទើបតែមានអាយុ២ខែប៉ុណ្ណោះ ប៉ុន្តែ រៀងរាល់ពេលដែលខ្ញុំបានឃើញគាត់ ខ្ញុំបានកត់សំគាល់ឃើញការផ្លាស់ប្តូរតូចៗ។ ថ្មីៗនេះ ពេលដែលខ្ញុំធ្វើសម្លេងដូចសត្វព្រាប គាត់ក៏បានងើយឡើងលើ ហើយញញឹមដាក់ខ្ញុំ។ ភ្លាមៗនោះ ខ្ញុំក៏បានចាប់ផ្តើមយំ។ ខ្ញុំប្រហែលជាយំ ដោយសារក្តីអំណរ លាយជាមួយនឹងការនឹកចាំ អំពីស្នាមញញឹមជាលើកទីមួយរបស់កូនៗខ្ញុំ ដែលខ្ញុំបានឃើញតាំងពីយូរមកហើយ តែមានអារម្មណ៍ដូចទើបតែកើតឡើងនៅថ្ងៃម្សិលមិញ។ មានអនុស្សាវរីយ៍ខ្លះធ្វើឲ្យយើងមានអារម្មណ៍សប្បាយ ដែលពិបាកនឹងពន្យល់។
ក្នុងបទគម្ពីរ ទំនុកដំកើង ១០៣ ស្តេចដាវីឌបាននិពន្ធបទចម្រៀង ដែលសរសើរដំកើងព្រះជាម្ចាស់ ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានជញ្ជឹងគិត អំពីពេលដ៏មានអំណរក្នុងជីវិតយើង ដែលបានកន្លងផុតទៅយ៉ាងឆាប់រហ័ស បានជាទ្រង់សរសេរថា “ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ(ខ.១៥-១៦)។
ស្តេចដាវីឌបានទទួលស្គាល់អំពីភាពរួញខ្លីនៃជីវិតមនុស្ស តែទន្ទឹមនឹងនោះ ទ្រង់ក៏បានពិពណ៌នាថា ជីវិតមនុស្សដូចជាផ្កា ដែលមានពេលលូតលាស់បានល្អ ឬចេញផ្កា។ ទោះផ្កានីមួយៗបានរីក ហើយរុះរោយយ៉ាងឆាប់រហ័ស ក្លិន និងពណ៌ ព្រមទាំងសម្រស់របស់វា បាននាំមកនូវក្តីអំណរដ៏អស្ចារ្យ។ ហើយផ្កានីមួយៗអាចត្រូវគេបំភ្លេចចោលយ៉ាងឆាប់រហ័សក្តី ដោយ “កន្លែងនោះមិនស្គាល់វាទៀត”(ខ.១៦) តែព្រះអង្គបានធានាចំពោះយើងថា “សេចក្តីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅ តាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ច ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់”(ខ.១៧)។
យើងអាចអរសប្បាយ និងមានការចម្រើនឡើង តែមួយរយៈពេល ដូចជាផ្កា តែយើងក៏អាចអរសប្បាយនឹងសេចក្តីពិត ដែលថាព្រះអង្គនឹងនៅតែនឹកចាំ អំពីពេលនីមួយៗនៃជីវិតយើង។ ទ្រង់ស្គាល់យើងគ្មានកន្លែងចន្លោះ ហើយសេចក្តីស្រឡាញ់របស់ទ្រង់ នៅជាប់នឹងកូនទ្រង់ ជារៀងរហូតតទៅ! —ALYSON KIEDA