នៅ​ទីក្រុង​បូស្តុន រដ្ឋ​ម៉ាសាឈូសេត មាន​ផ្លាក​មួយ​ដែល​មាន​ចំណង​ជើង​ថា “ការ​ឆ្លង​កាត់​ចាន​គោម​នៃ​ទឹក​ភ្នែក”។ ផ្លាក​នេះ​បាន​រំឭក អំពី​អ្នក​ដែល​ហ៊ាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់​ទិច ដើម្បី​គេច​ចេញ​ពី​ការ​ស្លាប់ ក្នុង​អំឡុង​ពេល​នៃ​គ្រោះ​អត់​ឃ្លាន​ផ្លែ​ដំឡូង​បារាំង​នៅ​ប្រទេស​អៀរ​ឡង់ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៨៤០។ មាន​មនុស្ស​ជាងមួយ​លាន​នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ធម្មជាតិ​នោះ ខណៈ​ពេល​ដែល​មនុស្ស​ជាង​មួយ​លាន​ទៀត បាន​បោះ​បង់ចោល​ផ្ទះ​សំបែង ដើម្បី​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់​ទិច ទៅ​សហរដ្ឋ​អាមេរិក។ លោក​ចន បូយល អូ រេលី(John Boyle O’Reilly) បាន​ហៅ​រឿង​នេះ​ថា “ចាន​គោម​នៃ​ទឹក​ភ្នែក”។ ដោយសារ​អ្នក​ដំណើរ​ទាំង​នោះ​មាន​ការ​ស្រេក​ឃ្លាន និង​ការ​ឈឺ​ចាប់ ពួក​គេ​បាន​ស្វែង​រក​ក្តី​សង្ឃឹម ក្នុង​អំឡុង​ពេល​ដ៏​អស់​សង្ឃឹម។​

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៥៥ ស្តេច​ដាវីឌ​បាន​រៀប​រាប់​អំពី​របៀប​ដែល​ទ្រង់​ដេញ​តាម​ក្តី​សង្ឃឹម។ យើង​មិន​ដឹង​ថា កាល​នោះ ទ្រង់​កំពុង​តែ​ជួប​ការ​គំរាម​កំហែង​អ្វី​ឡើយ តែ​ទម្ងន់​នៃ​ទុក្ខ​លំបាក​របស់​ទ្រង់ គឺ​ល្មម​នឹង​ធ្វើ​ឲ្យ​ទ្រង់​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​(ខ.៤-៥)។ ពេល​នោះ ទ្រង់​ក៏​បាន​អធិ​ស្ឋាន សូម​ជំនួយ​ពី​ព្រះ​ជា​ម្ចាស់ បាន​ជា​ទ្រង់​ពោល​ថា “ឱ​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប​ទៅ​រ៉ា នោះ​អញ​នឹង​ហើរ​ចេញ​ទៅ ឲ្យ​បាន​សេចក្តី​សុខ”(ខ.៦)។

យើង​ក៏​ប្រហែល​ជា​ចង់​រត់​គេច​ទៅ​រក​កន្លែង​មាន​សុវត្ថិ​ភាព ក្នុង​ពេល​ដ៏​ឈឺ​ចាប់ ដូច​ស្តេច​ដាវីឌ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ទ្រង់​បាន​ពិចារណា​អំពី​ទុក្ខ​លំបាក​របស់​ទ្រង់​ហើយ ទ្រង់​ក៏​បាន​សម្រេច​ព្រះ​ទ័យ​រត់​ទៅ​រក​ព្រះរបស់​ទ្រង់ ជា​ជាង​រត់​គេច​ពី​ការ​ឈឺ​ចាប់​ គឺ​ដូច​ដែល​ទ្រង់​បាន​បន្លឺ​សម្លេង​ច្រៀង​ថា “ចំណែក​ខ្ញុំ​នឹង​អំពាវនាវ​ដល់​ព្រះ ហើយ​ព្រះយេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ខ្ញុំ”(ខ.១៦)។

ពេល​ដែល​បញ្ហា​ចូល​មក​ដល់ សូម​ចាំ​ថា​ព្រះ​នៃ​ការ​កម្សាន្ត​ចិត្ត​គ្រប់​យ៉ាង ទ្រង់​អាច​នាំ​អ្នក​ឆ្លង​កាត់​ពេល​ដ៏​ងងឹត និង​ការ​ភ័យ​ខ្លាច​ដែល​ជ្រៅ​បំផុត​របស់​អ្នក។​ ទ្រង់​បាន​សន្យា​ថា ថ្ងៃ​ណា​មួយ ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​យើង​ឲ្យ​អស់(វិវរណៈ ២១:៤)។ ការ​ធានា​នេះ​នឹង​ជួយ​ឲ្យ​យើង​កាន់​តែ​មាន​ភាព​រឹង​មាំ បាន​ជា​យើង​អាច​ទុក​ចិត្ត​ថា ទ្រង់​នឹង​ជូត​ទឹក​ភ្នែកយើង​ក្នុង​ពេល​ឥឡូវ​នេះ​ផង​ដែរ។—BILL CROWDER