ពេលដែលបុរសម្នាក់បានដំឡើងកាំមីរ៉ាសុវត្ថិភាព នៅក្រៅផ្ទះរបស់គាត់ គាត់បានពិនិត្យមើលលក្ខណៈរបស់វីដេអូ ដើម្បីឲ្យប្រាកដថា ប្រព័ន្ធកាំមីរ៉ាសុវត្ថិភាពនោះ ពិតជាដំណើរការមែន។ ពេលនោះ គាត់ក៏បានឃើញមនុស្សដែលមានស្មាធំដែលពាក់ខោអាវពណ៌ក្រមៅ កំពុងតែដើរទៅមកក្នុងទីធ្លាក្រៅផ្ទះគាត់។ គាត់ក៏បានតាមដានមើល តើបុរសនោះបំរុងធ្វើអ្វី។ ទោះជាយ៉ាងណាក៏ដោយ គាត់ដូចជាធ្លាប់ស្គាល់បុរសក្នុងវីដេអូនោះ។ ទីបំផុត គាត់ក៏បានដឹងថា គាត់មិនមែនកំពុងតែមើលជនចម្លែក កំពុងដើរទៅមកក្នុងទីធ្លាផ្ទះគាត់ទេ តែតាមពិត គាត់គឺជាបុរសក្នុងវីដេអូនោះ ដែលកាំមីរ៉ានោះបានថតទុកកាលពីពេលកន្លងទៅ។
តើយើងនឹងមើលឃើញអ្វី បើសិនជាយើងអាចចេញពីក្នុងខ្លួនយើង ហើយសង្កេតមើលខ្លួនឯង ក្នុងស្ថានភាពណាមួយ? ពេលដែលដាវីឌមានការបាក់ទឹកចិត្ត ហើយទ្រង់ត្រូវផ្លាស់ប្តូរទស្សនៈជាថ្មី គឺទស្សនៈដែលកោតខ្លាចព្រះ បន្ទាប់ពីទ្រង់បានប្រព្រឹត្តអំពើផឹតក្បត់ជាមួយនាងបាតសេបា ទ្រង់ក៏បានឲ្យណាថានជួយ(២សាំយ៉ូអែល ១២)។
ណាថានក៏បាននិទានរឿងមួយឲ្យដាវីឌស្តាប់។ រឿងនោះនិយាយអំពីបុរសអ្នកមានម្នាក់ ដែលបានប្លន់យកចៀមតែមួយ របស់បុរសអ្នកក្រម្នាក់។ ទោះអ្នកមាននោះមានចៀមទាំងហ្វូងក្តី គាត់នៅតែយកចៀមតែមួយរបស់អ្នកក្រនោះ ទៅសម្លាប់ធ្វើម្ហូប។ ពេលដែលណាថានបានបង្ហាញថា រឿងនេះបានឆ្លុះបញ្ចាំងអំពីទង្វើរអាក្រក់របស់ស្តេចដាវីឌ ទ្រង់ក៏បាននឹកចាំ អំពីអំពើដែលទ្រង់បានធ្វើមកលើអ៊ូរី។ ណាថានក៏បានពន្យល់អំពីលទ្ធផលដែលទ្រង់ត្រូវទទួល ប៉ុន្តែ ដែលសំខាន់ជាងនេះទៀតនោះ គាត់បានធានាដល់ដាវីឌថា “ព្រះអម្ចាស់លើកលែងទោសនៃអំពើបាបរបស់ទ្រង់ហើយ”(ខ.១៣)។
បើព្រះជាម្ចាស់បើកបង្ហាញអំពើបាប នៅក្នុងជីវិតយើង បំណងព្រះទ័យរបស់ទ្រង់ គឺមិនមែនដើម្បីថ្កោលទោសយើងឡើយ តែដើម្បីស្អាងយើងឡើងវិញ ហើយជួយយើងឲ្យផ្សះផ្សាជាមួយអ្នកដែលយើងបានធ្វើឲ្យឈឺចាប់។ ការប្រែចិត្តបើកផ្លូវឲ្យយើងមានភាពជិតស្និទ្ធជាមួយព្រះជាម្ចាស់ឡើងវិញ តាមរយៈអំណាចនៃការអត់ទោសបាប និងព្រះគុណទ្រង់។—JENNIFER BENSON SCHULDT