មុនពេលនាងម៉ារានៃស្រុកអេស៊ីព្ទ ដើរតាមដាននៃលោកយ៉ូហាន បាទីស្ទ ដោយរស់នៅក្នុងវាលរហោស្ថានដូចគាត់ដែរ(ឆ្នាំ ៣៤៤-៤២១ មុនគ្រីស្ទសករាជ) នាងក៏បានប្រើយុវភាពរបស់នាង ដើម្បីដេញតាមការសប្បាយ និងទាក់ទាញប្រុសៗឲ្យធ្វើអំពើអសីលធម៌ជាមួយគាត់។ ពេលដែលអាជីពដ៏កខ្វក់របស់នាងឈានដល់កំរិតដ៏ខ្ពស់ នាងក៏បានធ្វើដំណើរទៅទីក្រុងយេរូសាឡិម ក្នុងគោលបំណងដើម្បីបង្ខូចអ្នកដំណើរទាំងឡាយ ដែលស្វែងរកជីវិតខាងវិញ្ញាណនៅទីនោះ។ ផ្ទុយទៅវិញ នាងក៏បានទទួលការប៉ះពាល់ចិត្ត ឲ្យទទួលស្គាល់អំពើបាបរបស់នាង ហើយនាងក៏បានរស់នៅក្នុងជីវិតដែលផ្លាស់ប្រែ និងនៅដាច់ពីគេ ក្នុងវាលរហោស្ថាន។ ការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់នាងម៉ារា បានបង្ហាញអំពីទំហំនៃព្រះគុណរបស់ព្រះ និងអំណាចនៃឈើឆ្កាងដែលស្អាងជីវិតមនុស្សឡើងវិញ។
សាវ័កពេត្រុសបានបដិសេធព្រះយេស៊ូវបីដង។ តែប៉ុន្មានម៉ោង មុនពេលគាត់បដិសេធព្រះយេស៊ូវ លោកពេត្រុសបានប្រកាស់ថា គាត់ស្ម័គ្រចិត្តស្លាប់ ដើម្បីព្រះយេស៊ូវ(លូកា ២២:៣៣) ដូចនេះ ពេលគាត់ដឹងថា គាត់មិនអាចធ្វើតាមការសន្យានេះ គាត់មានការសោកស្តាយយ៉ាងខ្លាំង(ខ.៦១-៦២)។ បន្ទាប់ពីព្រះយេស៊ូវសុគត ហើយមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវក៏បានបង្ហាញព្រះអង្គទ្រង់ ឲ្យលោកពេត្រុស និងពួកសាវ័កដទៃទៀត នៅពេលដែលពួកគេកំពុងនេសាទត្រី។ ព្រះយេស៊ូវក៏បានឲ្យលោកពេត្រុសមានឱកាសប្រកាសបីដងថា គាត់ស្រឡាញ់ទ្រង់ ដែលកាលពីមុនគាត់ក៏បានបដិសេធទ្រង់បីដងផងដែរ(យ៉ូហាន ២១:១-៣)។ បន្ទាប់មក នៅក្នុងការប្រកាសនីមួយៗ ព្រះយេស៊ូវក៏បានបង្គាប់លោកពេត្រុសឲ្យថែទាំពួកជំនុំរបស់ទ្រង់(ខ.១៥-១៧)។ ដោយសារព្រះយេស៊ូវបានបង្ហាញចេញនូវព្រះគុណដ៏អស្ចារ្យនេះ ដល់គាត់ លោកពេត្រុសក៏បានបំពេញតួនាទីជាគន្លឹះ នៅក្នុងការកសាងពួកជំនុំ ហើយក៏បានលះបង់ជីវិតគាត់ថ្វាយព្រះគ្រីស្ទ នៅទីបញ្ចប់។
យើងម្នាក់ៗប្រហែលជាមានប្រវត្តិបរាជ័យ នៅក្នុងជីវិត ឬធ្លាប់ធ្វើបាបទាស់នឹងព្រះ។ តែព្រះគុណរបស់ទ្រង់ តែងតែអនុញ្ញាតឲ្យយើងមានការបញ្ចប់ ដោយជ័យជម្នះ។ ដោយសារព្រះគុណទ្រង់ នោះទ្រង់បានប្រោសលោះ និងកែប្រែជីវិតយើង។—REMI OYEDELE