ចៅ​ប្រុស​របស់​ខ្ញុំ ដែល​ក្មេង​ជាង​គេ ទើប​តែ​មាន​អាយុ​២​ខែ​ប៉ុណ្ណោះ ប៉ុន្តែ រៀង​រាល់​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​គាត់ ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​ការ​ផ្លាស់​ប្តូរ​តូច​ៗ។ ថ្មី​ៗ​នេះ ពេល​ដែល​ខ្ញុំ​ធ្វើ​សម្លេង​ដូច​សត្វ​ព្រាប គាត់​ក៏​បាន​ងើយ​ឡើង​លើ ហើយ​ញញឹម​ដាក់​ខ្ញុំ។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​យំ។ ខ្ញុំ​ប្រហែល​ជា​យំ ដោយសារ​ក្តី​អំណរ លាយ​ជា​មួយ​នឹង​ការ​នឹក​ចាំ អំពី​ស្នាម​ញញឹម​ជា​លើក​ទីមួយ​របស់​កូន​ៗ​ខ្ញុំ ដែល​ខ្ញុំ​បាន​ឃើញ​តាំង​ពី​យូរ​មក​ហើយ តែ​មាន​អារម្មណ៍​ដូច​ទើបតែ​កើត​ឡើង​នៅ​ថ្ងៃ​ម្សិល​មិញ។ មាន​អនុស្សាវរីយ៍​ខ្លះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សប្បាយ ដែល​ពិបាក​នឹង​ពន្យល់។

ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ១០៣ ស្តេច​ដាវីឌ​បាន​និពន្ធ​បទ​ចម្រៀង ដែល​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​ជញ្ជឹង​គិត អំពី​ពេល​ដ៏​មាន​អំណរ​ក្នុង​ជីវិត​យើង ដែល​បាន​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស បាន​ជាទ្រង់​សរសេរ​ថា “ចំណែក​ឯ​មនុស្ស ថ្ងៃ​អាយុ​របស់​គេ​ធៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទីវាល ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ត្រូវ នោះ​ក៏​សូន្យ​បាត់​ទៅ(ខ.១៥-១៦)។

ស្តេច​ដាវីឌ​បាន​ទទួល​ស្គាល់​អំពី​ភាព​រួញ​ខ្លី​នៃ​ជីវិត​មនុស្ស តែ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​ពិពណ៌នា​ថា ជីវិត​មនុស្ស​ដូចជា​ផ្កា ដែល​មាន​ពេល​លូត​លាស់​បាន​ល្អ ឬ​ចេញ​ផ្កា។ ទោះ​ផ្កា​នីមួយ​ៗ​បាន​រីក ហើយ​រុះ​រោយ​យ៉ាង​ឆាប់​រហ័ស ក្លិន ​និង​ពណ៌ ព្រម​ទាំង​សម្រស់​របស់​វា បាន​នាំ​មក​នូវ​ក្តី​អំណរ​ដ៏​អស្ចារ្យ។ ហើយ​ផ្កា​នីមួយ​ៗ​អាច​ត្រូវ​គេ​បំភ្លេច​ចោល​យ៉ាងឆាប់​រហ័ស​ក្តី ដោយ “​កន្លែង​នោះ​មិន​ស្គាល់​វា​ទៀត”(ខ.១៦) តែ​ព្រះ​អង្គ​បាន​ធានា​ចំពោះ​យើង​ថា “សេចក្តី​សប្បុរស​នៃ​ព្រះយេហូវ៉ា​ស្ថិតស្ថេរ​នៅ តាំង​ពី​អស់កល្ប​ដរាប​ដល់​អស់​កល្ប​ជានិច្ច ចំពោះ​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់”(ខ.១៧)។

យើង​អាច​អរ​សប្បាយ និង​មាន​ការ​ចម្រើន​ឡើង តែ​មួយ​រយៈ​ពេល ដូច​ជា​ផ្កា តែ​យើង​ក៏​អាច​អរសប្បាយ​នឹង​សេចក្តី​ពិត ដែល​ថា​ព្រះ​អង្គ​នឹង​នៅ​តែ​នឹក​ចាំ អំពី​ពេល​នីមួយ​ៗ​នៃ​ជីវិត​យើង។ ទ្រង់​ស្គាល់​យើង​គ្មាន​កន្លែង​ចន្លោះ ហើយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នៅ​ជាប់​នឹង​កូន​ទ្រង់ ជា​រៀង​រហូត​តទៅ! —ALYSON KIEDA