មាន​ពេល​មួយ លោកខេវិន(Kevin) បាន​ជូត​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​គាត់ ខណៈ​ពេល​ដែល​គាត់​បាន​ដក​ក្រដាស់​មួយ​សន្លឹក​ឲ្យ​ភរិយា​ខ្ញុំ​អាន។ គាត់​ដឹង​ថា ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​កំពុង​តែ​អធិស្ឋាន​ឲ្យ​កូន​ស្រី​របស់​យើង វិល​ត្រឡប់​មក​រក​ព្រះយេស៊ូវ​វិញ។ គាត់​ប្រាប់​យើង​ថា គាត់​បាន​រក​ឃើញ​សំបុត្រ​នេះ នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​ម្តាយ​គាត់ បន្ទាប់​ពី​ម្តាយ​គាត់​លា​ចាក​លោក ហើយ​គាត់​សង្ឃឹម​ថា សំបុត្រ​នេះ​នឹង​បាន​លើក​ទឹក​ចិត្ត​យើង។ ក្នុង​សំបុត្រ​នោះ យើង​បាន​ឃើញ​ពាក្យ​នៅ​ខាង​លើ ដែល​ម្តាយ​គាត់​បាន​សរសេរ​ថា “ជូន​ចំពោះ​កូន ខេវិន”។ នៅ​ខាង​ក្រោម​ពាក្យ​នេះ​​ ម្តាយ​គាត់​បានសរសេរ​សេចក្តី​អធិស្ឋាន សូម​ឲ្យ​គាត់​ទទួល​សេចក្តី​សង្រ្គោះ។

លោក​ខេវិន​ក៏​បាន​ពន្យល់​ថា គាត់​ដាក់​សំបុត្រ​នោះ​ជាប់​ខ្លួន ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​គាត់ នៅ​ថ្ងៃ​នោះ។ ម្តាយ​គាត់​បាន​អធិស្ឋាន​ឲ្យ​គាត់​ជាង​៣៥​ឆ្នាំ។ គាត់​បាន​វង្វេង​ចេញ​ពី​ព្រះ ហើយ​ក្រោយ​មក គាត់​ក៏​បាន​វិល​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ។ គាត់​បាន​មើល​មក​យើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ញញឹម ទាំង​ទឹក​ភ្នែក។ រួច​គាត់​ប្រាប់​យើង កុំ​ឲ្យឈប់​អធិស្ឋាន​ឲ្យ​កូន​ស្រី​របស់​យើង​ឡើយ ទោះ​ជា​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ក្តី។

ពាក្យ​លើក​ទឹក​ចិត្ត​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត អំពី​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ អំពី​ការ​អធិស្ឋាន ដូច​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​លូកា​ថា “នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ”(លូកា ១៨:១)។

ក្នុង​រឿង​នោះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី “ចៅ​ក្រុម​ទុច្ចរិត”(ខ.៦) ដែល​បាន​ឆ្លើយ​តប​ចំពោះ​ការ​អង្វរក​របស់​ស្រ្តីម្នាក់ ដោយសារ​គាត់​មិន​ចង់​ឲ្យ​នាង​រំខាន​គាត់​ទៀត។ ហើយ​ទ្រង់​ក៏​បាន​និយាយ​អំពី​ភាព​ខុស​គ្នាង​រវាង​ចៅ​ក្រុម​នោះ និង​ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​យ៉ាង​ខ្លាំង ហើយ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ចូល​មក​រក​ទ្រង់។ យើង​នឹង​មាន​ចិត្ត​ចង់​អធិស្ឋាន ពេល​ណា​យើង​ដឹង​ថា ព្រះ​ជា​ម្ចាស់​ស្តាប់​យើង ហើយស្វាគមន៍​ការ​អធិស្ឋាន​របស់​យើង​ជា​និច្ច។—JAMES BANKS