មានផ្ទាំងគំនូរមួយផ្ទាំង ដែលបានទាក់ភ្នែកខ្ញុំយ៉ាងខ្លាំង ដូចជាប៉មបញ្ចាំងពន្លឺនៅលើទីខ្ពស់។ គេបានដាក់តាំងវានៅលើជញ្ជាំង ក្នុងផ្លូវដើរក្នុងមន្ទីរពេទ្យក្រុងដ៏ធំមួយ។ គេបានគូររូបជនជាតិដើមអាមេរិកណាវ៉ាចូ ដោយប្រើពណ៌ប៉ាស្តែល ដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង បានជាខ្ញុំឈប់ ដើម្បីគយគន់ ដោយការស្ងើចសរសើរ។ ខ្ញុំក៏បាននិយាយប្រាប់ដេន(Dan) ដែលជាស្វាមីខ្ញុំ ឲ្យមើលទៅផ្ទាំងគំនូរនោះដែរ។
កាលនោះ គាត់កំពុងតែដើរមុខខ្ញុំ ប៉ុន្តែ ខ្ញុំមានការស្ទាក់ស្ទើរ ដោយដើរហួសផ្ទាំងគំនូរផ្សេងទៀត នៅលើជញ្ជាំង ដើម្បីឈរមើលតែផ្ទាំងគំនូរមួយផ្ទាំងនេះ។ ខ្ញុំក៏បាននិយាយខ្សិបៗថា “ស្អាតណាស់”។
មានអ្វីៗជាច្រើនក្នុងជីវិតនេះ ដែលពិតជាស្អាតមែន ដែលមានដូចជាផ្ទាំងគំនូរដ៏វិចិត្រ ទេសភាពដ៏ស្រស់ស្អាត និងសម្ភារៈដែលគេបានផលិតដោយដៃជាដើម។ ប៉ុន្តែ ស្នាមញញឹមរបស់ក្មេង ស៊ុតពណ៌ខៀវរបស់សត្វចាបរ៉ូប៊ីន និងសំបកគ្រំសមុទ្រ ក៏ស្រស់ស្អាតផងដែរ។ ដើម្បីជួយសម្រាលបន្ទុកនៃជីវិតនេះ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើឲ្យល្អ តាមរដូវកាល(សាស្តា ៣:១១)។ ក្នុងភាពស្រស់ស្អាតនោះ អ្នកប្រាជ្ញព្រះគម្ពីរបានពន្យល់ថា យើងអាចមើលឃើញភាពល្អឥតខ្ចោះនៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលរាប់បញ្ចូលទាំងសិរីល្អនៃព្រះរាជដ៏ឥតខ្ចោះរបស់ទ្រង់ ដែលត្រូវមកដល់។
យើងគ្រាន់តែអាចនឹកស្រមៃអំពីភាពល្អឥតខ្ចោះនោះប៉ុណ្ណោះ ដូចនេះ ព្រះជាម្ចាស់បានប្រទានឲ្យយើងស្គាល់ភាពល្អឥតខ្ចោះនោះជាមុន តាមរយៈសម្រស់នៃអ្វីៗដែលយើងអាចឃើញក្នុងជីវិតនេះ។ ទ្រង់ក៏បានធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ(ខ.១១)។ ថ្ងៃខ្លះ ជីវិតយើងហាក់ដូចជាអាប់អួរ ហើយមិនបង្កើតផលផ្លែអ្វីសោះ។ ប៉ុន្តែ ដោយសេចក្តីមេត្តារបស់ព្រះជាម្ចាស់ នោះទ្រង់បានប្រទាននូវភាពស្រស់ស្អាត សម្រាប់ឲ្យយើងជញ្ជឹងគិត។
លោកជើរ៉ាត ឃើទីស ដេឡាណូ(Gerard Curtis Delano) ដែលជាវិចិត្រករនៃផ្ទាំងគំនូរដែលខ្ញុំបានស្ងើចសរសើរនេះ ក៏បានយល់អំពីរឿងនេះផងដែរ។ ព្រោះគាត់ធ្លាប់និយាយថា ព្រះជាម្ចាស់បានប្រទានឲ្យគាត់មានអំណោយទាន ដើម្បីបង្កើតរបស់ដែលមានសម្រស់ ហើយនេះជាអ្វីដែលទ្រង់ចង់ឲ្យគាត់ធ្វើ។
ពេលដែលយើងបានឃើញសម្រស់ដូចនេះហើយ តើយើងអាចឆ្លើយតបយ៉ាងដូចម្តេច? យើងអាចអរព្រះគុណព្រះជាម្ចាស់ សម្រាប់ភាពអស់កល្បជានិច្ច ដែលនឹងត្រូវមក ខណៈពេលដែលយើងឈប់បង្អង់សិន ដើម្បីអរសប្បាយនឹងសម្រស់ ដែលយើងបានឃើញ។—PATRICIA RAYBON