ខណៈពេលដែលយើងកំពុងមើលកូនស្រីរបស់យើងប្រកួតកីឡាបាល់បោះ ពីកន្លែងអង្គុយទស្សនា ខ្ញុំបានឮគ្រូបង្វិកស្រែកប្រាប់ក្មេងស្រីដែលកំពុងប្រកួតនោះ ឲ្យផ្លាស់ប្តូរយុទ្ធសាស្រ្ត។ ភ្លាមៗនោះ យុទ្ធសាស្រ្តការពាររបស់ពួកគេបានផ្លាស់ប្តូរ ពីម្នាក់ទល់នឹងម្នាក់ ទៅជាពីរនាក់រួមកម្លាំងគ្នាតទល់នឹងកីឡាករដែលខ្ពស់ជាងគេរបស់គូរប្រកួត ដែលកំពុងកាន់បាល់។ ពួកគេមានជោគជ័យនៅក្នុងការរារាំងអ្នកនោះមិនឲ្យបោះបាល់បញ្ចូលកន្រ្តក ហើយទីបំផុត ពួកគេក៏បានដណ្តើមបានបាល់នោះ។
ស្តេចសាឡូម៉ូន ដែលជាអ្នកនិពន្ធនៃកណ្ឌសាស្តា បានព្យាយាមតយុទ្ធនឹងការលំបាក និងភាពនឿយណាយ ក្នុងលោកិយនេះ ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានទទួលស្គាល់ថា ការមានគ្នាពីរនាក់ នៅក្នុងការងាររបស់យើង អាចនាំមកនូវ “លទ្ធផលល្អ”(សាស្តា ៤:៩)។ បើមានខ្មាំងណាមក ដែលមានកំឡាំងជាង នោះ២នាក់នឹងអាចទប់ទល់បាន(ខ.១២)។ មិត្តភក្តិដែលនៅក្បែរយើង អាចជួយយើង ពេលដែលយើងដួលចុះ(ខ.១០)។
បន្ទូលរបស់ស្តេចសាឡូម៉ូនបានលើកទឹកចិត្តយើង ឲ្យមានអ្នករួមដំណើរ ក្នុងដំណើរជីវិតរបស់យើង ដើម្បីកុំឲ្យយើងប្រឈមមុខនឹងទុក្ខលំបាកនៃជីវិតតែម្នាក់ឯងឡើយ។ សម្រាប់អ្នកខ្លះ ការរួមដំណើរនេះតម្រូវឲ្យមានការប្រថុយនឹងគ្រោះថ្នាក់ ក្នុងកំរិតមួយ ដែលមិនធ្លាប់ជួប ឬធ្វើឲ្យមានអារម្មណ៍មិនល្អ។ អ្នកខ្លះទៀត ស្រែកឃ្លានភាពស្និទ្ធស្នាលប្រភេទនេះ ហើយបានព្យាយាមស្វែងរកមិត្តភក្តិ ដើម្បីចែករំលែក។ ទោះជាយ៉ាងណាក៏ដោយ យើងមិនត្រូវបោះបង់ចោលការតស៊ូឡើយ។
ស្តេចសាឡូម៉ូន និងគ្រូបង្វិកកីឡាបាល់បោះនោះបានយល់ស្របថា ការមានមិត្តសំឡាញ់រួមកម្លាំងជាមួយយើង គឺជាយុទ្ធសាស្រ្តល្អបំផុត ដើម្បីប្រឈមមុខនឹងទុក្ខលំបាក ក្នុងជីវិត។ ឱព្រះអម្ចាស់ សូមអរព្រះគុណព្រះអង្គ សម្រាប់មនុស្សដែលទ្រង់បានដាក់ក្នុងជីវិតយើងខ្ញុំ ដើម្បីលើកទឹកចិត្ត និងគាំទ្រយើងខ្ញុំ។—KIRSTEN HOLMBERG