ពេល​ដែល​បុរស​ម្នាក់​បាន​ដំឡើង​កាំមីរ៉ា​សុវត្ថិ​ភាព នៅ​ក្រៅ​ផ្ទះ​របស់​គាត់ គាត់​បាន​ពិនិត្យ​មើល​លក្ខណៈ​របស់​វីដេអូ ដើម្បី​ឲ្យ​ប្រាកដ​ថា ប្រព័ន្ធ​កាំមីរ៉ា​សុវត្ថិ​ភាព​នោះ ពិត​ជា​ដំណើរ​ការ​មែន។ ពេល​នោះ គាត់​ក៏​បាន​ឃើញ​មនុស្ស​ដែលមាន​ស្មាធំ​ដែល​ពាក់​ខោអាវ​ពណ៌​ក្រមៅ កំពុង​តែ​ដើរ​ទៅ​មក​ក្នុង​ទីធ្លា​ក្រៅ​ផ្ទះ​គាត់។ គាត់​ក៏​បាន​តាម​ដាន​មើល តើ​បុរស​នោះ​បំរុង​ធ្វើ​អ្វី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គាត់​ដូច​ជា​ធ្លាប់​ស្គាល់​បុរស​ក្នុង​វីដេអូ​នោះ។ ​ទី​បំផុត គាត់​ក៏​បាន​ដឹង​ថា គាត់​មិន​មែន​កំពុង​តែ​មើល​ជន​ចម្លែក កំពុង​ដើរ​ទៅ​មក​ក្នុង​ទីធ្លា​ផ្ទះ​គាត់​ទេ តែ​តាម​ពិត គាត់​គឺ​ជា​បុរស​ក្នុង​វីដេអូនោះ ដែល​កាំមីរ៉ា​នោះ​បាន​ថត​ទុក​កាល​ពី​ពេល​កន្លង​ទៅ។

តើ​យើង​នឹង​មើល​ឃើញ​អ្វី បើ​សិន​ជា​យើង​អាច​ចេញ​ពី​ក្នុង​ខ្លួន​យើង ហើយ​សង្កេត​មើល​ខ្លួន​ឯង ក្នុង​ស្ថាន​ភាព​ណា​មួយ? ពេល​ដែល​ដាវីឌ​មាន​ការ​បាក់​ទឹក​ចិត្ត ហើយ​ទ្រង់​ត្រូវ​ផ្លាស់​ប្តូរ​ទស្សនៈ​ជា​ថ្មី គឺ​ទស្សនៈ​ដែល​កោត​ខ្លាច​ព្រះ បន្ទាប់​ពី​ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ផឹត​ក្បត់​ជា​មួយ​នាង​បាតសេបា ទ្រង់​ក៏​បាន​ឲ្យ​ណាថាន​ជួយ​(២សាំយ៉ូអែល ១២)។

ណាថាន​ក៏​បាន​និទាន​រឿង​មួយ​ឲ្យ​ដាវីឌ​ស្តាប់។ រឿង​នោះ​និយាយ​អំពី​បុរស​អ្នក​មាន​ម្នាក់ ដែល​បាន​ប្លន់​យក​ចៀម​តែមួយ របស់​បុរស​អ្នក​ក្រ​ម្នាក់។ ទោះ​អ្នក​មាន​នោះ​មាន​ចៀម​ទាំង​ហ្វូង​ក្តី គាត់​នៅ​តែ​យក​ចៀម​តែ​មួយ​របស់​អ្នក​ក្រ​នោះ ទៅ​សម្លាប់​ធ្វើ​ម្ហូប។​ ពេល​ដែល​ណាថាន​បាន​បង្ហាញ​ថា រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទង្វើរ​អាក្រក់​របស់​ស្តេច​ដាវីឌ ទ្រង់​ក៏​បាន​នឹក​ចាំ អំពី​អំពើ​ដែល​ទ្រង់​បាន​ធ្វើ​មក​លើ​អ៊ូរី។ ណាថាន​ក៏​បាន​ពន្យល់​អំពី​លទ្ធ​ផល​ដែល​ទ្រង់​ត្រូវ​ទទួល ប៉ុន្តែ ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ គាត់​បាន​ធានា​ដល់​ដាវីឌ​ថា “ព្រះ​អម្ចាស់​លើក​លែង​ទោស​នៃ​អំពើ​បាប​របស់​ទ្រង់​ហើយ”(ខ.១៣)។

បើ​ព្រះ​ជា​ម្ចាស់​បើក​បង្ហាញ​អំពើ​បាប នៅ​ក្នុង​ជីវិត​យើង បំណង​ព្រះ​ទ័យ​របស់​ទ្រង់ គឺ​មិន​មែន​ដើម្បី​ថ្កោល​ទោស​យើង​ឡើយ តែ​ដើម្បី​ស្អាង​យើង​ឡើង​វិញ ហើយ​ជួយ​យើង​ឲ្យ​ផ្សះផ្សា​ជា​មួយ​អ្នក​ដែល​យើង​បាន​ធ្វើ​ឲ្យ​ឈឺ​ចាប់។ ការ​ប្រែចិត្ត​បើក​ផ្លូវ​ឲ្យ​យើង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​ជា​ម្ចាស់​ឡើង​វិញ តាម​រយៈ​អំណាច​នៃ​ការ​អត់​ទោស​បាប និង​ព្រះគុណ​ទ្រង់។—JENNIFER BENSON SCHULDT