មានពេលមួយប៊ិកពណ៌ខៀវមួយដើម បានបង្កប់ខ្លួន នៅក្នុងផ្នត់កន្សែងពោះគោពណ៌សររបស់ខ្ញុំ។ ពេលដែលម៉ាស៊ីនបោកខោអាវកំពុងតែបោកគក់កន្សែងពោះគោ ប៊ិកនោះមិនបានខូចទេ តែវាក៏បានផ្ទុះខ្ទេច ក្នុងម៉ាស៊ីនសំងួតខោអាវ។ ពេលនោះ ទឹកប៊ិកពណ៌ខៀវបានប្រឡាក់ពេញក្នុងម៉ាស៊ីនសំងួត។ កន្សែងពោះគោពណ៌សររបស់ខ្ញុំបានខូចអស់។ ទោះខ្ញុំប្រើសាប៊ូច្រើនយ៉ាងណា នៅតែមិនអាចបោកវាឲ្យជ្រះស្នាមប្រឡាក់នោះបានដដែល។
ពេលដែលខ្ញុំយកកន្សែងពោះគោនោះ ទៅដាក់នៅលើគំនរកន្ទប ខ្ញុំក៏បាននឹកចាំ អំពីលោកយេរេមា ដែលជាហោរានៅសម័យសញ្ញាចាស់ ដែលបានពោលទំនួញ អំពីផលវិបាកដ៏ហិនហោច នៃអំពើបាប។ ដោយសារពួកបណ្តាជនបានបដិសេធព្រះជាម្ចាស់ ហើយងាកមករកការថ្វាយបង្គំរូបព្រះ(យេរេមា ២:១៣) លោកយេរេមា ក៏បានប្រកាស់ថា ប្រជាជនអ៊ីស្រាអែលបានបណ្តាលឲ្យមានស្នាមប្រឡាក់ នៅក្នុងទំនាក់ទំនងជាមួយព្រះជាម្ចាស់។ គឺដូចដែលគាត់មានប្រសាសន៍ថា “ដ្បិតទោះបើឯងលាងខ្លួនដោយក្បុង ហើយប្រើសាប៊ូជាច្រើនក៏ដោយ គង់តែព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា អំពើទុច្ចរិតរបស់ឯង នៅមានកត់ជាប់ចំពោះអញនៅឡើយដែរ”(ខ.២២)។ ពួកគេគ្មានអំណាចអ្វី ដើម្បីជួសជុលការខូចខាត ដែលពួកគេបានធ្វើនោះឡើយ។
បើយើងពឹងផ្អែកលើសមត្ថភាពខ្លួនឯង នោះយើងមិនអាចដកស្នាមប្រឡាក់នៃអំពើបាបចេញពីខ្លួនឯងបានឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបានធ្វើអ្វីដែលយើងមិនអាចធ្វើបាន។ តាមរយៈអំណាចនៃការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ទ្រង់បាន “សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់”(១យ៉ូហាន ១:៧)។
គេប្រហែលជាពិបាកនឹងជឿថា ទ្រង់អាចសម្អាតបាបរបស់យើងបាន តែយើងត្រូវប្រកាន់ខ្ជាប់នូវសេចក្តីពិតដែលថា គ្មានទោសនៃអំពើបាបណា ដែលព្រះយេស៊ូវមិនអាចដកចេញទាំងស្រុងនោះទេ។ ព្រះជាម្ចាស់សព្វព្រះទ័យ និងត្រៀមជាស្រេចដើម្បីលាងសម្អាតទោសនៃអំពើបាប សម្រាប់អស់អ្នកដែលស្ម័គ្រចិត្តងាកបែរមករកទ្រង់(ខ.៩)។ តាមរយៈព្រះគ្រីស្ទ យើងអាចរស់នៅជារៀងរាល់ថ្ងៃ ដោយសេរីភាព និងក្តីសង្ឃឹម។—LISA SAMRA