មានពេលមួយ លោកខេវិន(Kevin) បានជូតទឹកភ្នែកចេញពីភ្នែករបស់គាត់ ខណៈពេលដែលគាត់បានដកក្រដាស់មួយសន្លឹកឲ្យភរិយាខ្ញុំអាន។ គាត់ដឹងថា ខ្ញុំនិងភរិយារបស់ខ្ញុំកំពុងតែអធិស្ឋានឲ្យកូនស្រីរបស់យើង វិលត្រឡប់មករកព្រះយេស៊ូវវិញ។ គាត់ប្រាប់យើងថា គាត់បានរកឃើញសំបុត្រនេះ នៅក្នុងព្រះគម្ពីររបស់ម្តាយគាត់ បន្ទាប់ពីម្តាយគាត់លាចាកលោក ហើយគាត់សង្ឃឹមថា សំបុត្រនេះនឹងបានលើកទឹកចិត្តយើង។ ក្នុងសំបុត្រនោះ យើងបានឃើញពាក្យនៅខាងលើ ដែលម្តាយគាត់បានសរសេរថា “ជូនចំពោះកូន ខេវិន”។ នៅខាងក្រោមពាក្យនេះ ម្តាយគាត់បានសរសេរសេចក្តីអធិស្ឋាន សូមឲ្យគាត់ទទួលសេចក្តីសង្រ្គោះ។
លោកខេវិនក៏បានពន្យល់ថា គាត់ដាក់សំបុត្រនោះជាប់ខ្លួន ក្នុងការសិក្សាព្រះគម្ពីររបស់គាត់ នៅថ្ងៃនោះ។ ម្តាយគាត់បានអធិស្ឋានឲ្យគាត់ជាង៣៥ឆ្នាំ។ គាត់បានវង្វេងចេញពីព្រះ ហើយក្រោយមក គាត់ក៏បានវិលត្រឡប់មករកព្រះអង្គវិញ។ គាត់បានមើលមកយើងយ៉ាងយកចិត្តទុកដាក់ ហើយញញឹម ទាំងទឹកភ្នែក។ រួចគាត់ប្រាប់យើង កុំឲ្យឈប់អធិស្ឋានឲ្យកូនស្រីរបស់យើងឡើយ ទោះជាត្រូវចំណាយពេលយូរប៉ុណ្ណាក្តី។
ពាក្យលើកទឹកចិត្តរបស់គាត់ បានធ្វើឲ្យខ្ញុំគិត អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ អំពីការអធិស្ឋាន ដូចដែលមានចែងក្នុងកណ្ឌគម្ពីរលូកាថា “នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលជាពាក្យប្រៀបប្រដូចទៅគេ ដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ”(លូកា ១៨:១)។
ក្នុងរឿងនោះ ព្រះយេស៊ូវបានមានបន្ទូលអំពី “ចៅក្រុមទុច្ចរិត”(ខ.៦) ដែលបានឆ្លើយតបចំពោះការអង្វរករបស់ស្រ្តីម្នាក់ ដោយសារគាត់មិនចង់ឲ្យនាងរំខានគាត់ទៀត។ ហើយទ្រង់ក៏បាននិយាយអំពីភាពខុសគ្នាងរវាងចៅក្រុមនោះ និងព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ដែលបានយកព្រះទ័យទុកដាក់ចំពោះយើងយ៉ាងខ្លាំង ហើយសព្វព្រះទ័យឲ្យយើងចូលមករកទ្រង់។ យើងនឹងមានចិត្តចង់អធិស្ឋាន ពេលណាយើងដឹងថា ព្រះជាម្ចាស់ស្តាប់យើង ហើយស្វាគមន៍ការអធិស្ឋានរបស់យើងជានិច្ច។—JAMES BANKS